USAID ផ្ដល់​ជំនួយ​ឲ្យ​កម្ពុជា​៣៥​លាន​ដុល្លារ

ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID) គ្រោង​នឹង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​ជាង​៣៥​លាន​ដុល្លារ ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​នៅ​កម្ពុជា។

លោក ឡុង វិសាលោ រដ្ឋ​មន្ត្រី​ស្ដីទី​នៃ​ក្រសួង​ការ​បរទេស និង​លោក ហ្វ្លាន់ ហ្វូល្លើ (Flynn Fuller) នាយក​បេសកកម្ម​របស់​អង្គការ USAID នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​នៃ​ការ​ផ្ដល់​ជំនួយ​ទឹក​ប្រាក់​នេះ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ខាង​មុខ។

ក្នុង​ចំនួន​ទឹក​ប្រាក់​សរុប គឺ​ប្រាក់​ចំនួន ៣៣​លាន ៥​សែន​ដុល្លារ នឹង​ត្រូវ​គេ​ប្រើ​សម្រាប់​ពង្រឹង​វិស័យ​សុខាភិបាល ដូច​ជា​គាំទ្រ​នូវ​សកម្មភាព ដែល​កំពុង​តែ​ដំណើរ​ការ ដើម្បី​កាត់​បន្ថយ​នូវ​អត្រា​ឆ្លង និង​ផល​ប៉ះពាល់​នៃ​ជំងឺ​អេដស៍ ការ​ពារ និង​កម្ចាត់​ជំងឺ​ឆ្លង​ធំៗ ដូច​ជា​ជំងឺ​របេង គាំពារ​សុខភាព​មាតា និង​ទារក និង​ពង្រឹង​ប្រព័ន្ធ​សុខភាព​សាធារណៈ។

ហើយ​ទឹក​ប្រាក់​ចំនួន ១​លាន ៥​សែន​ដុល្លារ​ទៀត នឹង​ប្រើ​នៅ​ក្នុង​កម្មវិធី​ពង្រឹង​វិស័យ​អប់រំ ដើម្បី​វិស័យ​អប់រំ​កាន់​តែ​មាន​គុណភាព​ប្រសើរ​ឡើង ពង្រីក​លទ្ធភាព​កុមារ​ឲ្យ​ចូល​រៀន​បាន​កាន់​តែ​ច្រើន រួម​ទាំង​កុមារ​ជន​ជាតិ​ភាគ​តិច និង​កុមារ​ក្រីក្រ។ ក្នុង​បំណង​កាត់​បន្ថយ​អត្រា​នៃ​ការ​បោះ​បង់​ចោល​សាលា​រៀន និង​បង្កើន​គុណភាព​នៃ​ការ​បង្រៀន។

គិត​មក​ដល់​ពេល​នេះ មាន​ទឹក​ប្រាក់​ចំនួន ២៧៧​លាន​ដុល្លារ​ហើយ ដែល​សហ​រដ្ឋ​អាមេរិក បាន​ផ្តល់​ឲ្យ​កម្ពុជា នៅ​លើ​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ៕