ការ​យល់​ដឹង​និង​ឥរិយាបថ​យុវវ័យ​ចំពោះ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់

ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់ អង់គ្លេស​ហៅ​ថា វ៉ាឡិនថាញ ដេយ (Valentine's Day) ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ពាសពេញ​ពិភពលោក មាន​ទាំង​កម្ពុជា​ផង​ដែរ។

កន្លង​ទៅ​មាន​ការ​រិះគន់​ដល់​យុវវ័យ​ថា បាន​យល់​ច្រឡំ​ចំពោះ​អត្ថន័យ​ទិវា​ក្ដី​ស្រលាញ់​ថ្ងៃ​ទី​១៤ កុម្ភៈ គឺ​ជា​ថ្ងៃ​បុណ្យ​សង្សារ ដែល​នាំ​ឲ្យ​យុវវ័យ​មួយ​ចំនួន បាន​បូជា​ខ្លួន​ប្រាណ​ទៅ​ឲ្យ​គូ​សង្សារ​របស់​ពួកគេ​ នៅ​ក្នុង​ថ្ងៃ​នោះ​ទៀត​ផង។

តើ​យុវវ័យ​មាន​ការ​យល់​ដឹង និង​មាន​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​យ៉ាង​ណា​ខ្លះ​ចំពោះ​ទិវា​នេះ?

ផ្កា​កូឡាប​ត្រូវ​បាន​យុវវ័យ​ភាគ​ច្រើន​ចាត់​ទុក​ថា ជា​និម្មិត​រូប​សំខាន់​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ ដោយ​អ្នក​ខ្លះ​គេ​ចាត់​ទុក​ផ្កា​កូឡាប​ជា​តំណាង​នៃ​ក្ដី​ស្រលាញ់​របស់​គេ​ទៅ​លើ​នរណា​ម្នាក់។

ផ្កា​កូឡាប​ចម្រុះពណ៌ត្រូវ​បាន​គេ​ដាក់​លក់ និង​តាំង​បង្ហាញ លាយ​ឡំ​នឹង​តុក្កតា វត្ថុ​ផ្សេងៗ​ធ្វើ​ជា​រាង​បេះដូង និង​ស្ករ​សូកូឡា​យ៉ាង​ច្រើន នៅ​តាម​ស្តង់​នា​ដង​វិថី​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ខុស​ពី​ថ្ងៃ​ធម្មតា។ វត្ថុ​ម្យ៉ាង​ដែល​ពិសេស​ជាង​គេ​នា​ពេល​នេះ គឺ​ផ្កា​កូឡាប​ដែល​គេ​ទិញ​ជូន​គ្នា​សម្រាប់​ជា​តំណាង​ដោយ​សេចក្ដី​ស្រលាញ់​នៅ​ក្នុង​ឱកាស​ទិវា​នៃ​ក្ដី​ស្រលាញ់ ថ្ងៃ​ទី​១៤ កុម្ភៈ។

១៤ កុម្ភៈ ២០១២ ៣០៥
១៤-កុម្ភៈ-២០១២៖ យុវវ័យ​អង្គុយ​លក់​ផ្កា​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ នៅ​តាម​ផ្លូវ នា​រាជធានី​ភ្នំពេញ។ (RFA/Khe Sonorng)

ក្នុង​ទឹក​មុខ​ញញឹម​ស្រស់បស់ យុវតី​អាយុ ១៩​ឆ្នាំ ឈ្មោះ ហេង នីសា បាន​រៀបរាប់​ថា នៅ​ក្នុង​ឱកាស​នេះ​នាង​យល់​ថា អាច​លក់​ផ្កា​បាន​ចំណេញ​ច្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​ជា​អ្នក​លក់​បាន​យល់​ដឹង​ពី​អត្ថន័យ​នៃ​ទិវា​នេះ​យ៉ាង​ច្បាស់​ដែរ។

យុវតី ហេង នីសា៖ «អ្នក​ខ្លះ​ចង់​ទិញ​ជូន​ប៉ា​ម៉ាក់​គេ ឬ​ក៏​បងប្រុស​បង​ស្រី ឬ​ប្អូន​គេ​អ៊ីចឹង មាន​ដូច​ជា​តុក្កតា សូកូឡា ផ្កា​និយាយ​ទៅ​ផ្កា​គឺ​ជា​តំណាង​នៃ​ក្ដី​ស្រលាញ់ សូកូឡា អ៊ីចឹង​និយាយ​ពី​ភាព​ផ្អែមល្ហែម គឺ​របៀប​ថា សំដៅ​ទៅ​ការ​ជិតស្និទ្ធ មិន​មែន​តែ​សំដៅ​តែ​គូរ​សង្សារ​ទេ និយាយ​ទៅ​ដូច​ជា​យើង​ស្រលាញ់​ម៉ាក់​ប៉ា មនុស្ស​ជា​ទី​ស្រលាញ់​របស់​យើង បងប្អូន​យើង ក្រុម​គ្រួសារ​សាច់ញាតិ​របស់​យើង ឬ​ក៏​ជីដូន​ជីតា​ផ្សេងៗ»

យុវតី​អាយុ ១៧​ឆ្នាំ ឈ្មោះ ហ្សូ ហេឡេន រៀន​នៅ​សាកលវិទ្យាល័យ​វ៉េនស្ទើ (Western) ដែល​បាន​ទិញ​ផ្កា​ជូន​ឪពុក​ម្ដាយ​របស់​នាង​នៅ​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ បាន​អះអាង​ថា តាមរយៈ​ការ​អប់រំ​នៅ​ក្នុង​សាលា​កន្លង​មក លោក​គ្រូ​អ្នក​គ្រូ និង​សាស្ត្រាចារ្យ​ក៏​បាន​បញ្ជ្រាប​ពី​អត្ថន័យ​នៃ​ទិវា​នេះ​ដែរ។

នាង​បាន​ដំអក់​បន្តិច​នៅ​ពេល​លឺ​សំណួរ​ថា យុវវ័យ​មួយ​ចំនួន​បាន​យល់​ច្រឡំ និង​ប្រព្រឹត្ត​មិន​គប្បី​នៅ​ក្នុង​ឱកាស​នេះ៖ «ឃើញ​គេ​ដាក់​តាម​ទស្សនាវដ្ដី​ឃើញ​អី គេ​សរសេរ​ថា ថ្ងៃ​ហ្នឹង​ជា​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ មិន​មែន​ទិវា​ឡើង​ផ្ទះ​សំណាក់ ឬ​ក៏​សណ្ឋាគារ​នោះ​ទេ ខ្ញុំ​បាន​ឃើញ​គ្រប​ខាង​លើ។ ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ គឺ​មិន​មែន​សម្រាប់​តែ​សង្សារ​តែ​ពីរ​នាក់​ទេ អាច​ជូន​ទៅ​ដល់​បងប្អូន​ក៏​ដូច​ជា ក្រុម​គ្រួសារ​របស់​យើង​អ្នក​ដែល​យើង​ស្រលាញ់​ទាំង​អស់ មិន​មែន​ចំពោះ​តែ​គូរ​សង្សារ​ទេ»

យុវជន​ឈ្មោះ អ៊ឹង សុខា អាយុ ២២​ឆ្នាំ មាន​ជំនឿ​ថា យុវវ័យ​មាន​ការ​យល់​ដឹង​ច្រើន​ចំពោះ​អត្ថន័យ​នៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​សារ​មាន​ការ​អប់រំ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តាម​គ្រឹះស្ថាន​អប់រំ​ជា​ដើម៖ «ពី​មុន​មក​ករណី​ហ្នឹង​អាច​កើត​ឡើង​ច្រើន​ដែរ ពី​ព្រោះ​អី​ឃើញ​ផ្សាយ​តាម​កាសែត​ទូរទស្សន៍​អី​គេ​បាន​និយាយ​ច្រើន​ពី​បញ្ហា​ហ្នឹង។ ករណី​ថា ថ្ងៃ​បុណ្យ​សង្សារ​ឡើង​ផ្ទះ​សំណាក់ ប្រគល់​ខ្លួន​ប្រគល់​អ៊ីចឹង។ ប៉ុន្តែ​ខ្ញុំ​ក៏​អត់​ដឹង​ច្បាស់​ដែរ​រឿង​ហ្នឹង តែ​សម្រាប់​ពួក​ខ្ញុំ​អត់​មាន​យល់​អ៊ីចឹង​ទេ គិត​ថា ថ្ងៃ​ហ្នឹង​ជា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​មិន​មែន​ជា​ថ្ងៃ​បុណ្យ​សង្សារ​ប្រគល់​ខ្លួន​ប្រគល់​ប្រាណ​អី​ទេ»

នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​យុវវ័យ​មាន​ការ​យល់​ដឹង​ឲ្យ​ច្បាស់​ចំពោះ​អត្ថន័យ​ពិធី​បុណ្យ​នៃ​ក្ដី​ស្រលាញ់​នេះ រក្សា​សេចក្ដី​ស្រលាញ់​ឲ្យ​នៅ​គង់វង្ស​ស្ថិតស្ថេរ គោរព​ប្រតិបត្តិ​ដល់​មាតាបិតា។

លោក ហ៊ុន សែន៖ «ឥឡូវ​យើង​រាំង​ស្កាត់​ចំពោះ​យុវជន​ក៏​វា​លំបាក ប៉ុន្តែ​សុំ​ឲ្យ​យុវជន​យុវនារី​យល់​ឃើញ​ថា នេះ​មិន​មែន​ជា​វប្បធម៌​របស់​យើង​ទេ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ក្មួយៗ ឬ​ក៏​អ្នក​ដទៃ បាន​ជា​ធ្វើ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ទៅ​ហើយ។ ហើយ​ក្ដី​ស្រលាញ់​របស់​យើង​នេះ គឺ​មិន​មែន​សំដៅ​តែ​ចំពោះ​ប្រុស​ស្នេហ៍ ឬ​ស្រី​ស្នេហ៍​ទេ មិន​មែន​ទេ ហើយ​កុំ​ឲ្យ​ស្រលាញ់​តែ​មួយ​ថ្ងៃ សុំ​ឲ្យ​ស្រលាញ់​មួយ​ជីវិត ស្រលាញ់​ម្ភៃ​បួន​ម៉ោង ស្រលាញ់​មួយ​អាទិត្យ ស្រលាញ់​មួយ​ខែ ស្រលាញ់ ៣៦៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ ស្រលាញ់​ត​រៀង​រហូត​ទៅ កុំ​ឲ្យ​ស្រលាញ់​តែ​មួយ​ថ្ងៃ​ហ្នឹង​ស្អែក​បោះ​បង់​ចោល»

នៅ​ក្នុង​ឱកាស​នេះ គឺ​ជា​ពេលវេលា​មួយ​ដែល​អ្នក​ប្រកប​អាជីវកម្ម​លក់​ផ្កា​ទទួល​បាន​ផល​ចំណេញ​ច្រើន។

បុគ្គលិក​វេច​ខ្ចប់​ផ្កា​របស់​ហាង ខ្មែរ​ហាត (Khmer heart) នៅ​តាម​វិថី​ប៉ាស្ទ័រ បាន​ថ្លែង​ទាំង​មមាញឹក ដោយ​ដៃ​កំពុង​វេច​ខ្ចប់​ផ្កា​ជូន​អតិថិជន​ថា គាត់​លក់​អស់​រាល់​ទិវា​នេះ​ម្ដងៗ​មិន​ដែល​សល់​ទេ៖ «លក់​អស់​រាល់​ឆ្នាំ​ហ្មង។ នេះ​មួយ​បាច់​នេះ​មួយ​រយ​ទង ១៥០​​ដុល្លារ​ទាំង​ខ្ចប់។ គេ​ទិញ​ជូន​ប៉ា​ម៉ាក់ ជូន​ភរិយា​អ៊ីចឹង​ណា»

យុវវ័យ​មួយ​ក្រុម​គេ​បាន​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​លក់​ផ្កា​នៅ​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ ឬ​គេ​ហៅ​ថា ថ្ងៃ​បុណ្យ​សង្សារ ទី​១៤ កុម្ភៈ​នេះ ដើម្បី​ជួយ​ដល់​កុមារ​ក្នុង​សហគមន៍​ក្រីក្រ។

កញ្ញា គុយ កែវ មរកត អាយុ ២០​ឆ្នាំ ជា​សិស្ស​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​បាន​រៀបរាប់​ដូច្នេះ៖ «ពួក​ខ្ញុំ​រៀន​ខាង​ Business (ពាណិជ្ជកម្ម) ដល់​ពេល​អ៊ីចឹង គ្រូ​គាត់​ឲ្យ​ខ្ញុំ​រក​វិធីសាស្ត្រ​អី​ដើម្បី​រក​ប្រាក់​ចំណេញ​បាន ដើម្បី​ទៅ​ជួយ​សហគមន៍​ក្មេង​កំព្រា ក្មេង​ក្រីក្រ​អ៊ីចឹង​ទៅ។ ពួក​ខ្ញុំ​ដូច​ថា ត្រូវ​លក់​នរណា​ដែល​អាច​បាន​ចំណេញ និង​លក់​ស្រួល ហើយ​លក់​នោះ​មិនមែន​សំខាន់​លើ​បុណ្យ​សង្សារ​អី​ទេ ដូច​ថា នរណា​ចង់​ទិញ​ជូន​អ្នក​ជា​ទី​ស្រលាញ់ ទិញ​ជូន​មិត្ត​ភក្តិ​បង​ប្អូន ម៉ាក់​ប៉ា។ គោលការណ៍​ពួកគាត់​ត្រូវ​ជួយ​ក្មេង»

ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ពាសពេញ​ពិភពលោក មាន​ទាំង​កម្ពុជា ផង​ដែរ។

ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Valentine ជា​ឈ្មោះ​បព្វជិត​មួយ​រូប ជា​ជនជាតិ​រ៉ូម៉ាំង​ដ៏​ល្បី​ឈ្មោះ​ម្នាក់ ដែល​បាន​បំរើ​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ឈ្មោះ Claudius ទី​២ នៅ​ក្នុង​សតវត្ស​ទី​៣។ ព្រះចៅ​អធិរាជ Claudius បាន​ឈ្វេង​យល់​ឃើញ​ថា ទាហាន​ដែល​ពូកែ​ច្បាំង គឺ​ជា​ទាហាន​ដែល​នៅ​លីវ មិន​ទាន់​រៀបការ។ ហេតុ​ដូច​នេះ ព្រះអង្គ​ក៏​បាន​ចេញ​ច្បាប់​ហាម​ប្រាម​មិន​អោយ​បុរស​វ័យ​ក្មេង​រៀបការ ដោយ​តម្រូវ​អោយ​ពួកគេ​ចូល​បំរើ​កងទ័ព​សិន​នៅ​ពេល​ប្រទេស​ជាតិ​ត្រូវ​ការ។ បព្វជិត Valentine យល់​ថា ច្បាប់​នេះ​មាន​ភាព​អយុត្តិធម៌​ចំពោះ​មនុស្ស​លោក ហើយ​ក៏​មិន​គោរព​តាម ដោយ​បាន​បន្ត​រៀបចំ​ពិធី​ផ្សំផ្គុំ​ប្រោះព្រំ​រៀបការ​អោយ​បុរស​នារី​ក្មេងៗ។ អធិរាជ Claudiusទី​២ ជ្រាប​អំពី​ទង្វើ​បព្វជិត Valentine ក៏​បាន​ចេញ​បញ្ជា​ឲ្យ​យក​បព្វជិត Valentine ទៅ​សម្លាប់ ដោយ​កាត់​ក​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ។

បន្ទាប់​មក​មនុស្ស​ម្នា​ជា​ច្រើន​បាន​កោត​សរសើរ​ដល់​សេចក្ដី​ក្លាហាន​របស់​លោក Valentine ដែល​ហ៊ាន​ប្រឆាំង​នឹង​រាជ​បញ្ជា​របស់​ព្រះចៅ​អធិរាជ Claudius ដើម្បី​ជួយ​អោយ​គូ​ស្នេហ៍​វ័យ​ក្មេង​បាន​ស្រឡាញ់​គ្នា។

ថ្ងៃ​១៤ កុម្ភៈ ត្រូវ​បាន​គេ​ឧទ្ទិស​បូជា​សម្រាប់​សេចក្ដី​ស្រលាញ់។ មិន​យូរ​ប៉ុន្មាន​ថ្ងៃ​នោះ ត្រូវ​បាន​មនុស្ស​ទូទៅ​នាំ​គ្នា​ផ្ញើ​សារ​នៃ​សេចក្ដី​ស្រលាញ់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​លោក វ៉ាឡិនថាញ បាន​ក្លាយ​ជា​និមិត្តរូប​នៃ​សេចក្ដី​ស្រលាញ់​សម្រាប់​គូរ​ស្នេហ៍​បង្ហាញ​សេចក្ដី​ស្រលាញ់​ទៅ​កាន់​មិត្ត​ភក្តិ និង​អ្នក​ជា​ទី​ស្រលាញ់​ដោយ​ផ្ញើ​ពាក្យ​កាព្យ និង​កាដូ (វត្ថុ​អនុស្សាវរីយ៍) ​មាន​ដូច​ជា​ផ្កា​ជាដើម៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។