ស្ថានភាព​អ្នក​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​នៅ​តំបន់​វត្ត​នាគវ័ន្ត

ប្រជាពលរដ្ឋ​ប្រហែល​២០០​គ្រួសារ​កំពុង​ជ្រក​នៅ​តាម​សំយ៉ាប​អគារ​រោង​ជាង​ស្ថានីយ​រថភ្លើង មួយ​ចំនួន​ទៀត​បោះ​តង់​នៅ​តាម​ផ្លូវ​ដែក និង​ខ្លះ​ទៀត​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត និង​ផ្ទះ​បង​ប្អូន អ្នក​ជិត​ខាង​ក្បែរៗ​នោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ក្បែរ​វត្ត​នាគវ័ន្ត ក្រុង​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​នោះ។

នៅ​ពេល​នេះ​ប្រជាជន​ទាំង​នោះ​បាន​ទទួល​ជំនួយ​ពី​អាជ្ញាធរ និង​កាកបាទ​ក្រហម​កម្ពុជា​ខ្លះៗ​រួច​ហើយ ដែល​មាន​ដូច​ជា​អង្ករ ត្រី​ខ និង​មី ជាដើម។

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ភ្លើង​ឆេះ​ផ្ទះ​នោះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទេ។

ចៅ​សង្កាត់​បឹងកក់២ លោក វ៉ាន់ សារ៉េត មាន​ប្រសាសន៍​ថា នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នេះ​បាន​បណ្តាល​ឲ្យ​ខូច​ខាត​ផ្ទះ​មួយ​ចំនួន កុដិ​ព្រះ​សង្ឃ និង​តូប​សិស្ស​សាលា​នៅ​វត្ត។

លោក វ៉ាន់ សារ៉េត បាន​បញ្ជាក់​ថា ៖ «ការ​រង​គ្រោះ​នេះ​គឺ​មាន ២៥៧​គ្រួសារ ហើយ​ខូច​ខាត ១៧៨​ខ្នង​ផ្ទះ អា​ហ្នឹង​ចំពោះ​ប្រជាពលរដ្ឋ។ ដោយ​ឡែក​ព្រះ​សង្ឃ​គឺ​ខូចខាត​កុដិ ១០ កុដិ​ឈើ ៤ កុដិ​ថ្ម ៦ ហើយ​តូប​និស្សិត​ហ្នឹង​គឺ​មាន ២១​តូប ហើយ​ព្រះ​សង្ឃ​ដែល​រង​គ្រោះ​គឺ​មាន ៩០​អង្គ ហើយ​និស្សិត ១៨១​នាក់»