អ្នក​ភូមិ​ប្រទះ​ឃើញ​វៀតណាម​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​នៅ​រតនគិរី

អ្នក​ភូមិ​ជន​ជាតិ​ចារ៉ាយ​ដែល​ជា​សហគមន៍​អ្នក​ការពារ​ព្រៃ​ឈើ​នៅ​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា សកម្មភាព​លួច​កាប់​ឈើ​នា​តំបន់​ព្រៃ​ក្បែរ​ព្រំដែន​នៅ​តែ​បន្ត​កើត​មាន​ដោយ​ជន​ជាតិ​វៀតណាម​លួច​ឆ្លង​ដែន​ចួល​មក​កាប់​ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ទឹក​ដី​វៀតណាម។

0:00 / 0:00

តំណាង​សហគមន៍​លោក រម៉ាស់ ណឺន បញ្ជាក់​ថា អ្នក​ភូមិ​ជា​អ្នក​ដើរ​ព្រៃ​ប្រទះ​ឃើញ​ជន​ជាតិ​វៀតណាម​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​កាល​ពី​សប្តាហ៍​មុន​នេះ បាន​ឆ្លង​ចូល​ផុត​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ចន្លោះ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ និង​ប៉ុស្តិ៍​អូរ​ថ្ម ក្នុង​ព្រៃ​ជាប់​ព្រំដែន​ចម្ងាយ​ជាង ៦​គីឡូ​ម៉ែត្រ​ពី​ភូមិ​ឡំ និង​ជិត​ចំណុច​អូរ​ច្រាង ទី​ដែល​អ្នក​ភូមិ​ធ្លាប់​រក​ឃើញ​មាន​ការ​លួច​កាប់​តាំង​ពី​ឆ្នាំ​២០០៧​រហូត​មក។

លោក រម៉ាស់ ណឺន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «គេ​ដើរ​ព្រៃ​ដើរ​អី គេ​បណ្ដើរ​ឆ្កែ​ជួប​ទៅ គេ​ប្រាប់​សហគមន៍។ គេ​ចេះ​តែ​មកៗ​អ៊ីចឹង​ពិបាក​ដែរ ព្រោះ​យើង​អត់​ដឹង​នរណា​ឲ្យ​មក។ ប៉ូលិស​គេ​ព្រងើយ​កន្តើយ គេ​អត់​រវល់​ការងារ​ហ្នឹង​ផង។ ចូល​ដី​យើង​គេ​កាប់​មិន​ដឹង​ប៉ុន្មាន​លើក​ប៉ុន្មាន​សា​ហើយ ចាប់​ម្ដង​ហើយ​នៅ​កន្លែង​ហ្នឹង ប៉ុន្តែ​គេ​នៅ​មក​ធ្វើ​ទៀត»

ចំណែក​សមាជិក​សហគមន៍​ម្នាក់​ទៀត​ឈ្មោះ សល់ សត់ បញ្ជាក់​ទៀត​ថា អ្នក​លួច​កាប់​ឈើ​មិន​ចូល​ជ្រៅ​ក្នុង​ដី​ខ្មែរ​ដូច​មុន​ទេ ហើយ​ឈើ​មាន​តម្លៃ​ជា​ច្រើន​ត្រូវ​គេ​លួច​កាប់​បន្ត បន្សល់​តែ​គល់​ដែល​ទើប​កាប់​ថ្មីៗ​នៅ​ឡើយ ៖ «យួន​កាន់​ម៉ាស៊ីន ចម្ងាយ​គេ​កាប់​ជាប់ៗ​ក្រវាត់​ព្រំដែន​ហ្នឹង»

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី​ទទួល​បន្ទុក​ការងារ​ព្រំដែន​លោក ស៊ូវ៉ាន់ ខាំវ៉ាន់ បដិសេធ​ថា ទី​នោះ​មាន​ការ​ដាក់​កម្លាំង​ឃ្លាំ​មើល​តឹងរ៉ឹង ហើយ​មិន​អាច​មាន​ការ​លួច​កាប់​បាន​ទៀត​ទេ អាច​ជា​ការ​ភាន់​ច្រឡំ ៖ «វា​មិន​ចូល​ជិត​ប៉ុស្តិ៍​យើង​ឯណា វា​ឆ្ងាយ​ពី​ប៉ុស្តិ៍​យើង។ ឥឡូវ​យើង​ទប់​ហើយ ស្ងាត់​ហើយ។ ខ្ញុំ​ដាក់​កម្លាំង​គ្នា​ខ្ញុំ​នៅ​ហ្នឹង​ទៀត ទៅ​ឃ្លាំ​មើល ឲ្យ​តែ​មាន ចាប់​យក​មក​ដាក់​ស្នងការ​តែ​ម្ដង»

ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក យូកាន វិមាន មាន​ប្រសាសន៍​ដែរ​ថា បទ​ឆ្លង​ដែន​ជាសមត្ថកិច្ច​របស់​តម្រួត​ព្រំដែន​ត្រូវ​ទប់​ស្កាត់។ យ៉ាង​នេះ​ក្តី លោក​ថា សហគមន៍​គួរ​ផ្តល់​ព័ត៌មាន​បន្ទាន់​ទៅ​មន្ត្រី​ព្រៃ​ឈើ​ដែល​នៅ​ជិត​ទីតាំង​កើត​ហេតុ​ដើម្បី​អន្តរាគមន៍​ជួយ​ទប់​ស្កាត់ ប្រសិន​បើ​មាន​បទ​ល្មើស​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​នោះ។

លោក យូកាន វិមាន ថ្លែង​ដូច្នេះ​ថា ៖ «បង​ប្អូន​ប្រជាពលរដ្ឋ ឬ​ក៏​កម្លាំង​ប្រដាប់​អាវុធ​ដែល​ទទួល​បាន​ព័ត៌មាន​នេះ ត្រូវ​តែ​រាយការណ៍​មក​ជា​បន្ទាន់​មក​មេ​ព្រៃ​ដែល​ជិត​ហ្នឹង ដើម្បី​សហការ​អនុវត្ត​ការងារ​ឬ​ក៏​អាច​ឃាត់​ជា​បណ្ដោះ​អាសន្ន​ដើម្បី​ហៅ​មន្រ្តី​សមត្ថកិច្ច​ជំនាញ​គេ​ទៅ​ធ្វើការ»

ប្រភព​សហគមន៍​ឲ្យ​ដឹង​កាល​ពី​ដើម​ខែ​ឧសភា​ថា ពួក​គាត់​ជា​អ្នក​ការពារ​ព្រៃ​ឈើ​ចាប់​បាន​ជន​ជាតិ​វៀតណាម ៤​នាក់ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ទៅ​វិញ ដោយ​គ្មាន​ការ​ផ្តន្ទា​ទោស ហើយ​ថែម​ទាំង​គាប​សង្កត់​មក​លើ​អ្នក​ភូមិ​ទៅ​វិញ។

យ៉ាង​ដូច្នេះ​ក៏​ដោយ អ្នក​ភូមិ​នៅ​តែ​បន្ត​ការ​តវ៉ា​ដោយ​រឹប​អូស​រថយន្ត​ប្រគល់​ឲ្យ​មន្រ្តី​ព្រៃ​ឈើ និង​ទាម​ទារ​ឲ្យ​មាន​ការ​ផ្តន្ទា​ទោស​ជន​ល្មើស​ដើម្បី​បញ្ឈប់​ការ​លួច​កាប់​ឈើ​ខ្មែរ​ត​ទៅ​ទៀត៕