អាជីវករនិងកសិករក្នុងប្រទេសកម្ពុជាត្អូ្តញត្អែរថា ទោះបីលក់ស្រូវបានថ្លៃក៏គ្មានចំណេញមកពីតម្លៃជីគីមីគ្រប់ប្រភេទក្នុងដើមរដូវវស្សាឆ្នាំនេះ កំពុងឡើងថ្លៃ២ទៅ៣ដងលើសឆ្នាំមុន ។
កសិករធ្វើស្រែខ្នាតធំរស់នៅភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ឈ្មោះ ប្រាង មនោសេដ្ឋា ឲ្យដឹងថា គាត់មានដីស្រែ៥០ហិកតា ក្នុងការផលិតដំណាំស្រូវពង្រោះ ។ ក្នុង១ឆ្នាំៗ គាត់ប្រើជីគីមីច្រើនតោនសម្រាប់បាចលើដំណាំស្រូវឲ្យលូតលាស់ និងផ្លែផ្កា ទើបផលស្រូវក្នុង១ហិកតា បាន១តោនកន្លះទៅ២តោន ។
លោកបន្តថា ជីគីមីកសិករនិយមប្រើនាំមកលក់ពីប្រទេសថៃ ។ ជីគីមីនោះបានឡើងថ្លៃឆ្នាំនេះ ខ្លាំងជាងឆ្នាំមុនច្រើនដង ។ លោក ប្រាង មនោសេដ្ឋា ឲ្យដឹងថាគាត់លក់ស្រូវបានថ្លៃជាងឆ្នាំមុនៗ ។ ប៉ុន្តែយកប្រាក់ចំណេញទាំងអស់ទៅទិញជីគីមីយកមកធ្វើស្រែវិញក្នុងឆ្នាំនេះ ស្ទើរតែមិនបានគ្រប់តោនតាមតម្រូវការទេ ។
លោក ប្រាង មនោសេដ្ឋា បានឲ្យដឹងថា ៖ «ជីជួនណាទៅអាចក្នុងមួយហិកតារហូតដល់ ៣ការ៉ុងជាងក៏មាន ជីក្បាលគោ ។ ជីក្បាលគោហ្នឹងមួយការ៉ុង ១០៨០ គិតជាលុយខ្មែរវា ១៣៨០០០រៀល ជីក្បាលគោ ហើយនៅថែមអ៊ុយរ៉េអីទៀត ។ ជីអ៊ុយរ៉េ ក្នុងមួយហិកតាថែម មួយការ៉ុងទៀត វាទៅតាមប្រភេទស្រូវដែរ ជួនណាថែមរហូតដល់ ២ការ៉ុង ភាគច្រើនគឺ ២ការ៉ុង ។ យើងថែមស្រូវដើមខ្ចីមួយការ៉ុង ហើយជិតពេលវារោលដើមនោះមួយការ៉ុងទៀត បើគិតទៅវាពីរការ៉ុង ក្នុងមួយហិកតា ។ ជីអ៊ុយរ៉េមិនដឹងថ្លៃប៉ុន្មានផងបច្ចុប្បន្ននេះ ខ្ញុំអត់ទាន់បានប្រើ កាលឆ្នាំមុនមួយការ៉ុងតែ ៦០០ជាង» ។
លោកបន្តទៀតថា ៖ «ភ្ជួរស្រែវាពិបាកនឹងសន្និដ្ឋាន ព្រោះបើដីយើងភ្ជួរទៅស្រួល អត់មានភ្លៀងផ្គរអី ក្នុងមួយហិកតាស៊ីដល់ទៅ ១៥លីត្រ តែបើភ្លៀងផ្គរដល់ទៅ មួយហិកតា ៣០-៤០លីត្រក៏មានព្រោះដីវាស្អិតហើយយើងពិបាកធ្វើ ភក់ផងអីផង ដូច្នេះវាពិបាកក្នុងការភ្ជួររាស់ ។ មួយលីត្រសព្វថ្ងៃប្រហែលជា ៤៧០០-៤៨០០រៀល ។ ទិន្នផលវាអត់ស៊ីគ្នាទៅនឹងតម្លៃដែលយើងធ្វើ ព្រោះជីវាថ្លៃ ម៉ាស៊ូតក៏ថ្លៃ ហើយទិន្នផលស្រូវយើងបានទាប វ៉ៃជាមធ្យម ក្នុងមួយហិកតាបានតែ ១៥បាវអីតែប៉ុណ្ណឹង មួយតោនកន្លះ ។ កម្មករច្រូតវាទៅតាមប្រភេទស្រូវ មួយហិកតា ២០ម៉ឺន ឬក៏អាច ២២ម៉ឺន» ។
រីឯកសិករជួលដីធ្វើស្រែរស់នៅភូមិថ្មី ឃុំភ្នៀត ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឈ្មោះ ពុធ វិសុទ្ធ ឲ្យដឹងថាក្នុងប្រទេសកម្ពុជា អ្នកផលិតជីគីមីមិនសូវឃើញមានជីដាក់លក់តាមការនិយមរបស់កសិករទេ ។
លោកថាឲ្យតែកសិករខ្មែរផលិតស្រូវបានច្រើនអាចចំណេញច្រើន តម្លៃជីគីមីនាំចូលតែងតែឡើងថ្លៃខ្ពស់ជាងតម្លៃស្រូវជានិច្ច ជាហេតុនាំឲ្យកសិករមិនអាចរកកម្រៃចំណេញបាន ។ លោកថាក្នុងមួយរដូវធ្វើស្រែ គាត់ប្រើជីគីមី២ប្រភេទ មានជីបាចក្រាលដីស្រែឲ្យស្រូវដុះល្អឈ្មោះក្បាលគោ ឬ DAP និងជី១ប្រភេទទៀត សម្រាប់ឲ្យផ្លែល្អមានឈ្មោះអីរ៉េ ឬជីស ។ ឯតម្លៃវាបានលក់កើនលើសឆ្នាំមុនទ្វេដង ៖ «ស្រូវនាងខុនលក់បានមួយតោន ៩៥០០បាត ។ មិនសូវចំណេញដែរ ទប់ទល់ៗ ជីឡើងថ្លៃ ដល់២១០០ហើយ ជីនោះមួយការ៉ុង វា ៥០គីឡូក្រាម» ។
លោក ពុធ វិសុទ្ធ បន្តថាគាត់ជួលដីធ្វើស្រែក្នុង១ហិកតាគេយកតម្លៃ ៖ «មួយហិកតាជួលគេ ២ពាន់បាត ជួលអាត្រាក់គេយក ៩៥០បាត ច្រូតគេយក ២ពាន់» ។
លោក ពុធ វិសុទ្ធ ឲ្យដឹងថាបើលក់ស្រូវពេលទើបច្រូត ១តោន លក់បានថ្លៃ៧០០០បាតប្រាក់ថៃ គិតជាប្រាក់រៀល ស្មើ៩០ម៉ឺន៣០០០រៀល ។ តម្លៃប្តូរប្រាក់ ១បាតស្មើ១២៩រៀល ។ បើលក់ក្នុងរដូវចាប់ផ្តើមធ្វើស្រែក្នុង១តោន ស្រូវនាងខុនបានថ្លៃដល់ ៩ពាន់ ទៅ ៩៥០០បាត ស្មើនឹងជាង១១៦ម៉ឺនទៅ១២២ម៉ឺនរៀល ។
រីឯអាជីវករលក់ជីគីមីនាំចូលពីប្រទេសថៃនៅខេត្តឧត្តរមានជ័យ ឈ្មោះ ហេង ប៊ុនឆប អះអាងថា ជីគីមីបានឡើងថ្លៃទ្វេដង ។ ក្នុង១ថ្ងៃ គាត់កំពុងតែលក់ចេញជីសម្រាប់ក្រាលបាតស្រែ យ៉ាងហោចណាស់ ៥ ទៅ ៦តោន ក្នុងតម្លៃជី ៥០គីឡូក្រាម ១១០០បាត ស្មើនឹងជាង ១៤ ទៅ ១៥ម៉ឺនរៀល ដោយសារការដឹកជញ្ជូនចំណាយប្រេងថ្លៃផង និងការដកហូតយកពន្ធក្រៅច្បាប់ច្រើនកន្លែងផង ។
លោក ហេង ប៊ុនឆប បានមានប្រសាសន៍ថា ៖ «ជីសម្រាប់ដាក់ស្រែហ្នឹងឯង ជីរបស់ថៃ ១៦២០០ ក្នុង៥០គីឡូ ១១០០ហ្នឹង អ៊ីចឹងវាថ្លៃពេក គិតជាដុល្លារ ៣៧ដុល្លារ បើអ៊ុយរ៉េ តម្លៃវាឥឡូវប្រហាក់ប្រហែលគ្នា ។ ជីឡើងថ្លៃតាមផ្លូវហ្នឹងមានផ្លូវច្រកបឹងត្រកួន គេតាក់សេអីដែរ អ៊ីចឹងហើយធ្វើឲ្យជីឡើងថ្លៃ ។ ជីទិញមក ១០២០ ឬក៏ ១០០០ទេ បង់ពន្ធតាមផ្លូវមករហូតមកទៅអាចធ្វើឲ្យជីហ្នឹងឡើងថ្លៃ» ។
អាជីវករលក់ជីគីមីនាំចូលពីប្រទេសថៃនៅផ្សារចម្ការគ ខេត្តបន្ទាយមានជ័យ សុំមិនប្រាប់ឈ្មោះអះអាងថា គាត់លក់ជីគីមីច្រើនឆ្នាំហើយ តម្លៃលក់ជីគីមីតែងតែថ្លៃជាងតម្លៃលក់ស្រូវចេញ ក្នុង១តោន ១០ ទៅ ២០% លើសតម្លៃស្រូវ ប៉ុន្តែឆ្នាំនេះ ជីគីមីបានឡើងថ្លៃទ្វេដង ៖ «ដោយថ្ងៃទេ ថ្ងៃណាបងប្អូនដែលគេត្រូវការច្រើនមកទៅ វាបានក្នុង២០តោនអី ១៦២០០ ។ ៥០គីឡូវា ១០៥០ដូចគ្នា ឡើងពាក់កណ្ដាល ឡើងហួសកម្រិតហើយរឿងឡើងហ្នឹង ឆ្នាំទៅមិញតែ ៥០០-៦០០អ៊ីចឹងឯង ហើយវាមិនឡើងតែជីទេ ប្រេងក៏ឡើង ។ ប្រេងកាលពីមុនតែ ២៨-២៩បាត ឥឡូវវា ៣៨បាតវាឡើង ១០បាតហើយ ។ វាអាចឡើងឆ្នាំក្រោយ ជី ប្រេងវាឡើងទាំងអស់ កម្លាំងពលកម្មធ្វើក៏បានប្រាក់តិចដែរ ហើយអីវ៉ាន់ឡើងថ្លៃទាំងអស់ហ្នឹង» ។
យោងតាមមន្រ្តីជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ នាយកប្រតិបត្តិអង្គការសេដាក់ មានប្រសាសន៍ថា កសិករភាគច្រើនងាកមកប្រើជីកំប៉ុស្តផ្សំពីរុក្ខជាតិ អាចសល់ប្រាក់ច្រើនជាងប្រើជីគីមី ធ្វើឲ្យដីស្រែមុខលើទន់ល្អ រីឯផលស្រូវហុចឲ្យអាចច្រើនជាងប្រើជីគីមី ។ លោកបន្តថា ដើម្បីចៀសវាងប្រើជីគីមី កសិករគួរតែប្រមូលគ្រាប់សណ្តែកទុំ មានសណ្តែកខ្មោច គ្រាប់សណ្តែកអង្គុយមានពណ៌ខ្មៅ ក្រហម ខៀវ គ្រាប់អង្គារដីទុំ គ្រាប់កន្ធំថេតទុំ យកមកបាចលើដីស្រែទុកវាឲ្យដុះចេញផ្កាផ្លែរួចភ្ជួរលុបទាំងផ្លែនិងដើមវាអាចបំលែងទៅជាជីធម្មជាតិល្អជាងប្រើជីគីមីទៅទៀត ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
រ៉ុង ឈុន ស្នើនាយករដ្ឋមន្ត្រីជួយបញ្ចុះតម្លៃប្រេងឥន្ធនៈ
ពាក់កណ្ដាលឆ្នាំ២០០៨ បនល្បែងណាហ្កាចំណេញជាង២៥លានដុល្លារ
ក្រុមហ៊ុនម៉ូតូយ៉ាម៉ាហារបស់ជប៉ុនមកដំឡើងរោងចក្រនៅស្រុកខ្មែរ
កម្ពុជានឹងទទួលផលពីប្រេងក្នុងបាតសមុទ្ទនៅឆ្នាំ២០១១
ការជំរុញការធ្វើពាណិជ្ជកម្មខ្នាតតូចនៅក្នុងប្រទេសកម្ពុជា
អតិផរណាកើនដល់២៥%ក្នុងឆមាសទី១ ឆ្នាំ២០០៨
រដ្ឋាភិបាលកំពុងពិចារណាអនុញ្ញាតឲ្យបរទេសទិញផ្ទះល្វែងនៅស្រុកខ្មែរបាន
កាសែតក្នុងស្រុក៖ ប្រ៊ូណេចរចាសុំទិញអង្ករពីប្រទេសកម្ពុជា
ពលរដ្ឋនៅកំពង់ចាម សុំឲ្យគណបក្សឈ្នះឆ្នោតជួយធ្វើឲ្យទំនិញចុះថ្លៃ
ក្រុមហ៊ុនដឹកភ្ញៀវទេសចរនៅប៉ោយប៉ែត ត្អូញត្អែរអំពីសមាគមទេសចរណ៍