ស្ថានទូត​អាមេរិក​រៀបចំ​កិច្ច​ពិភាក្សា​លើ​បរិយាកាស​នៃ​ការ​ធ្វើ​វិនិយោគ​នៅ​កម្ពុជា

តំណាង​ពិសេស​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ច​ការងារ​ជំនួញ និង​ពាណិជ្ជកម្ម អ្នកស្រី ឡរ៉េន ហារីតុន (Lorraine Hariton) បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី១៧ ខែ​មករា។

0:00 / 0:00

ដំណើរ​ទស្សនកិច្ច​នេះ ផ្ដោត​លើ​បរិយាកាស​នៃ​ការ​ធ្វើ​វិនិយោគ និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា ហើយ​ស្រប​ពេល​គ្នា​នេះ​ដែរ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា បាន​រៀបចំ​ឲ្យ​មាន​កិច្ច​ពិភាក្សា​តុ​មូល​មួយ រវាង​អ្នក​កាសែត​នៅ​កម្ពុជា ជាមួយ​អ្នកស្រី ឡរ៉េន ហារីតុន ពាក់ព័ន្ធ​នឹង​បរិយាកាស​នៃ​ការ​វិនិយោគ​នេះ។

អ្នកស្រី ឡរ៉េន ហារីតុន នៅ​ថ្ងៃ​ទី១៧ ខែ​មករា បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​ទាក់​ទាញ​វិនិយោគទុន​ពី​បរទេស ដែល​មាន​កម្រិត​ស្តង់ដារ​ខ្ពស់​ដូច​ជា​សហរដ្ឋ​អាមេរិក ជាដើម។

ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ មាន​ដូច​ជា ផ្លូវ​ថ្នល់ តម្លៃ​ចរន្ត​អគ្គិសនី​ថោក​សមរម្យ និង​កំពង់​ផែ​ងាយ​ចេញ​ចូល​ជាដើម បញ្ហា​ជំនាញ​វិជ្ជាជីវៈ​ការងារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ការ​អប់រំ និង​បង្កើន​សមត្ថភាព​ជំនាញ​ការងារ។ អ្នកស្រី​បញ្ជាក់​ថា កត្តា​ទាំង​នេះ​នឹង​នាំ​ឲ្យ​អ្នក​វិនិយោគទុន​អាមេរិកាំង​ធ្វើ​ការ​សម្រេច​ចិត្ត​មក​វិនិយោគទុន​នៅ​កម្ពុជា។

បញ្ហា​សំខាន់​មួយ​ទៀត​នោះ គឺ​ថា​កម្ពុជា ត្រូវ​តែ​ព្យាយាម​បង្ហាញ​ទៅ​ពិភពលោក​បាន​ស្គាល់​កម្ពុជា ឲ្យ​បាន​ច្បាស់​លាស់​អំពី​ក្នុង​វិស័យ​ឯកជន វិស័យ​ពាណិជ្ជកម្ម ដូច​ប្រទេស​ថៃ និង​វៀតណាម ដែល​ជា​ប្រទេស​ធំ​ជាង​កម្ពុជា។ នៅ​ពេល​ណា​គេ​បាន​មក​កម្ពុជា នៅ​ពេល​នោះ​គេ​ស្រឡាញ់​កម្ពុជា មិន​ខាន​ឡើយ។

អ្នកស្រី ឡរ៉េន ហារីតុន បាន​មាន​ប្រសាសន៍​ថា យើង​មិន​ចង់​ឃើញ​ក្រុមហ៊ុន​អាមេរិកាំង មក​វិនិយោគទុន​បាន​ត្រឹម​តែ​ផ្តល់​ការងារ​ប៉ុណ្ណោះ​ទេ គឺ​យើង​ចង់​ឃើញ​ក្រុមហ៊ុន​មក​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដែរ ដើម្បី​ឲ្យ​ក្លាយ​ជា​ដៃគូ​ល្អ ស្រប​តាម​ការ​ប្រែប្រួល​នៅ​លើ​ពិភពលោក។

អ្នកស្រី ឡរ៉េន ហារីតុន៖ «យើង​ត្រូវ​តែ​ធ្វើ​ការងារ​ទីផ្សារ​ឲ្យ​បាន​ល្អ​នៅ​កម្ពុជា ជាពិសេស​ចំពោះ​សហរដ្ឋ​អាមេរិក។ មាន​ការ​ស្រមៃ​ឃើញ​កម្ពុជា កាល​ពី​ជាង ២០​ឆ្នាំ​មុន ដែល​មិន​មែន​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ។ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា លោក វីល្លៀម ថត (William E.Todd) ថា​យើង​ត្រូវ​តែ​ផ្តល់​ព័ត៌មាន និង​អប់រំ​អ្នក​វិនិយោគទុន​អាមេរិក​អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា នៅ​គ្រា​ដែល​មាន​ក្រុមហ៊ុន​អាមេរិកាំង​មួយ​ចំនួន​នៅ​កម្ពុជា ស្រាប់»

ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា លោក ច័ន្ទ សុផល បាន​មាន​ប្រសាសន៍​ថា លោក​យល់​ស្រប​តាម​ទស្សនៈ​នេះ៖ «គេ​មិន​ទាន់​សូវ​ស្គាល់​ប្រទេស​កម្ពុជា យើង ដែល​បាន​វិវឌ្ឍន៍​ក្នុង​រយៈពេល ១០ ឬ​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ជាង​ដែល​គេ​ស្គាល់​តាម​រយៈ​របប​ប្រល័យ​ពូជ​សាសន៍»

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា កម្ពុជា កំពុង​តែ​ប្រឹង​ប្រែង​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រសើរ​ជាង​មុន។ កន្លង​មក គេ​តែង​តែ​ស្គាល់​កម្ពុជា តាម​រយៈ​សារព័ត៌មាន​អំពី​បញ្ហា​អវិជ្ជមាន ប៉ុន្តែ​កម្ពុជា នៅ​មាន​ចំណុច​ល្អ​ច្រើន​ទៀត៖ «អាយ.អ៊ឹម.អែស (IMF) និង​វើលបែង (World Bank) ហ្នឹង គឺ​ថា​គេ​ទទួល​ស្គាល់​នៅ​ក្នុង ១០​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា បាន​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច គឺ​កម្ពុជា បាន​រក្សា​អ្វី​ដែល​ជា​ផលិតផល​សរុប គឺ​រវាង​ពី ៦​ចុច​រហូត​ដល់ ៧​ចុច​មួយ ក្នុង​រយៈពេល​ហ្នឹង។ ហើយ​កម្ពុជា បាន​ដើរ​ចេញ​ពី​ប្រទេស​ដែល​មាន​ចំណូល​តិច​បំផុត រហូត​ដល់​គេ​យល់​ឃើញ​ថា កម្ពុជា នឹង​អាច​មាន​សមត្ថភាព​សង​ការ​ប្រាក់ ឬ​ក៏​ទទួល​ប្រាក់​កម្ចី​ទាំង​ឡាយ​ណា​ដែល​ជា​ការ​ប្រាក់​ខ្ពស់ ឬ​គេ​ហៅ​ថា​ខាំមើចសល​ឡូន (Commercial Loans)»

ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទ្វេ​ភាគី​ជាមួយ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​១៩៩៩ កន្លង​ទៅ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ គេ​បាន​កត់​សម្គាល់​ថា មាន​ក្រុមហ៊ុន​អាមេរិកាំង​តិច​តួច​ណាស់​មក​វិនិយោគ​នៅ​កម្ពុជា។

ដោយ​ឡែក ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា ជាមួយ​ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ គឺ​មាន​ចំនួន ២.៥០០​លាន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។