នាវា​ចម្បាំង​ទី​៧ របស់​អាមេរិក ចាក​ចេញ​ពី​ក្រុង​ព្រះសីហនុ

នាវា​ប្រយុទ្ធ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ​ថា យូ​អេស​អេស ប្លូ​រិច (USS Blue Ridge) ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ នឹង​ចាក​ចេញ​ទៅ​វិញ​ថ្ងៃ​ទី​៥ ខែ​ឧសភា។

0:00 / 0:00

នាវា​ទី​៧ ដែល​ជា​ប្រភេទ​នាវា​បញ្ជា​ការ​ប្រយុទ្ធ និង​ត្រួតពិនិត្យ​របស់​ទាហាន​សហរដ្ឋ​អាមេរិក ដែល​បាន​សំចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ រយៈពេល ៥​ថ្ងៃ ក្នុង​គោលដៅ​រឹត​ចំណង​សាមគ្គីភាព​នៃ​កងទ័ព​ប្រទេស​ទាំង​ពីរ និង​វិល​ត្រឡប់​ទៅ​វិញ នៅ​ថ្ងៃ​ទី​៥ ឧសភា។ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌ និង​បណ្ដុះបណ្ដាល​ទៅ​វិញ​ទៅ​មក​ជាមួយ​កង​នាវា​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក សន ម៉ាកគិនតូស (Sean Mcintosh) មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ឧសភា ថា នេះ​ជា​ឱកាស​នៃ​ការ​បង្កើន​ទំនាក់ទំនង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ គឺ​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ៖ "មុន​ពេល​ដែល​ខ្ញុំ​មក​កម្ពុជា សហរដ្ឋអាមេរិក​និង​កម្ពុជា​បាន​ប្រារព្ធ​ខួប​លើក​ទី​៦០​នៃ​ទំនាក់ទំនង​ទ្វេ​ភាគី​នៃ​កម្ពុជា​និង​សហរដ្ឋអាមេរិក។ ទំនាក់ទំនង​នេះ​បាន​បង្ហាញ​ពី​ភាព​រឹង​មាំ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គឺ​ចំនួន​ទស្សនកិច្ច​របស់​នាវា​មាន​ការ​កើន​ឡើង​ជា​លំដាប់"

ស្ថានទូត​បាន​ដឹក​នាំ​ក្រុម​អ្នក​កាសែត​ឡើង​ទៅ​កាន់​នាវា​ឈ្មោះ​ថា យូ​អេស​អេស ប្លូ​រិច USS Blue Ridge ដែល​បាន​សំចត​នៅ​ក្នុង​ដែន​សមុទ្ទ ខេត្ត​ព្រះសីហនុ កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ឧសភា នៅ​មុន​នាវា​នេះ​ត្រឡប់​ទៅ​វិញ។

វរនាវីឯក ដានីញ៉ែល ហ្គ្រីកូ (DANIEL GRIECO) មេ​បញ្ជាការ​នាវា​ USS Blue Ridge ថ្លែង​នៅ​លើ​នាវា​នោះ​ថា នាវា​នេះ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន។ ជា​ប្រភេទ​នាវា​បញ្ជា​ការ​ប្រយុទ្ធ និង​ត្រួតពិនិត្យ។ លោក​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា។ លោក​ថា ទស្សនកិច្ច​នេះ​គឺ ជួយ​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី​ជា​ពិសេស​កង​នាវា​ជើង​ទឹក ហើយ​នឹង​ជួយ​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់ ៖ "ទំនាក់ទំនង​រវាង​កងទ័ព​ជើង​ទឹក​រវាង​ប្រទេស​ទាំង​ពីរ​គាត់​អាច​និយាយ​បាន​ថា​ទំនាក់ទំនង​មាន​ការ​រីកចម្រើន​ខ្លាំង។ កាល​ពី​ថ្ងៃ​ច័ន្ទ​មុន​នេះ គឺ​យើង​បាន​ធ្វើ​ពិធី​ជប់លៀង​មួយ​នៅ​ក្នុង​នាវា​នេះ ហើយ​គាត់​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​កង​នាវា​ជើង​ទឹក​កម្ពុជា ផ្លាស់ប្ដូរ​យោបល់​គ្នា គាត់​សង្ឃឹម​ថា​ទំនាក់ទំនង​នេះ និង​បន្ត​ទៅ​មុខ​កាន់​តែ​ល្អ​ទៀត ហើយ​យើង​នឹង​រួម​គ្នា​ធ្វើ​ការ​ដោះស្រាយ​នៅ​បញ្ហា​និង​វិបត្តិ​អ្វី​ផ្សេងៗ​ទៀត"

ស្រប​ពេល​នាវា​នេះ​មក​ដល់​កម្ពុជា ឧត្ដម​នាវី​ឯក ស្កុត​ស្វីស (Scott Swift) មេ​បញ្ជាការ​នៃ​កង​នាវា​ជើង​ទឹក​ទី​៧ របស់​សហរដ្ឋ​អាមេរិក​ក៏​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ដែរ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១២។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​បាន​ជាមួយ​មន្ត្រី​កង​ទ័ព​ជើង​ទឹក និង​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដើម្បី​ពិភាក្សា​បញ្ហា​ទ្វេ​ភាគី និង​បញ្ហា​តំបន់​ដែល​មាន​សារ​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។ ក្នុង​នោះ​រួម​មាន​ការ​ចូលរួម​របស់​ប្រទេស​កម្ពុជា​ក្នុង​លំហាត់​សម​យុទ្ធ​យោធា ស្តីពី​ការ​ហ្វឹកហ្វឺន​និង​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ប្រតិបត្តិការ​លើ​ផ្ទៃ​ទឹក។

រួម​ទាំង​ការ​ផ្លាស់ប្ដូរ​ដែល​ផ្ដល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ផ្នែក​សន្តិសុខ​ដែន​សមុទ្រ ការ​រុករក​នឹង​ជួយ​សង្គ្រោះ ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ក្នុង​គ្រោះ​មហន្តរាយ ជំនួយ​មនុស្សធម៌ ជំនាញ​ក្នុង​ការ​គ្រប់គ្រង បញ្ជា​នាវា និង​ពង្រឹង​ចំណង​ទាក់ទង​ផ្នែក​យោធា​អោយ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ផង​ដែរ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។