ផ្ទុយទៅវិញ មន្ត្រីនៃសេតវិមានសហរដ្ឋអាមេរិក អះអាងថា ក្នុងជំនួបនោះ លោក បារ៉ាក់ អូបាម៉ា ក៏បានស្នើបញ្ហាមួយចំនួនដែលកម្ពុជា ត្រូវផ្លាស់ប្ដូរទាក់ទិននឹងរឿងពុករលួយនេះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រទេសកម្ពុជា នឹងក្លាយជាដៃគូដែលមានឆន្ទៈមួយសម្រាប់សហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលកម្ពុជា បង្កើនជាអាទិភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ការពង្រឹងនីតិរដ្ឋ និងការការពារសិទ្ធិប្រជាពលរដ្ឋ ដោយរួមទាំងអ្នកដែលងាយរងគ្រោះផង។ នេះបើតាមការអះអាងរបស់មន្ត្រីសេតវិមានពីជំនួបទ្វេភាគីរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា នៅភ្នំពេញ។
ព័ត៌មាននេះត្រូវបង្ហើបអោយដឹងតាមរយៈអត្ថបទដែលបង្ហោះនៅលើគេហទំព័រ (Website) របស់សេតវិមាន នៅថ្ងៃទី២៦ ខែវិច្ឆិកា របស់ទីប្រឹក្សា និងជំនួយការប្រធានាធិបតី ទទួលបន្ទុកកិច្ចការអន្តររដ្ឋាភិបាល និងទំនាក់ទំនងសាធារណៈ អ្នកស្រី វ៉ាលឺរី ចារិត (Valerie Jarret) និងជំនួយការពិសេសប្រធានាធិបតី ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី សាមាន្ថា ផៅវើ (Samantha Power)។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន បានទេនៅល្ងាចថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ដោយលោកជាប់រវល់។
ទោះជាយ៉ាងណា លោក ប្រាក់ សុខុន បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយពីជំនួបរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ថា លោក អូបាម៉ា ពុំបានលើកពីបញ្ហាពុករលួយដែលលោក អូបាម៉ា បានលើកទៅកាន់លោក ហ៊ុន សែន ឡើយ។ លោក ប្រាក់ សុខុន បានលើកឡើងដែរថា រាល់ការលើកឡើងរបស់លោក អូបាម៉ា គឺគ្រាន់តែជាការបញ្ជាក់ ពុំមែនជាការស្នើឡើងដើម្បីអោយមានការកែប្រែអ្វីឡើយ។ លោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឆ្លើយបំភ្លឺរួចរាល់ដែរថា រាល់ការលើកឡើងនោះគ្រាន់តែជាការបំប៉ោងស្ថានភាពនៅកម្ពុជា ពុំមែនជាការពិត ក្នុងនោះរួមទាំងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផង។
អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ការបង្ហើបព័ត៌មានរបស់មន្ត្រីសេតវិមាន គឺបង្ហាញថា ស្ថានភាពនៅកម្ពុជា បានឈានដល់ចំណុចទុំជោរ ដែលត្រូវអោយមានការកែប្រែ។ លោក កែម ឡី បន្តថា ភាពស្អាតស្អំគ្មានអំពើពុករលួយ និងតម្លាភាព គឺជាការទាមទាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះដៃគូពាណិជ្ជកម្មរបស់ខ្លួន។
ទាក់ទិននឹងអំពើពុករលួយនៅកម្ពុជា អង្គការតម្លាភាពអន្តរជាតិ (Transparency International) កាលពីឆ្នាំ២០១១ វាយតម្លៃថា ជាប្រទេសមានចំណាត់ថ្នាក់អាក្រក់ក្នុងរឿងពុករលួយ ដោយស្ថិតនៅលំដាប់លេខរៀងទី១៦៤ ក្នុងចំណោមប្រទេស១៨៣ នៅទូទាំងពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។