ម្ដាយ​ជន​រង​គ្រោះ​គ្រោង​ប្ដឹង​ក្រុម​អង្គរក្ស​ចម ប្រសិទ្ធ

ម្តាយ​ជន​រងគ្រោះ​ដោយសារ​ក្រុម​អង្គរក្ស​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​តប់​មក​លើ​កូន​គាត់​របួស​ធ្ងន់​នោះ បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នកស្រី​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​និង​អង្គការ​សិទ្ធិ​មនុស្ស​ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​កូន​អ្នកស្រី។

0:00 / 0:00

អ្នកស្រី កង ស៊ីខែម បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ តុលា ថា អ្នកស្រី​មិន​អាច​ទ្រាំ​នឹង​ការ​ឈឺចាប់​ដោយ​មើល​ឃើញ​កូន​របស់​អ្នកស្រី​ទាំង​ពីរ​និង​ក្មួយ​ស្រី​ម្នាក់​ទៀត​ត្រូវ​ក្រុម​អង្គរក្ស​នោះ​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ ហើយ​អាជ្ញាធរ​សង្កាត់​សំរោងក្រោម ខណ្ឌ​ដង្កោ មិន​ដោះស្រាយ​ជូន​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​នេះ​បាន​ទេ។ អ្នកស្រី​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ។

អ្នកស្រី​បញ្ជាក់​ថា កូន​ប្រុស​របស់​អ្នកស្រី​ឈ្មោះ សំ ភារ៉ាត់ នៅតែ​មាន​ការ​ភ័យ​ខ្លាច​និង​រវើ​រវាយ​ជានិច្ច។ អ្នកស្រី​ខ្លាច​គេ​នឹង​មាន​ជំងឺ​ផ្លូវ​ចិត្ត​កាន់តែ​ធ្ងន់ធ្ងរ។

អ្នកស្រី កង ស៊ីខែម បាន​ឲ្យ​ដឹង​ថា ៖ «អ្នក​ធំ​ទាំង​ឡាយ តើ​យល់​ដល់​ប្រជាជន​ទាំង​អស់​នេះ​ទេ? ខ្ញុំ​ឈឺ​ចាប់​ក្នុង​នាម​ជា​ម្ដាយ​ម្នាក់ ខំ​ចិញ្ចឹម ខ្ញុំ​មិន​ដែល​ទៅ​សុំ​បាយ សុំ​អង្ករ​អស់​លោក​ណា​មួយ​ឲ្យ​លំបាក​ដល់​នាង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មួយ​នេះ​ទេ។ ខ្ញុំ​ខំ​ចិញ្ចឹម​កូន​ខ្ញុំ​លំបាក​ណាស់ វ៉ៃ​កូន​ខ្ញុំ ខ្ញុំ​ស្អប់​ណាស់ ខ្ញុំ​យក​ទៅ​នៅ​វត្ត​លោក ញ៉ាំ​ថ្នាំ​រាល់​ថ្ងៃ»

អ្នកភូមិ​ចាក់ជ្រូក​មួយ​រូប​ឈ្មោះ ស៊ីថា មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​លោក​បាន​ផ្តិត​មេដៃ​គាំទ្រ​ជន​រងគ្រោះ​ខាង​លើ​កើន​ដល់​១០០​នាក់​ហើយ ថា ពួក​គេ​ជា​ជន​ស្លូត​ត្រង់ មិន​មែន​ជា​ក្មេង​ទំនើង​ដូច​នឹង​អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក វ៉េង សូធី ដែល​បាន​ចេញ​មុខ​ដោះស្រាយ បាន​បញ្ជា​ឲ្យ​មេ​ប៉ុស្តិ៍ ក៏​ដូច​ជា​ចៅ​សង្កាត់​ឲ្យ​ដោះស្រាយ ហើយ​ចោទ​ថា ជន​រងគ្រោះ​ខាង​លើ​ជា​ក្មេង​ទំនើង​នោះ​ទេ។

លោក ស៊ីថា បាន​បញ្ជាក់​ថា ៖ «ថ្ងៃ​ក្រោយ​ប្រហែល​ជា​អង្គរក្ស​គាត់​ហ្នឹង​ប្រហែល​ជា​បង្ក​បញ្ហា កូន​ចៅ​ប្រជាជន​ក្នុង​ភូមិ​បាន​ត្រឹមតែ​សន្លប់ រង​គ្រោះ។ ប្រជាពលរដ្ឋ​ចង់​បាន​យុត្តិធម៌ មិន​ត្រូវការ​សំណង​អី​អ៊ីចឹង​ទេ សំណង​លុយ​អ្នក​ណា​ក៏​មាន​ដែរ អ៊ីចឹង​ពួក​ហ្នឹង​មាន​លុយ ដើរ​វ៉ៃ​គេ​គ្រប់​តែ​គ្នា​អ៊ីចឹង? ចង់​ឲ្យ​គាត់​ប្រដៅ​អង្គរក្ស​កុំ​ឲ្យ​ធ្វើ​អា​របៀប​អ៊ីចឹង​ទៀត»

អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក វ៉េង សូធី មិន​បាន​ធ្វើការ​អត្ថាធិប្បាយ​អំពី​ករណី​នេះ​ទេ ហើយ​សមាជិក​ក្រុម​អង្គរក្ស​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​មក​ទល់​នឹង​ពេល​នេះ។

រីឯ​ចៅ​សង្កាត់​សំរោងក្រោម​ក៏​ដូច​ជា​មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​សំរោងក្រោម លោក អ៊ឹម កាក់ ក៏​មិន​បាន​បំភ្លឺ​ជុំវិញ​ការ​ដោះស្រាយ​នេះ​ដូច​គ្នា។ លោក​មេ​ប៉ុស្តិ៍ អ៊ឹម កាក់ គ្រាន់​តែ​បញ្ជាក់​ថា លោក​មាន​តួនាទី​តូចតាច​ប៉ុណ្ណោះ។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​សិទ្ធិ​មនុស្ស​ឈ្មោះ អាដហុក លោក ចាន់ សុវ៉េត បាន​ឲ្យ​ដឹង​ជុំវិញ​បញ្ហា​នេះ​ដូច្នេះ ៖ «អង្គរក្ស​ក៏​ដោយ អ្នក​ណា​ក៏​ដោយ នៅ​ពេល​ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ហិង្សា​ដោយ​អាវុធ​ឬ​ក៏​ដោយ​កម្លាំង​កាយ​របស់​ខ្លួន អាង​ខ្លួន​ជា​អ្នក​មាន​អំណាច នេះ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ហើយ»

សូម​ជម្រាប​ថា ក្រុម​អង្គរក្ស​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ចំនួន​៦​នាក់​រង​ការ​ចោទ​ប្រកាន់​ពី​អ្នក​ភូមិ​ចាក់ជ្រូក​ថា បាន​វាយ​ធ្វើ​បាប​កូន​ប្រុស​អ្នកស្រី កង ស៊ីខែម ឈ្មោះ សំ ភារ៉ាត់ មាន​អាយុ​២២​ឆ្នាំ សន្លប់​នៅ​នឹង​កន្លែង កូន​ស្រី​ឈ្មោះ ចាន់ លិកា អាយុ​១៨​ឆ្នាំ និង​ក្មួយ​ស្រី ចាន់ លឿន អាយុ​ជាង​៣០​ឆ្នាំ អ្នក​ទាំង​ពីរ​របួស​ធ្ងន់ កាល​ពី​ថ្ងៃ​ទី​៤ តុលា​កន្លង​ទៅ៕