កងទ័ពអាមេរិក បានធ្វើការជាមួយមិត្តភ័ក្ដិ ជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់ខ្លួន អស់រយៈពេល ៧០ឆ្នាំកន្លងទៅ។ ពួកគេបានប្រយុទ្ធ និងបានពលីនៅក្នុងសង្គ្រាមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែគោលដៅសំខាន់ គឺការរក្សាសន្តិភាព និងភាពចម្រុងចម្រើនក្នុងតំបន់។
ការបញ្ជាក់គោលជំហរនេះ គឺបានធ្វើឡើងក្រោយពីមានជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការពារជាតិប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅខេត្តសៀមរាប។
លោក ឡេអន បេណាតា (Leon Benatta) ជារដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ប្រកាសថា បញ្ហាសំខាន់ គឺការជំរុញឲ្យមានកំណើនសេដ្ឋកិច្ច មានអភិបាលកិច្ចល្អ និងធ្វើឲ្យមនុស្សរាប់លាននាក់ចាកចេញពីភាពក្រីក្រ ដើម្បីបង្កើតអនាគតសម្រាប់មនុស្សជំនាន់ក្រោយ ទៀត៖ «យើងបានជំរុញឲ្យមានលក្ខណៈឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងយោធារវាងសម្ព័ន្ធមិត្ត ហើយនិងដៃគូនៅក្នុងតំបន់ ដើម្បីធ្វើយ៉ាងណាធានាឲ្យមានស្ថិរភាព និងភាពចម្រុងចម្រើននៅក្នុងតំបន់ នៅពេលអនាគត។ ការបង្កើតកម្លាំងយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះ មិនមែនជាផ្នែកតែមួយនៃការដែលសហរដ្ឋអាមេរិក បានកែប្រែតុល្យភាពមកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នោះទេ ប៉ុន្តែយើងក៏បានពង្រឹងផ្នែកការទូត ផ្នែកសេដ្ឋកិច្ច ផ្នែកវប្បធម៌ នៅក្នុងប្រទេសនានានៅក្នុងតំបន់នេះផងដែរ»។
លោក ឡេអន បេណាតា បានបន្តថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នឹងធ្វើការពិភាក្សាលើចំណុចទាំងអស់នេះ នៅពេលដែលលោកបានមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ លោកបញ្ជាក់បន្ថែមថា សារសំខាន់នៃតួនាទីអាស៊ាន គឺជាអ្នកនៅកណ្ដាលសម្រាប់ការថែរក្សាស្ថិរភាពនៅក្នុងតំបន់។ សហរដ្ឋអាមេរិក បានចូលរួម និងជំរុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិទាំងឡាយ ដែលអាស៊ានកំពុងតែដឹកនាំ ក្នុងនោះមាន ប្រតិបត្តិការមនុស្សធម៌ ប្រតិបត្តិការសង្គ្រោះនៅក្នុងករណីមានគ្រោះមហន្តរាយ បញ្ហាសន្តិសុខសមុទ្រ បញ្ហាហាមឃាត់ការសាយភាយអាវុធ និងប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម។
លោក ឡេអន បេណាតា៖ «អាមេរិកគាំទ្រ និងការពារនូវការគោរពសិទ្ធិមនុស្ស ការគ្រប់គ្រងរបស់ស៊ីវិល និងយោធា អំពីនីតិរដ្ឋ និងការចូលរួមដោយសេរី ដោយយុត្តិធម៌របស់ប្រជាជននៅក្នុងប្រព័ន្ធនយោបាយរបស់ប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ»។
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ជំហររបស់សហរដ្ឋអាមេរិក ចង់ឲ្យមានសុខសន្តិភាពនៅក្នុងតំបន់។
ក្រសួងការពារជាតិអាមេរិក បានប្រកាសថា អាមេរិក នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអាស៊ាន ហើយដើម្បីពង្រឹងនូវទំនាក់ទំនងនេះ អាមេរិក នឹងបង្កើនចំនួនសមយុទ្ធ ទាំងចំនួន និងទំហំសមយុទ្ធ ជាមួយនឹងដៃគូនៅក្នុងតំបន់ប្រទេសអាស៊ីអាគ្នេយ៍។ អាមេរិក គាំទ្រចំពោះសហប្រតិបត្តិការទាំងឡាយណាធ្វើឲ្យមានចេញជាសកម្មភាពនៅក្នុងក្របខណ្ឌ ADMM Plus។ ក្នុងនោះ សហរដ្ឋអាមេរិក នឹងចូលរួមសមយុទ្ធចំនួនបីជាសំខាន់។
សមយុទ្ធទី១ ផ្ដោតទៅលើប្រតិបត្តិការមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនៅប្រទេសប្រ៊ុយណេ នាឆ្នាំ២០១៣។ សមយុទ្ធផ្នែកប្រឆាំងភេរវកម្មដែលប្រទេសឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក ធ្វើជាសហប្រធាន និងសមយុទ្ធស្ដីពីសន្តិសុខសមុទ្រ នៅប្រទេសម៉ាឡេស៊ី។ សហរដ្ឋអាមេរិក គាំទ្រកិច្ចខំប្រឹងប្រែងទាំងឡាយណាដែលនាំមកដោយអាស៊ាន ហើយដែលក្នុងនោះ សហរដ្ឋអាមេរិក ចាត់ទុកប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ានទាំងមូល គឺជាគ្រួសារជាធម្មតា។ សហរដ្ឋអាមេរិក នៅតែប្ដេជ្ញាធ្វើការរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
