ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក ហៅកាត់ថា យូ.អេស.អេ.អាយ.ឌី (USAID) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ បានប្រកាសចាប់ដំណើរការកម្មវិធីប្រឆាំងការជួញដូរមនុស្សសម្រាប់រយៈពេល ៤ឆ្នាំទៀត នៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។ កម្មវិធីនេះគេគ្រោងចំណាយថវិកាចំនួន ៥.៤លាន ដុល្លារអាមេរិក។
អង្គការមិនមែនរដ្ឋាភិបាលនៅប្រទេសកម្ពុជា ដែលនឹងអនុវត្តកម្មវិធីនេះ មានដូចជា អង្គការ Winrock International អង្គការ ខារ៉ាម កម្ពុជា (Caram Cambodia) អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី (LSCW) និងអង្គការមូលនីធិ MTV Exit Foundation។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រី ដែលធ្វើជាអធិបតីនៃការចាប់ផ្ដើមកម្មវិធីប្រឆាំងការជួញដូរមនុស្សនេះ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មាធិការជាតិអន្តរក្រសួង ដើម្បីបង្ក្រាបការជួញដូរមនុស្ស និងករណីរត់ពន្ធមនុស្ស ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងអង្គការសង្គមស៊ីវិលនានា ឲ្យចូលរួមបង្ក្រាបការជួញដូរមនុស្សឲ្យមានប្រសិទ្ធភាព។
ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា លោក ចេហ្វ ដាយហ្គល (Jeff Daigle) បានមានប្រសាសន៍ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ កន្លងទៅនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានប្រកាសឲ្យមានការតាមដានស្ថានការណ៍ទាសករបែបសម័យទំនើប។
លោក ចេហ្វ ដាយហ្គល៖ «យើងផ្ដោតលើបញ្ហាធំៗចំនួន៣ គឺការបង្ការមិនឲ្យមានការជួញដូរមនុស្ស ការការពារជនរងគ្រោះនៃការជួញដូរមនុស្ស និងការផ្ដន្ទាទោសជនល្មើសជួញដូរមនុស្ស។ ការអនុវត្តកម្មវិធីនេះ យើងសហការជាមួយរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតគណៈកម្មាធិការជាតិអន្តរក្រសួង»។
ទាក់ទងនឹងការអនុវត្តកម្មវិធី ប្រឆាំងការជួញដូរមនុស្សនៅប្រទេសកម្ពុជានេះ តំណាងអង្គការ Winrock International លោក ព្រំ ថារី បានមានប្រសាសន៍ថា អង្គការរបស់លោកមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការប្រឆាំងការជួញដូរមនុស្ស៖ «សម្រាប់ការអនុវត្តកម្មវិធីប្រឆាំងការជួញដូរមនុស្សរយៈពេល ៤ឆ្នាំខាងមុខ អង្គការ វីនរ៉ក បានចាប់ដៃគូសហការជាមួយអង្គការចំនួន ៤ រួចជាស្រេច ដើម្បីធ្វើការរួមគ្នាក្នុងការប្រឆាំងអំពើជួញដូរមនុស្ស»។
នៅឆ្នាំ២០១១ កន្លងទៅនេះ ជនរងគ្រោះដោយសារការជួញដូរមនុស្សនៅកម្ពុជា ចំនួនជាង ៣០នាក់ ត្រូវបានជួយសង្គ្រោះ និងជនល្មើសជួញដូរមនុស្សចំនួនជាង ២០នាក់ ត្រូវបានចាប់ខ្លួនផ្ដន្ទាទោស។
របាយការណ៍ប្រចាំឆ្នាំ២០១១ ចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ឈ្មោះប្រទេសកម្ពុជា ក្នុងលំដាប់លេខ២ នៅលើបញ្ជីតាមដានការប្រឆាំងការជួញដូរមនុស្ស ដែលមានន័យថា ជាចំណាត់ថ្នាក់ល្អបង្គួរ ក្នុងការប្រឆាំងការជួញដូរមនុស្សកន្លងមក។
របាយការណ៍នោះបានចាត់ទុកថា ប្រទេសកម្ពុជា គឺជាប្រភពនៃការជួញដូរមនុស្សកន្លែងឆ្លងកាត់ និងកន្លែងគោលដៅនៃការជួញដូរមនុស្ស ដូចជាស្ត្រី និងកុមារ គឺជាកម្មវត្ថុនៃការធ្វើពលកម្មដោយបង្ខំ និងជួញដូរផ្លូវភេទជាដើម។
របាយការណ៍បន្តថា បុរសស្ត្រី និងកុមារកម្ពុជា បានធ្វើចំណាកស្រុកទៅប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសដទៃទៀត ដើម្បីធ្វើការងារនៅក្នុងវិស័យឧស្សាហកម្ម កម្មករនេសាទ កសិកម្ម រោងចក្រ និងការងារនៅតាមផ្ទះជាដើម។
ដោយឡែកនៅឆ្នាំ២០១១ កន្លងទៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញផ្សាយរបាយការណ៍ពិស្ដារមួយ ដែលបានរកឃើញថា ពលករកម្ពុជា ដែលបានចំណាកស្រុកទាំងនោះ បានរងគ្រោះមតាមរយៈការបោកប្រាស់នៅគ្រប់ជំហាន ដោយក្រុមហ៊ុននាំពលករចេញ៕
