អាជីវករ​នៅ​ខេត្ត​ព្រះសីហនុ​បារម្ភ​ចំពោះ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ

ក្រុម​អាជីវករ​ចំនួន​៧២​តូប​នៅ​ឆ្នេរ​អូរត្រេះ ខេត្ត​ព្រះសីហនុ កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​ពេល​ខាង​មុខ​នេះ នៅ​គ្រា​ដែល​មិន​ទាន់​មាន​ការ​បញ្ជាក់ ឬ​ដោះស្រាយ​ជាក់លាក់​នៅ​ទ្បើយ​អំពី​ជោគ​វាសនា​នៃ​ការ​ប្រកប​មុខ​របរ​ប្រចាំ​ថៃ្ង​របស់​ពួកគាត់។

0:00 / 0:00

ក្រុម​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​និង​តំណាង​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ទ្បូ សុគន្ធ ធ្លាប់​បាន​កោះ​ប្រជុំ​ជាមួយនឹង​តំណាង​អាជីវករ​កាល​ពី​ខែ​មករា កន្លង​ទៅ​នេះ ដើម្បី​ជូន​ដំណឹង​ថា គេ​មាន​គម្រោងការ​រឹប​យក​ទី​តាំង​ប្រវែង ១.៥០០​ម៉ែត្រ ស្មើ​នឹង​៧២​តូប ដើម្បី​ធ្វើ​ជា​សួនច្បារ​និង​រមណីយដ្ឋាន​នៅ​ពេល​ខាង​មុខ។

អាជីវករ​ម្នាក់​នៅ​ក្នុង​ចំណោម​អាជីវករ​៧២​តូប​នៅ​ឆ្នេរ​អូរត្រេះ​នោះ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា គ្រួសារ​របស់​លោកស្រី​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​ប្រកប​មុខ​របរ​លក់ដូរ​នៅ​ឆ្នេរ​អូរត្រេះ​នោះ​ទាំង​សុ្រង គ្មាន​អ្វី​ជា​ទីពឹង​ក្រៅ​ពី​នេះ​ទៀត​ទេ ដូច្នេះ​លោកស្រី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

អាជីវករ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ដូច្នេះ ៖ «ពី​មុន កាល​ដែល​ពួកខ្ញុំ​នៅ​ខាង​៧​ជាន់​ខាង​ណោះ គេ​ដេញ​ខ្ចាត់ខ្ចាយ​មក​ដល់​ខាង​ណេះ។ ពេល​ដែល​មក​ដល់​ខាង​ហ្នឹង​(អូរ​ត្រេះ)​ដំបូង តំបន់​ហ្នឹង​គឺ​គ្មាន​អី​ទាល់​តែ​សោះ ជា​ព្រៃ ជា​ស្មៅ គិត​ថា មិន​មាន​ភ្ញៀវ​ទេសចរ​មក​ច្រើន​ទេ ដល់​ឥឡូវ​មាន​ទេសចរ​មក​ច្រើន​បែរ​ជា​មក​ដេញ។ តាម​ខ្ញុំ​គិត​មើល​កន្លែង​ណា​ដែល​មាន​ប្រជាពលរដ្ឋ​មក​សាងសង់ គឺ​មក​ដេញ​អ៊ីចឹង​តែម្ដង​នៅ​តាម​ឆ្នេរ​ហ្នឹង ហើយ​កន្លែង​ហ្នឹង​គឺ​ឆ្នាំង​បាយ​តែ​មួយ​របស់​ខ្ញុំ បើ​សិន​ជា​អត់​មិន​ដឹង​ជា​សង្ឃឹម​អី​ទេ ហើយ​ក៏​មិន​ដឹង​ជា​ទៅ​នៅ​រក​ស៊ី​កន្លែង​ណា​ទៀត​ដែរ​បើ​សិន​ជា​អភិវឌ្ឍ។ ថ្ងៃ​ដែល​ទៅ​ប្រជុំ​ហ្នឹង​គេ​និយាយ​ថា ឲ្យ​ពួកខ្ញុំ​នៅ​ហ្នឹង​អាច​រក​ស៊ី​អី​បាន ប៉ុន្តែ​មិន​បាច់​ឲ្យ​មាន​ហាង មាន​តូប​អី​ទេ អាច​រែក​មឹក​លក់​បាន អ៊ីចឹង​បាន​ន័យ​ថា អភិវឌ្ឍ​តាំង​ពី​មាន​បាតដៃ​រហូត​ដល់​អស់​រលីង»

អាជីវករ​ម្នាក់​ទៀត​បាន​ថែ្លង​ថា ភ្ងៀវ​ទេសចរ​នានា​បាន​ថយ​ចុះ​ខ្លាំង​នៅ​ឆ្នេរ​អូត្រេះ​នេះ ក្រោយ​ពី​បាន​លេច​ឮ​ព័ត៌មាន​ថា ក្រុម​អាជីវករ​ចំនួន​៧២​តូប​នឹង​រង​ការ​បណ្តេញ​ដើម្បី​ធ្វើ​សួន​ច្បារ​ដោយ​ក្រុមហ៊ុន ទ្បូ សុគន្ធ ៖ «ពួកខ្ញុំ​អត់​ព្រម​ចាក​ចេញ​ទេ ពួកខ្ញុំ​នឹង​តស៊ូ​ពុះពារ​ទៅ​មុខ​ទៀត​អត់​ព្រម​ចាកចេញ​ទេ ព្រោះ​ថា កន្លែង​ហ្នឹង​គឺ​ជា​ឆ្នាំង​បាយ​របស់​ខ្ញុំ កាលណា​គាត់​ដេញ​ខ្ញុំ​ទៅ​ដូច​ជា​វាយ​បំបែក​ឆ្នាំង​បាយ​ខ្ញុំ​អ៊ីចឹង។ ណា​មួយ​ខ្ញុំ​ចង់​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង មិន​ចង់​ឲ្យ​មាន​ក្រុមហ៊ុន​ណា​មក​គ្រប់គ្រង​ពួក​ខ្ញុំ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ទ្បើយ​ទេ ដើម្បី​សុំ​សេចក្តី​បំភ្លឺ​នានា​ពី​តំណាង​ក្រុមហ៊ុន​ឈ្មោះ ទ្បូ សុគន្ធ អំពី​គម្រោងការ​អភិវឌ្ឍន៍​នៅ​ឆ្នេរ​អូរត្រះ ខេត្ត​ព្រះសីហនុ ដែល​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ពី​ក្រុម​អាជីវករ​៧២​តូប​នោះ។

លោក ផៃ ផាន ជា​អភិបាល​រង​ខេត្ត​ព្រះសីហនុ ទទួល​បន្ទុក​ទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា គម្រោងការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ទ្បូ សុគន្ធ ត្រូវ​បាន​អនុញ្ញាត​ដោយ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។

លោក ផៃ ផាន ឲ្យ​ដឹង​ដូច្នេះ ៖ «លិខិត​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មាន​ខ្លឹមសារ​ថា ឆ្នេរ​ទាំង​ពីរ​នេះ​គឺ​ជា​ទីតាំង​សាធារណៈ គឺ​ឆ្នេរ​របស់​ខេត្ត​ព្រះសីហនុ ដែល​យើង​ត្រូវ​រៀបចំ​សួនច្បារ​ឲ្យ​បាន​សមរម្យ ដើម្បី​ទាក់ទាញ​សក្ដានុពល​ទេសចរណ៍ មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អនាធិបតេយ្យ​ទេ»

លោកស្រី ជៀប សុធារី ជា​អ្នក​សម្របសម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​មាន​ប្រសាសន៍​ថា ៖ «បើ​សិន​ខាង​អាជ្ញាធរ​លោក​មាន​គំនិត​អភិវឌ្ឍ​តំបន់​ហ្នឹង គួរ​រៀបចំ​ឲ្យ​ទៅ​តាម​ស្តង់ដារ​នៃ​ការ​រៀបចំ​របស់​សាលា​ខេត្ត ប៉ុន្តែ​គួរ​តែ​ទុក​លទ្ធភាព​ឲ្យ​ពួកគាត់​ហ្នឹង​មាន​សិទ្ធិ​ក្នុង​ការ​លក់​ដី​បន្ត​ទៅ​ទៀត ដូចជា​ការ​ជួល​អី​អ៊ីចឹង​ទៅ»

ក្រុម​អាជីវករ​ទាំង​នោះ បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​រដ្ឋាភិបាល​កម្ពុជា​បន្ត​ឲ្យ​ពួកគាត់​ប្រកប​មុខ​របរ​សម្រាប់​រយៈពេល​យូរ​អង្វែង​នៅ​ទី​នោះ ពីព្រោះ​ពួកគាត់​ជា​អ្នក​មក​ត្រួសត្រាយ​ព្រៃ​នៅ​ទី​នោះ ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​មុន​គេ ប៉ុន្តែ​ក្រុមហ៊ុន​បែរ​ជា​មក​រឹប​អូស​ទៅ​វិញ៕