មហាសោកនាដកម្មដ៏សែនជូរចត់នៅលើស្ពានកោះពេជ្រ ដែលបានកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ជាថ្ងៃបុណ្យអុំទូកចុងក្រោយ រហូតមកដល់ថ្ងៃទីព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា មានរយៈពេល ៥ថ្ងៃហើយ។
ក្នុងរយៈពេល ៥ថ្ងៃមកនេះ ប្រជាពលរដ្ឋខ្មែរមានភាពសោកសៅជាទីបំផុត ដោយបែកបងប្អូន បែកកូន ឪពុកម្ដាយនៅក្នុងឧបទ្ទវហេតុមនុស្សផ្អើលជាន់គ្នានៅលើស្ពានកោះពេជ្រ បណ្ដាលឲ្យមនុស្សប្រមាណ ៣៤៧នាក់ស្លាប់ និង ៣៩៥នាក់រងរបួស នេះជាតួលេខចុងក្រោយដែលវិទ្យុអាស៊ីសេរីទទួលបានកាលពីថ្ងៃ២៥ វិច្ឆិកា ពីមន្ត្រីរដ្ឋាភិបាល។
អ្នកស្លាប់ និងអ្នករបួសទាំងនោះ ភាគច្រើនស្ថិតក្នុងវ័យពេញកម្លាំងក្នុងការស្វែងរកការងារ រកប្រាក់ជួយចិញ្ចឹមគ្រួសារ និងកំពុងបំពេញការសិក្សាមិនទាន់ចប់នៅឡើយ។
នេះជាព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំចុងក្រោយ ពោលគឺក្រោយរបបខ្មែរក្រហមបានបញ្ចប់។
នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ជាថ្ងៃកាន់ទុក្ខដ៏ក្រៀមក្រំចំពោះជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុខ្យល់គរដួលជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រនោះ ជនរងគ្រោះសល់ពីស្លាប់ក្នុងឧបទ្ទវហេតុដែលបានចូលរួមក្នុងកិច្ចពិភាក្សានោះ លោក រស់ គង់ បានអធិប្បាយឲ្យដឹងថា នៅម៉ោងប្រមាណ ៩យប់ ថ្ងៃច័ន្ទ ទី២២ ខែវិច្ឆិកា ជាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យអុំទូក លោកបានដើរធ្វើការនៅម្ដុំសណ្ឋាគារណាហ្គាវើល នៅត្រង់នេះមានសភាពចង្អៀតពេក លោកក៏មានបំណងឆ្លងស្ពានពេជ្រទៅតំបន់កោះពេជ្រ ពេលទៅដល់ស្ពាន ពេលនោះមានមនុស្សចេញចូលឆ្លងស្ពានជាធម្មតា អ្នកដើរអាចជៀសគ្នាបាន ដោយមានអ្នកទៅមានអ្នកមកបញ្ច្រាសទិសគ្នា។
នៅប៉ុន្មាននាទីក្រោយមកទៀត លោកបានទៅដល់កណ្ដាលស្ពាន ពេលនោះស្រាប់តែមានមនុស្សកាន់តែច្រើនឡើងៗ ដើរមកលើស្ពានទាំងសង្ខាងផ្លូវ ធ្វើឲ្យលោកធ្វើដំណើរទៅមុខក៏មិនរួច ហើយចង់បកក្រោយក៏មិនរួច។
ទីបំផុតមនុស្សបានមកបុកផ្ទប់គ្នាជាប់គាំងនៅកណ្ដាលស្ពានតែម្ដង ហើយលោកបានលោតផ្លោះបង្កាន់ដៃស្ពានទៅឈរតោងខ្សែកាបនៅខាងក្រៅស្ពាន តែលោកមិនអាចមានលទ្ធភាពចេញទៅក្រៅបានទេ ដោយសារមានអ្នកដទៃទៀតធ្វើដូចគ្នាដែរ។ ភាពចលាចលបានកើតមានជាហូរហែទៅណាក៏រួច មុខមាត់ម្នាក់ៗកាន់តែស្លេកស្លាំង ហើយបានដួលជាបន្តបន្ទាប់គ្នា ខ្លះក៏ដួលសន្លប់ដោយមិនដឹងខ្លួន។
ជនរងគ្រោះសល់ពីស្លាប់ម្នាក់ទៀតដែលស្ថិតក្នុងឧបទ្ទវហេតុគួរឲ្យរន្ធត់ខាងលើនេះដែរ លោក ផែ សុវណ្ណ អាយុប្រមាណ ២៥ឆ្នាំ គេមានរបួសដៃនៅក្នុងហេតុការណ៍នោះ បានអធិប្បាយព្រឹត្តិការណ៍មុនកើតហេតុនោះដែរថា គេស្ថិតក្នុងហេតុការណ៍នោះដែរ បានឲ្យដឹងថា មានគេស្រែកថា បាក់ស្ពានហើយឆាប់នាំគ្នារត់ ហើយពេលនោះដែរនៅពេលដែលគេឡើងជាន់លើស្ពាន គេមានអារម្មណ៍ថា ស្ពាននោះចាប់ផ្ដើមញ័រហើយទន់ចុះ ប៉ុន្តែគេគិតថា ស្ពាននោះមិនអាចបាក់បានទេ ក៏ចេះតែរុលទៅមុខគ្រប់ៗគ្នា។
ស្របពេលនោះក៏មានការឈ្លោះប្រកែកគ្នារបស់ក្រុមស្ទាវមួយក្រុម ហើយបានបង្កធ្វើឲ្យមនុស្សរត់ទាក់ជើងគ្នាដួលតៗគ្នា បង្កើតបានជាភាពវឹកវរខ្លាំងឡើងៗតែម្ដង។
ពេលមានកើតចលាចលភ្លាមៗគេមិនឃើញមានកម្លាំងប៉ូលិសធ្វើអន្តរាគមន៍ទេ លុះក្រោយមកទើបមានប៉ូលិសប្រហែលជា ៥នាក់មកជួយលើកអ្នកដួលខ្លះ តែមិនបានធ្វើឲ្យស្ថានការណ៍ធូរស្រាលបានទេ។
ចំពោះស្ថានភាពមនុស្សដួលគរលើគ្នារើខ្លួនមិនរួចនោះ ផែ សុវណ្ណរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ ៖ «ធ្វើឲ្យខ្ញុំមើលឃើញរាងច្បាស់ គឺភាពឈឺចាប់របស់គាត់ អ្នកដែលស្រទាប់ក្រោមមុននឹងគាត់សន្លប់ ស្លាប់ហ្នឹងឯង គឺអ្នកនៅក្រោមគេគាត់មានឈាមហូរតាមមាត់ តាមច្រមុះ ហើយអ្នកខ្លះគាត់ប្រឹងរើ ពិសេសអ្នកនៅខាងក្រោម ស្រទាប់ទី១ ទី២ហ្នឹងឯង គឺចេញពពុះតាមមាត់។ ខ្ញុំបានត្រឹមតែមើល ហើយខ្ញុំគាំងមួយរំពេច កម្រើកដៃកម្រើកជើងអត់រួចទេពេលនោះ»។
ចំពោះលោក រស់ គង់ វិញ នៅពេលដែលដឹងខ្លួនពិបាកនឹងរកច្រកចេញមកក្រៅបាននោះ លោកបានបោះបង់ការព្យាយាម ហើយងាកមកគិតគូរពីការជួយសង្គ្រោះជនរងគ្រោះវិញទៅតាមលទ្ធភាព។ ពេលនោះម៉ោងជិត ១១យប់ទៅហើយ កន្លែងជាប់គាំងខ្លាំងនៅកណ្ដាលស្ពាន ចាប់ផ្ដើមមានប៉ូលិសចូលទៅដល់បណ្តើរៗ លោកក៏បានប្រគល់ក្មេងស្រីម្នាក់ ដែលលោកបានជួយតាំងពីដើមទីឲ្យគេចផុតពីការដួលជាន់លើគ្នានៅកណ្ដាលស្ពាននោះ ប្រគល់ឲ្យប៉ូលិសនាំចេញទៅក្រៅ ហើយលោកបានធ្វើកិច្ចការរបស់លោកបន្តទៀតក្នុងការជួយសង្គ្រោះជនរងគ្រោះ។
ទាក់ទងដល់សកម្មភាពជួយសង្គ្រោះបន្ទាន់របស់ក្រុមសមត្ថកិច្ចវិញ លោក រស់ គង់ បានមានប្រសាសន៍ឲ្យដឹងថា នៅមានកម្រិតទាបណាស់ គឺមិនអាចឆ្លើយតបនឹងចំនួនអ្នករងគ្រោះឡើយ ដែលធ្វើឲ្យអ្នករងគ្រោះប្រឈមមុខនឹងការស្លាប់មានចំនួនកើនឡើង ៖ «នៅពេលដែលលើកទៅដល់ខាងក្រៅ មានពេទ្យមានអីបន្តិចបន្តួច ខ្ញុំមិនអាចថាអត់មានទេ ព្រោះមានឡានសាមុយឡានអីមកហើយ ប៉ុន្តែមិនគ្រប់គ្រាន់ទៅនឹងចំនួនប្រជាពលរដ្ឋដែលរងគ្រោះច្រើនពេក»។
លោកបន្តថា នៅពេលអ្នករងគ្រោះបានយកចេញមកដល់ខាងក្រៅហើយ បើសិនជាមានឧបករណ៍ជួយសង្គ្រោះគ្រប់គ្រាន់ ដូចជាក្រុមគ្រូពេទ្យជំនាញ ខ្យល់អុកស៊ីហ្សែនគ្រប់គ្រាន់ជាដើមនោះ លោកជឿថា អ្នកស្លាប់មិនមានចំនួនច្រើនដល់ម្ល៉ឹងទេ។
ដើម្បីជៀសវាងកុំឲ្យមានសោកនាដកម្មដ៏ជូរចត់បែបនេះទៀត លោក រស់ គង់ បានសំណូមពរយ៉ាងដូច្នេះ ៖ «សមត្ថកិច្ចគួរតែរៀបចំឲ្យបានល្អប្រសើរជាងនេះ នៅពេលដែលមានពិធីបុណ្យជាតិធំៗ ដែលមានមនុស្សចូលរួមច្រើន ជាពិសេសនៅតំបន់ដែលប្រឈម ដូចជាតំបន់ផ្លូវឆ្លងកាត់អីហ្នឹងជាដើម ដែលមានច្រកតូចចង្អៀត យើងគួរតែមានសមត្ថកិច្ចប្រចាំជានិច្ចក្នុងការជួយអន្តរាគមន៍ករណីស្ទះណាមួយ»។
មកទល់ពេលនេះ ព្រឹត្តិការណ៍មនុស្សប្រុសស្រីជិត ១.០០០នាក់បានស្លាប់ និងរបួសលើស្ពានកោះពេជ្រ បានកន្លងផុតទៅហើយ។ អ្នកស្លាប់បានត្រូវសាច់ញាតិយកទៅធ្វើបុណ្យ និងអ្នករបួសមួយចំនួនធំនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនានានៅឡើយ។ មនុស្សនៅរស់ជាអ្នករងគ្រោះ និងប្រជាពលរដ្ឋខ្មែរទូទៅនៅចងចាំរឿងនោះ។ នេះជាមេរៀនមួយដែលមិនអាចឲ្យងាយភ្លេចបានដោយងាយៗឡើយ៕
