ក្នុងពេលថ្មីៗ នេះទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ ហៅជាភាសាអង់គ្លេសថា USAID បានចំណាយថវិការាប់លានដុល្លារសម្រាប់អនុវត្តន៍កម្មវិធីសាកល្បងទប់ស្កាត់សិស្សបោះបង់សាលា ក្នុងខេត្តចំនួនបីក្នុងប្រទេសកម្ពុជា ក្នុងនោះមានដូចជា ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ការបោះបង់សាលារបស់សិស្សានុសិស្ស អាចមានផលវិបាកច្រើនដល់សង្គមមនុស្ស។ រឿងនេះ មិនគ្រាន់តែជាកង្វល់មួយរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាប៉ុណ្ណោះទេ តែមានអង្គការជំនួយអន្តរជាតិយកចិត្តទុកដាក់គិតគូរ និងរួមចំណែកចាត់វិធានការលុបបំបាត់បញ្ហានេះដែរ។
ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា USAID បានចំណាយថវិការាប់លានដុល្លារ សម្រាប់អនុវត្តន៍កម្មវិធីសាកល្បងទប់ស្កាត់សិស្សបោះបង់សាលានៅថ្នាក់អនុវិទ្យាល័យក្នុងខេត្តចំនួនបីក្នុងប្រទេសកម្ពុជា ក្នុងនោះមានដូចជា ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
អ្នកសម្របសម្រួលប្រចាំប្រទេសរបស់គម្រោងកម្មវិធីទប់ស្កាត់ការបោះបង់ចោលសាលានៃអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា ខេប (KAPE) លោក ជា កុសល បានឲ្យដឹងនៅថ្ងៃទី ៨ មិថុនាថា ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID អង្គការ (ខេប) បានចាប់ផ្ដើមអនុវត្តគម្រោងសាកល្បង ១ ឈ្មោះថា គម្រោងទប់ស្កាត់ការបោះបង់ចោលសាលា ដែលគម្រោងជាលើកដំបូងនេះមានរយៈពេលបីឆ្នាំ ចាប់ពីខែតុលា ឆ្នាំ ២០១០ ដល់ខែកញ្ញាឆ្នាំ ២០១៣។
លោក ជា កុសល ថ្លែងថាគម្រោងនេះ មានគោលបំណងកាត់បន្ថយសិស្សបោះបង់សាលាក្នុងកម្រិតអនុវិទ្យាល័យ ចាប់ពីថ្នាក់ទី ៧ ថ្នាក់ទី ៨ និងថ្នាក់ទី ៩ ហើយក៏ដើម្បីផ្ដល់ការណែនាំផ្អែកលើភស្តុតាងនៃបេសកកម្ម USAID និងបណ្ដាប្រទេសនានា នៅក្នុងតំបន់អាស៊ី និងមជ្ឈិមបូព៌ា អំពីការទប់ស្កាត់សិស្សបោះបង់សាលា ដោយចាប់ផ្ដើមសាកល្បងឲ្យមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការបោះបង់សាលា។
ជា កុសល ៖ «ធម្មតាគម្រោងផ្សេងៗ គឺយើងរៀបចំហើយស្រេច។ បានន័យថា យើងដឹងថា យើងត្រូវធ្វើអី។ តែគម្រោងនេះ វាមានលក្ខណៈពិសេស។ មកដល់ឥឡូវយើងអត់ដឹងថា ធ្វើអីនៅឡើយទេ។ ប៉ុន្តែ អ្វីដែលយើងចាប់ផ្ដើមធ្វើដំបូង គឺយើងធ្វើការសិក្សាស្រាវជ្រាវសិន រកឲ្យឃើញថា មូលហេតុចម្បងអ្វីខ្លះ ដែលសិស្សបោះបង់ចោលសាលា»។
លោក ជា កុសល បានថ្លែងបន្តថា ហេតុផលដែលនាំឲ្យមានការជ្រើសយកខេត្តទាំងបីនេះ គឺយោងទៅលើការរបាយការណ៍របស់នាយកដ្ឋានផែនការនៃក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ ២០០៨ ឆ្នាំ ២០០៩ ដែលបានបង្ហាញថា អត្រាសិស្សបោះបង់សាលា ក្នុងខេត្តបន្ទាយមានជ័យ មានច្រើនជាងគេ គឺចំនួនជាង ២៣% ខេត្តពោធិ៍សាត់ ២២% និងខេត្តបាត់ដំបង ២០% ក្នុងចំណោមខេត្តនៅទូទាំងប្រទេស។ លោកថា ផ្អែកតាមការសន្និដ្ឋានជាជំហានដំបូងស្ថានភាពនៃការបោះបង់ចោលសាលា គឺមានកត្តាប្រឈមសំខាន់ៗ ចំនួន ៤ រួមមាន កត្តាផ្ទាល់ខ្លួន គ្រួសារ សាលារៀន និងស្ថានភាពសង្គម។
មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាក្នុងខេត្តចំនួនបី បានសាទរចំពោះគម្រោងសាកល្បងនេះ។
អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ទទួលបន្ទុកមធ្យមសិក្សា លោក វង្ស សុត្តម បានអះអាងថា មន្ត្រីនៅខេត្តរបស់លោក និងចាប់ផ្ដើមធ្វើសកម្មភាពចុះសម្ភាសន៍ជាមួយអាណាព្យាបាលសិស្ស ដែលប្រឈមការបោះបង់ និងសិស្ស ដែលបានបោះបង់ចោលការសិក្សាទៅហើយ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត គឺអ្នកគ្រូលោកគ្រូ នាយកសាលា មន្ត្រីការិយាល័យអប់រំស្រុក និងពលរដ្ឋក្នុងសហគមន៍ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឲ្យពួកគេសម្រេចចិត្តបោះបង់ចោលសាលា។ លោកឲ្យដឹងថា នៅទូទាំងខេត្តនេះ មានសាលាអនុវិទ្យាល័យចំនួន ៤២ កន្លែង។
លោក វង្ស សុត្តម ៖ «ដឹងហើយពីស្ថានភាពបច្ចុប្បន្ន យើងជួបប្រទះការលំបាកខ្លះផ្នែកជីវភាពណាស់ សិស្សចេះតែមានការបោះបង់ខ្លះនៅតាមសាលា។ អ៊ីចឹងហើយជាការព្រួយបារម្ភគម្រោងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំលោកចង់ឲ្យសិស្សរៀនសូត្រទាបបំផុត គឺត្រឹមកម្រិតអប់រំមូលដ្ឋាន ៩ ឆ្នាំដែរ។ ដល់ខ្លះទៅ គ្នាមិនបានទៅដល់ថ្នាក់ហ្នុងណាស់ ជាការមួយគួរឲ្យសោកស្ដាយ»។
ទាក់ទងទៅនិងបញ្ហានេះដែរ លោក ម៉ម សាម អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបាត់ដំបង បានត្រេកអរចំពោះការជ្រើសយកខេត្តនេះ ជាខេត្តគោលដៅក្នុងការសិក្សាពីហេតុផលដែលនាំឲ្យសិស្សានុសិស្សបោះបង់ចោលការសិក្សា ពីព្រោះលោកទទួលស្គាល់ថាមានបញ្ហាជាច្រើនដែលនាំឲ្យសិស្សមិនមករៀន។
លោក ម៉ម សាម ៖ «ភាគច្រើនដែលយើងគិតថា ការបោះបង់ការសិក្សានេះ ស្ថិតលើបញ្ហាភាពក្រីក្រជាបញ្ហាចម្បង ដែលយើងដឹងទាំងអស់គ្នា បញ្ហាក្មេងដែលរៀនអត់ទាន់ ការត្រូវការកម្លាំងពលកម្មកុមារ ដើម្បីចូលរួមជួយគ្រួសារ បញ្ហាចម្បងមួយទៀត ទោះបីក្នុង ១ ឃុំ មានអនុវិទ្យាល័យមួយក្ដី ឃុំខ្លះវាមានទំហំ (បណ្ដោយ) វែង ការធ្វើដំណើររបស់សិស្សទៅសាលារៀន ក៏ជួបបញ្ហាដែរ។ គាត់ត្រូវចំណាយពេលជិតកន្លះម៉ោង ឬក៏ជាង ១ ម៉ោង ទើបគាត់បានមកដល់សាលា»។
ចំណែកឯអនុប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ លោក ចាប សុខម៉េង បានបញ្ជាក់ថា ក្នុងខេត្តនេះ មានស្រុកចំនួន៤ គឺស្រុកមង្គលបុរី ស្រុកស្វាយចេក ស្រុក ព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ដែលជាកន្លែងគោលដៅរបស់គម្រោងសាកល្បងសិស្សបោះបង់សាលា។ លោកសង្កេតឃើញថា កត្តាជីវភាព និងចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ ជាបញ្ហាចម្បងដែលនាំឱ្យសិស្ស នៅខេត្តបន្ទាយមានជ័យបោះបង់ចោលការសិក្សា បើទោះជាមានការជ្រោមជ្រែងពីអង្គការសង្គមស៊ីវិលមួយចំនួនក្ដី។
លោក ចាប សុខម៉េង ៖ «យើងពិបាកដែរអាហ្នឹង រដ្ឋយើងវាមានគោលដៅច្បាស់លាស់ដែរ។ ក្មេងទាំងឡាយនៅតាមភូមិឃុំទាំងអស់ ស្រុកទាំងអស់ ធ្វើម៉េចឲ្យរៀនចប់កម្រិតមូលដ្ឋាន ដោយសារកត្តាជីវភាពរបស់ក្មេងហ្នឹង និងអាណាព្យាបាលរបស់ក្មេងហ្នឹង។ អ៊ីចឹងធ្វើឲ្យក្មេងនោះ មិនអាចបញ្ចប់កម្រិតមូលដ្ឋានបានទេ»។
អ្នកសម្របសម្រួលប្រចាំប្រទេសរបស់គម្រោងកម្មវិធីទប់ស្កាត់ការបោះបង់ចោលសាលានៃអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា ខេប (KAPE) លោក ជា កុសល មានប្រសាសន៍ថា គម្រោងសាកល្បងនេះ គឺជាដំណឹងល្អមួយរបស់ពលរដ្ឋក្នុងខេត្តទាំងបី ក៏ដូចជាខេត្តដទៃទៀត។
លោក ជា កុសល ៖ «សារៈសំខាន់ខ្ញុំគិតថា វាមាន ២ ធំៗ។ ទី១ ទាក់ទងទៅនឹងការផ្ដល់ជំនួយផ្ទាល់ទៅដល់សាលា ដើម្បីធ្វើម៉េចទប់ស្កាត់សិស្សបោះបង់ការសិក្សានៅពេលដែលយើងរកឃើញអំពីបញ្ហា ហើយយើងនិងរៀបចំគម្រោងរបស់យើងឆ្លើយតបបញ្ហាហ្នឹង យើងនឹងធ្វើការជាមួយឪពុកម្ដាយ ជាមួយសាលាផ្ទាល់ ជាផលប្រយោជន៍ផ្ទាល់ទៅដល់សិស្សក៏ សាលា ក៏ដូចជាសហគមន៍។ ទី២ ខ្ញុំគិតថា វាផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់ ដោយសារគម្រោងនេះ គឺជាគម្រោងផ្នែកសិក្សាស្រាវជ្រាវសាកល្បង។ នៅពេលយើងរកឃើញថា តើអន្តរាគមន៍ណា ឬយុទ្ធសាស្ត្រណា ដែលវាហ្នឹងមានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់សិស្សបោះបង់សាលានេះ ពេលនោះយើងនឹងចងក្រងឯកសារ ហើយយើងនឹងចែករំលែកបទពិសោធន៍នេះ នៅទូទាំងប្រទេស»។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលធ្វើការលើកស្ទួយវិស័យអប់រំ បានឲ្យដឹងថា លទ្ធផលនៃការបោះបង់សាលា គឺជាកត្តាបង្កឲ្យមានការកើនឡើងនូវចំនួនយុវជនគ្មានការងារធ្វើ ខ្វះធនធានមនុស្ស និងការមិនបានទទួលការអប់រំ៕