គ្រួសារ​អ្នក​ស្លាប់​ដោយសារ​ដាច់​ស្បៀង​នៅ​កំពង់ស្ពឺ​ទទួល​អំណោយ

គ្រួសារ​សព​និង​ក្រុមប្រឹក្សា​ឃុំ​ពោធិ៍អង្គ្រង ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា អំណោយ​សង្រ្គោះ​ពី​ថ្នាក់ ឃុំ​និង​ខេត្ត បាន​ផ្តល់​ដល់​គ្រួសារ​បុរស​ឈ្មោះ មាន គង្គា ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​១២ ឧសភា ដោយ​ខ្វះខាត​អាហារ​ទទួល​ទាន​នៅ​ភូមិ​ត្រពាំងកក់​នោះ​ហើយ។

0:00 / 0:00

ភរិយា​សព​ថ្លែង​ថា អំណោយ​សង្រ្គោះ​បន្ទាន់​បាន​ផ្តល់​២​លើក។ លើក​ទី​១ នៅ​ថ្ងៃ​២១ ខែ​ឧសភា អំណោយ​ពី​ឃុំ​ពោធិ៍អង្រ្គង និង​ស្រុក​បរសេដ្ឋ មាន​ប្រាក់​៩​ម៉ឺន​រៀល អង្ករ​៣០​គីឡូក្រាម មី​១០​កញ្ចប់ ខ្ទឹម​ស​១​គីឡូក្រាម ស្ករ​ស​១​គីឡូក្រាម ប៊ីចេង​កន្លះ​គីឡូក្រាម ប្រេង​ឆា​១​ដប ទឹក​ត្រី​៦​ដប។ អំណោយ​លើក​ទី​២​ពី​ខេត្ត​នៅ​ថ្ងៃ​២៥ ខែ​ឧសភា កាកបាទ​ក្រហម​ខេត្ត​បាន​ផ្តល់​អង្ករ​៥០​គីឡូក្រាម ស្ករ​ស​១​គីឡូក្រាម ទឹក​ត្រី​៣​ដប ទឹក​ស៊ីអ៊ីវ​៣​ដប មី​១០​កញ្ចប់ ទឹក​ដោះ​គោ​៦​កំប៉ុង ទឹក​ផ្លែ​ឈើ​២​កំប៉ុង ត្រី​ខ​៨​កំប៉ុង សាប៊ូ​២​ដុំ សារុង​១ និង​ក្រមា​១។

អ្នកស្រី ស៊ុំ ឡៃ បន្ត​ថា ថវិកា​៩​ម៉ឺន​នោះ​គាត់​បាន​សង​រួច​បំណុល។ ឯ​អំណោយ​ស្បៀង​នោះ​គាត់​អាច​សំចៃ​ហូប​បាន​យូរ​ថ្ងៃ​ទៅ​មុខ​ដែរ ៖ «ក្រោយ​ពី​គ្រួសារ​ស្លាប់​ទៅ​គេ​បាន​ជួយ​អង្ករ​បន្តិច​បន្តួច​ហ្នឹង បាន​គ្រាន់​ហូប​មួយ​ខែ»

អនុ​ភូមិ​ត្រពាំងកក់​ឲ្យ​ដឹង​ថា ក្រៅ​ពី​គ្រួសារ​អ្នក​ដែល​បាន​ស្លាប់​អ្នក​ភូមិ​ជា​ច្រើន​ទៀត​កំពុង​រស់នៅ​ដោយ​ការខ្វះខាត ៖ «ស្នើ​ទៅ​ពីរ​បី​សា​ទៅ​អត់​មាន​ឃើញ។ អត់​មាន​សង្គមកិច្ច​មាន​អី​ចុះ​មក​សួរ មក​ចែក​អំណោយ​អី អត់​ទេ។ ដោះស្រាយ​ជីវភាព​រៀងៗ​ខ្លួន ការជួយ​មាន​តែ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក​ហ្នឹង​ទេ»

ជំទប់​ទី​២ ឃុំ​ពោធិ៍អង្រ្គង លោក ពៅ ជិន ថ្លែង​ថា អាជ្ញាធរ​ឃុំ​បាន​ស្រង់​ស្ថិតិ​អ្នក​ខ្វះខាត​រស់​ក្រោម​បន្ទាត់​ក្រីក្រ​តាំង​ពី​ខែ​១ ដើម​ឆ្នាំ​២០០៩​មក មាន​ជាង​៣០០​គ្រួសារ ប៉ុន្តែ​យឺតយ៉ាវ​ក្នុង​ការជួយ។

លោក​ឲ្យ​ដឹង​ថា ក្បែរ​ផ្ទះ​អ្នក​ទើប​ស្លាប់​ឈ្មោះ មាន គង្គា នោះ មាន​គ្រួសារ​១​ទៀត ឈ្មោះ កែវ ថន និង​ភរិយា​ឈ្មោះ ង៉ែត ជឿន កំពុង​ខ្វះខាត​ខ្លាំង​ដូច​គ្រួសារ មាន គង្គា ដែរ។ លោក​សុំ​រដ្ឋាភិបាល​ឲ្យ​ជួយ​ផ្តល់​ស្បៀង​បន្ទាន់​ដល់​គ្រួសារ​ខ្វះខាត​នោះ​ផង។

លោក ពៅ ជិន បាន​ឲ្យ​ដឹង​ថា ៖ «ប្រជុំ​ព្រឹក​មិញ​ហ្នឹង​ក្រុមប្រឹក្សា​ឃុំ​ថា​អ៊ីចេះ បើ​ដឹង​យើង​ខ្វះ​ខាត​ហើយ​ម៉េច​មិន​ជួយ​សង្ឃទាន»

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក កង ហ៊ាន ធ្លាប់​មាន​ប្រសាសន៍​ថា អាជ្ញាធរ​គ្រោះ​មហន្តរាយ​ខេត្ត​មាន​ផែនការ​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាជន​ក្រីក្រ​ទាំង​នោះ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា​នឹង​ជួយ​នៅ​ពេល​ណា​ទេ។

លោក កង ហ៊ាន បាន​បញ្ជាក់​ថា ៖ «អា​ហ្នឹង​វា​ធម្មតា​ទេ ក្នុង​មួយ​ខេត្ត ក្នុង​មួយ​ស្រុក​ត្រូវ​មាន​ស្លាប់​ម្នាក់ ស្លាប់​អី ដោយសារ​ឈឺ ដោយសារ​អី អា​ហ្នឹង​វា​ធម្មតា​ទេ មិន​មែន​ស្លាប់​ដោយសារ​អត់​បាយ​ឯ​ណា! គឺ​ថា​យើង​នឹង​ដោះស្រាយ​ជូន មិន​មាន​បញ្ហា​អី​ទេ។ ខ្វះ​អី​គឺ​ថា​មូលដ្ឋាន​គេ គេ​ប្រាប់​មក​ខ្ញុំ​តើ! គេ​មិន​មែន​មិន​ប្រាប់​ឯ​ណា!»

មន្រ្តី​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ថ្លែង​ថា នៅ​ក្នុង​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ មាន​របាយការណ៍​អ្នក​ស្លាប់​ដោយ​ខ្វះ​ខាត​ជីវជាតិ​អាហារ​ជា​បន្ត​បន្ទាប់ ហើយ​អង្គការ​នេះ​បាន​ជួយ​បំប៉ន​ចំណី​អាហារ​ដល់​កុមារ​និង​អប់រំ​មនុស្ស​ចាស់​ជា​រៀង​រាល់​ខែ​ពី​សុខភាព។

លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ខ្មែរ​គួរតែ​ផ្តល់​អំណោយ​មុន​ពេល​ដែល​អ្នក​ខ្វះ​ខាត​ស្លាប់​ឬ​ផ្តល់​ការងារ​ដល់​អ្នក​ទីទ័ល​ក្រ​ឲ្យ​រក​ចំណូល​ចិញ្ចឹម​ជីវិត​ទើប​ជា​ការប្រសើរ៕