ក្រុមគ្រួសាររងគ្រោះនៃអំពើឆបោកបានអំពាវនាវរកការជួយពីសមត្ថកិច្ចមូលដ្ឋាននិងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងប្រទេសកម្ពុជាឲ្យជួយអន្តរាគមន៍ធ្វើយ៉ាងណាចាត់វិធានការចាប់ខ្លួនឈ្មោះ ស៊យ គង់ ដែលរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើឆបោកទឹកប្រាក់ចំនួនជាង៤០០០ដុល្លារជាមួយនឹងការធានាថា ខ្លួននឹងអាចយកប្រាក់នេះដើម្បីរត់ការដោះលែងមនុស្សចំនួនបីនាក់ចេញពីគុកព្រៃស ដែលត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់គុកម្នាក់ៗមួយឆ្នាំកន្លះ ក្រោមបទចោទប្រកាន់ថាបានកាប់ទន្រ្ទានព្រៃឈើខុសច្បាប់ក្នុងខែត្រព្រះវិហារកន្លងទៅនេះ។
លោកស្រី យ៉ង រឿន អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមគ្រួសាររបស់លោកស្រីបានប្រមូលប្រាក់សរុបចំនួន៤៩៥០ដុល្លារអាមេរិកប្រគល់ឲ្យលោកស្រីឈ្មោះ ស៊យ គង់ ជាអ្នកស្រុកភូមិជាមួយគ្នា ដែលគេបានអះអាងថា គេអាចយកប្រាក់នោះជួយរត់ការជាមួយនឹងមន្រ្តីតុលាការក្រុងភ្នំពេញនិងអាជ្ញាធរនគរបាលដើម្បីដោះលែងកូនប្រុសរបស់លោកស្រីចំនួនបីនាក់ឲ្យមានសេរីភាពពីគុកព្រៃស។
លោកស្រី យ៉ង រឿន បានមានប្រសាសន៍ថា ៖ «ប្រាប់ថាលុយហ្នឹងឲ្យតែខ្ញុំប្រគល់ឲ្យគេ គេនឹងជួយដោះកូនខ្ញុំឲ្យរួច ហើយគេថាបើមិនរួច គេឲ្យលុយហ្នឹងវិញ គេមិនឲ្យបាត់ទេ តែមួយរៀលគេមិនឲ្យបាត់ផង»។
សុខ សេរី ៖ កូនរបស់លោកស្រីមានប៉ុន្មាននាក់ដែលជាប់គុកហ្នឹង? យ៉ង រឿន ៖ កូនខ្ញុំ៣នាក់។
លោកស្រីបានឲ្យដឹងថា កូនប្រុសរបស់លោកស្រីឈ្មោះ ម៉ាន់ ចាន់ថន និង ម៉ាន់ ចន្ថា កំពុងតែជាប់ក្នុងគុកព្រៃសនៅទ្បើយ ចំណែកឯកូនប្រុសម្នាក់ទៀតឈ្មោះ រឹម រឿយ ត្រូវបានគេដោះលែងរួចហើយឲ្យមានសេរីភាពវិញកាលពីប៉ុន្មានខែមុននេះ។
ផ្អែកតាមប្រភពបានឲ្យដឹងថា កូនប្រុសរបស់លោកស្រីចំនួនបីនាក់នោះត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់គុកម្នាក់ៗមួយឆ្នាំកន្លះ កាលពីខែវិច្ឆិកា ឆ្នាំ២០០៧កន្លងទៅ ក្រោមបទចោទថាបានកាប់ទន្រ្ទានព្រៃឈើខុសច្បាប់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក អ៊ុង តឿង ជាសាក្សីដែលបានប្រគល់ប្រាក់នោះឲ្យទៅលោកស្រីឈ្មោះ ស៊យ គង់ ឲ្យជួយរត់ការដោះលែងបានថែ្លងឲ្យដឹងថា ៖ «ព្រួយបារម្ភក្ដៅក្រហាយនោះ វាហួសពីព្រួយទៅហើយ រៀលខ្លះ ដុល្លារខ្លះ វា៤៩៥០ (ដុល្លារ)»។
សាក្សីម្នាក់ទៀតឈ្មោះ នឿន នួន បានថែ្លងឲ្យដឹងថា ៖ «យកលុយទៅឲ្យហើយ ខ្ញុំទៅសួរថាចាំមួយអាទិត្យទៀត ផុតមួយអាទិត្យហ្នឹងទៅ ខ្ញុំទៅសួរថ្ងៃក្រោយទៀត ថាចាំបីថ្ងៃទៀត បីថ្ងៃទៀតខ្ញុំទៅសួរទៀត គេថាចាំបួនប្រាំថ្ងៃទៀត»។
មិនអាចទាក់ទងលោកស្រី ស៊យ គង់ ដែលរងការចោទប្រកាន់ថាជាមេបោកទឹកប្រាក់ជាច្រើនពាន់ដុល្លារអាមេរិកពីគ្រួសាររងគ្រោះខាងលើនេះដើម្បីសុំការបំភ្លឺបានភ្លាមៗទេនៅថៃ្ងសុក្រនេះ។
លោក នួន សាមិន ស្នងការនគរបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងនេះនៅទ្បើយទេ។ លោកនឹងស៊ើបអង្កេតជុំវិញករណីនេះ ៖ «ខ្ញុំមិនទាន់ក្ដាប់បានរឿងនេះទេ ព្រោះខ្ញុំនៅឆ្ងាយ»។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ឲ្យដឹងថា ដោយសារការអនុវត្តច្បាប់នៅទន់ខ្សោយនៅក្នុងប្រព័ន្ធតុលាការហើយនិងមានអំពើពុករលួយកំពុងតែរីករាលដាលបានញ៉ាំងឲ្យជនឱកាសនិយមឆ្លៀតឱកាសប្រព្រឹត្តអំពើឆបោកដើម្បីធ្វើជាមុខរបររបស់ខ្លួន៕
