សហរដ្ឋអាមេរិក ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាស៊ាន

តំណាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក លោក រ៉ន ខឺក (Ron Kirk) បាន​មក​ដល់​ប្រទេស​កម្ពុជា ហើយ ដើម្បី​ធ្វើ​កិច្ច​ប្រជុំ​ផ្នែក​ធុរកិច្ច​កំពូល​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម នៃ​បណ្ដា​ប្រទេស​អាស៊ាន។
ដោយ ហង្ស សាវយុត
2012-08-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ដេវីដ អិល ខាដិន ៣០៥
លោក ដេវីដ អិល ខាដិន (David L. Carden) បេសកជន​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​អាស៊ាន ថ្លែង​ក្នុង​ការ​ជួប​ប្រជុំ​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាស៊ាន នា​សណ្ឋាគារ​ឡឺមេរីឌាន (Lemeridien) ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២។
RFA/Hang Savyouth

ដំណើរ​ទស្សនកិច្ច​របស់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​ក្រុម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាស៊ាន កំពុង​ជួប​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៤៤ ដើម្បី​បង្ហាញ​ឱ្យ​ក្រុម​បណ្ដា​ប្រទេស​អាស៊ាន បាន​ឃើញ​ពី​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក ទៅ​លើ​សមាហរណកម្ម និង​ការ​ទាក់​ទង​ផ្នែក​សេដ្ឋកិច្ច​ដ៏​ជ្រាលជ្រៅ។

សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​មហា​អំណាច​ខាង​សេដ្ឋកិច្ច​មួយ នៅ​ក្នុង​ពិភពលោក បាន​បង្ហាញ​ឱ្យ​ដឹង​ថា គេ​ចង់​បាន​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច​ដ៏​ជ្រាលជ្រៅ​ជាមួយ​ប្រទេស​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN=អាស៊ាន) ដើម្បី​ជា​គោលដៅ​រួម​របស់​សហរដ្ឋអាមេរិក ស្ដីពី​ទំនាក់​ទំនង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ផង​ដែរ។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​សីហា ប្រតិភូ​របស់​សហរដ្ឋអាមេរិក បាន​ជួប​ប្រជុំ​ជាមួយ​បណ្ដា​ក្រុម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​សមាជិក​អាស៊ាន ចំនួន​១០ នៅ​ឯ​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា។

លោក ដេវីដ អិល ខាដិន (David L. Carden) ជា​បេសកជន​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​អាស៊ាន លោក​បាន​មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក បាន​សម្លឹង​ឃើញ​ប្រទេស​អាស៊ាន​ទាំង​១០ គឺ​ជា​យុទ្ធសាស្ត្រ និង​ជា​ដៃគូ​សេដ្ឋកិច្ច​យ៉ាង​សំខាន់៖ «ប្រទេស​អាស៊ាន​ទាំង​១០ គឺ​ជា​កូន​សោ​សេដ្ឋកិច្ច​ដ៏​សំខាន់ ហើយ​ក៏​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែរ សម្រាប់​សហរដ្ឋអាមេរិក។ ពេល​នេះ យើង​កំពុង​ប្រឹងប្រែង​ធ្វើ​កិច្ច​សហការ​ជាមួយ​គ្នា ដើម្បី​ជួយ​ពង្រឹង​ផ្នែក​ខ្លះ​ដល់​បណ្ដា​ប្រទេស​អាស៊ាន ដូច​ជា​បញ្ហា​សន្តិសុខ​ស្បៀង ឲ្យ​មាន​និរន្តរភាព​ជាដើម»

លោក ដេវីដ អិល ខាដិន បាន​មើល​ឃើញ​ថា ការ​យល់​ដឹង​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ នឹង​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ អាច​ជួយ​ជំរុញ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ឱ្យ​លូតលាស់​បាន រួម​ទាំង​ការ​បម្រើ​សេវា​ផ្នែក​ពាណិជ្ជកម្ម ដោយ​ស្រប​ទៅ​តាម​ការ​រីក​ចម្រើន​របស់​ពិភពលោក​ផង។

ក្រុម​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន បាន​បង្ហាញ​ឱ្យ​ឃើញ​ថា គេ​ត្រូវ​ការ​អ្នក​វិនិយោគ​របស់​សហរដ្ឋអាមេរិក ចូល​មក​បោះ​ទុន​ធ្វើ​ជំនួញ​នៅ​ក្នុង​តំបន់​របស់​គេ។

លោក សុរិន ពិតសុវណ្ណ ជា​អគ្គលេខាធិការ​របស់​សមាគម​អាស៊ាន បាន​មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ណាស់​សម្រាប់​ផលិត​ផល​ថ្មីៗ និង​ធនធាន​ជាច្រើន​ទៀត គឺ​បណ្ដា​ប្រទេស​អាស៊ាន ត្រូវ​ការ​បច្ចេកវិទ្យា​ថ្មីៗ។ លោក​មាន​ប្រសាសន៍​ទៀត​ថា អាស៊ាន​ត្រូវ​ការ​អ្នក​វិនិយោគ​ទុន​របស់​សហរដ្ឋអាមេរិក៖ «ភាព​ជឿន​លឿន​ខាង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ពេល​នេះ បាន​បើក​ចំហ​ឱកាស និង​សក្ដានុពល​សម្រាប់​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក ដោយ​ឆ្លង​កាត់​នូវ​បរិបទ​របស់​អាស៊ាន»

សហរដ្ឋអាមេរិក ដែល​បញ្ជូន​តំណាង​ពាណិជ្ជកម្ម​របស់​ខ្លួន គឺ​លោក រ៉ន ខឺក មក​កាន់​កម្ពុជា​ពេល​នេះ ដើម្បី​ចូល​រួម​ប្រជុំ​ធុរកិច្ច​កំពូល​ជា​លើក​ដំបូង រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន។ កិច្ច​ប្រជុំ​ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​៣០ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា នឹង​ផ្ដល់​ឱកាស​ឱ្យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក និង​អាស៊ាន អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​លើ​ទស្សនៈ ជំរុញ​​នូវ​កំណើន​សេដ្ឋកិច្ច និង​ការ​បញ្ចូល​នូវ​បច្ចេកទេស​ថ្មីៗ ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ធុរកិច្ច​ពាណិជ្ជកម្ម និង​កំណើន​សេដ្ឋកិច្ច​សម្រាប់​ពេល​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Vuth Lee

ពី Lowell, Massachusetts,U.S.A

On July 4, 1776 America claimed its independence from Britain and Democracy was born. Each year on July 4, Americans celebrate that freedom and independence with barbecues, picnics, and family gatherings. Cambodia must follow the United States of America's system to be a prosperous country as U.S.A. To do this, Cambodians can't afford to have Hun Sen as their priminister.

Aug 31, 2012 09:27 AM

មានិត

ពី ភ្នំពេញ

នេះជាពេល ដែលមនុស្សយើងគ្រប់រូបត្រូវតែគិតពីអ្វីៗដែលជាគំនិតអភិវឌ្ឍន៏ និងរីកចំរើនទៅមុខ។ ជំហ៊ានល្អ អាមេរិច + អាស៊ាន

Aug 30, 2012 10:11 PM