ប្រជាសហគមន៍ការពារធនធានធម្មជាតិភូមិឡំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា រថយន្តមួយគ្រឿងនិងម៉ាស៊ីនកាត់ឈើរបស់ជនជាតិវៀតណាម ដែលឆ្លងដែនចូលមកទឹកដីកម្ពុជាដើម្បីលួចកាប់ឈើត្រូវបានចាប់ ក៏ប៉ុន្តែភ្លាមៗនោះ បានដោះលែងវិញ បន្ទាប់ពីមានការគំរាមកំហែងនិងអន្តរាគមន៍ពីមន្ត្រីតម្រួតប៉ុស្តិ៍ព្រំដែនឲ្យអ្នកភូមិទទួលយកប្រាក់ ។
ប្រជាសហគមន៍សុះមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ពីហេតុការណ៍ ៖ «មេប៉ុស្តិ៍វាទៅគំរាមថា អ្នកភូមិគ្មានសិទ្ធិចាប់ គ្មានសិទ្ធិអី គេថា គេចង់បាញ់ចង់អី ។ គេដោះទៅវិញហើយ ព្រោះគេឲ្យលុយ ២លាន» ។
តាមសេចក្តីរាយការណ៍ពីមន្រ្តីក្រុមប្រឹក្សាឃុំប៉ក់ញ៉ៃ ឲ្យដឹងថា ហេតុការណ៍ខាងលើកើតឡើងកាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០០៨ នៅចំណុចព្រៃសហគមន៍អភិរក្សអូរតាង ចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីព្រំដែនក្នុងភូមិឡំ ប្រជាសហគមន៍ ១៦នាក់ បានល្បាត ហើយប្រទះឃើញវៀតណាមមួយក្រុមកំពុងអាររំលំឈើប្រមាណ ៣០ ទៅ ៤០ដើម អារជាឈើជ្រុងបម្រុងដឹកចេញ ក៏ប៉ុន្តែអ្នកភូមិបានចាប់យកម៉ាស៊ីនកាត់ឈើ ហើយរាយការណ៍មកអាជ្ញាធរឃុំជាមួយនោះដែរ ក៏មានកិច្ចអន្តរាគមន៍ពីនាយតម្រួតវរយោធាការពារព្រំដែន លោក សុខ សំអូន ឲ្យសហគមន៍ដោះលែងជាថ្នូរនឹងប្រគល់ប្រាក់ ២លានរៀល ។
វិទ្យុអាស៊ីសេរីមិនអាចទំនាក់ទំនាងសុំការបំភ្លឺភ្លាមៗពីលោក សុខ សំអូន បានទេ ពីព្រោះទីតាំងលោកជាតំបន់ដាច់ស្រយាល ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី មេបញ្ជាការវរការពារព្រំដែនយោធា លោក លី សុវណ្ណារ៉ា បញ្ជាក់ពីហេតុផល ៖ «សួរនាំទៅថា មិនមែនទេ គេថា អ្នកនៅនេះគេត្រូវការជន្លង់ម្រេច យកទៅដាំម្រេចនៅវៀតណាម ដល់ហើយគេទាក់ទងសុំមេភូមិ មេភូមិគាត់កាប់ចម្ការ ក៏មានបង្គោលក្រាក់ៗ ក៏ដោះស្រាយឲ្យទៅ ហើយក៏បានប្រាប់ប៉ុស្តិ៍ ក៏ឲ្យដឹកទៅ មិនបានជម្រាបទៅប្រធានសហគមន៍» ។
ស្នងការរងប៉ូលិសខេត្តរតនគិរី លោក ហោ អង្គ មានប្រសាសន៍ថា បទល្មើសតាមខ្សែបន្ទាត់ព្រំដែនជាសមត្ថកិច្ចរបស់កងកម្លាំងការពារព្រំដែន ហើយលោកថា ការឃុបឃិតឲ្យមានការកាប់ឈើជាប្រការខុសច្បាប់ ៖ «បើប្រជាពលរដ្ឋគាត់ឃាត់ គាត់ក៏ត្រូវរាយការណ៍មកអាជ្ញាធររបស់គាត់ កាលណាអាជ្ញាធររបស់គាត់ទៅធ្វើអ៊ីចឹង វាជារឿងខុសហើយ ហើយគាត់ត្រូវតែផ្ដល់ព័ត៌មាននិងស្វះស្វែងរកវិធានការណ៍ក្នុងស្ថាប័នសមត្ថកិច្ច» ។
កាលពីខែឧសភា កន្លងទៅ អ្នកភូមិឡំ បានរាយការណ៍ថា បានរឹបអូសឈើពីររទេះគោយន្តដែលជនជាតិវៀតណាមចូលកាប់ឈើ ប៉ុន្តែបានទម្លាក់ឈើចេញប្រគល់ឲ្យសហគមន៏ដោយបោះពាក្យសម្ដីថា បានបង់ប្រាក់ឲ្យតម្រួតប៉ុស្តិ៍ព្រំដែនរួចហើយ ។
ហើយបើតាមប្រជាសហគមន៍អះអាងថា ឈើនោះប្រជាសហគមន៍បានរក្សាទុកសម្រាប់ជាវត្ថុតាងនៅឡើយ ។
ប្រធានផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី លោក វង្ស សុមេធី បដិសេធមិនធ្វើអត្ថាធិប្បាយជាមួយវិទ្យុអាស៊ីសេរីទេ នៅថ្ងៃអាទិត្យនេះ ក្រោមហេតុផលជាប់រវល់ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
មេព្រៃកាប់រំលំដើមម៉ៃសាក់នៅស្រុកបន្ទាយមាស ខេត្តកំពត
នៅរតនគិរី អ្នកភូមិរាយការណ៍ថា ព្រៃឈើអភិរក្សកំពុងរងការកាប់បំផ្លាញ
ព្រៃឈើសហគមន៍នៅឃុំត្រពាំងជោរ ខេត្តកំពង់ស្ពឺ រងការកាប់បំផ្លាញនិងទន្រ្ទានយកដី
នៅសៀមរាប ជនល្មើសឆ្លៀតឱកាសកាប់បំផ្លាញព្រៃឈើក្នុងឱកាសភ្ជុំបិណ្ឌ
ជម្រកសត្វនិងព្រៃអភិរក្សនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងរកការកាប់ទន្ទ្រាន
មនុស្សជាង៤០០នាក់នៅរតនគិរីទាមទារឲ្យទប់ស្កាត់ការជួញដូរគ្រឿងញៀន
សហគមន៍ជនជាតិព្នងនៅមណ្ឌលគិរីសំណូមពរឲ្យជួយទប់ស្កាត់ការបំផ្លាញព្រៃឈើ
មន្ត្រីសិទ្ធិមនុស្សជំរុញឲ្យមានការផ្តន្ទាទោសជនល្មើសបំផ្លាញព្រៃឈើនៅរតនគិរី
មន្ត្រីបរិស្ថានថ្លែងការពារការបាញ់គំរាមអ្នកភូមិនៅស្រុកសំឡូតខែត្របាត់ដំបង
ប្រជាសហគមន៍នៅក្រចេះសំណូមពរឲ្យសមត្ថកិច្ចជួយទប់ស្កាត់បទល្មើសព្រៃឈើ