ពលរដ្ឋ​អះអាង​ថា​វៀតណាម​បន្ត​ចូល​ដី​កម្ពុជា​និង​មាន​សិទ្ធិ​ទិញ​ដី​ខ្មែរ​រស់នៅ

ពលរដ្ឋ​ស្រុក​បូរីជលសារ ខេត្ត​តាកែវ អះអាង​ថា ជន​ជាតិ​វៀតណាម បន្ត​ឆ្លង​ចូល​ប្រទេស​កម្ពុជា ដើម្បី​មាន​សិទ្ធិ​រស់នៅ​ដូច​ពលរដ្ឋ​កម្ពុជា ជា​បន្តបន្ទាប់ បើ​ទោះ​ជា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​កំណត់​ហើយ​យ៉ាង​ណា​ក្ដី។
ដោយ ម៉ម មុនីរតន៍
2012-10-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អន្តោប្រវេសន៍​វៀតណាម ៣០៥
៨-តុលា-២០១២៖ ទូក​របស់​ជន​អន្តោប្រវេសន៍​វៀតណាម កំពុង​បើក​លក់​បន្លែ ត្រី​សាច់ ក្នុង​ស្ទឹង​មួយ​របស់​ខ្មែរ ស្ថិត​ក្នុង​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ។
RFA/Morm Moniroth

លោក មាស សារេន ជា​ពលរដ្ឋ​ឃុំ​កំពង់អំពិល ស្រុក​បូរីជលសារ លោក​អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម បន្ត​ហូរ​ចូល​ប្រទេស​កម្ពុជា មិន​ឈប់​ឈរ​ទាំង​នៅ​មុន​ការ​កំណត់​បោះ​បង្គោល​ព្រំដែន និង​ក្រោយ​ពេល​ប្រទេស​ទាំង​ពីរ​កំណត់​ដែន​សីមា​ជា​ផ្លូវ​ការ។ លោក​បន្ត​ថា ពលរដ្ឋ​វៀតណាម នៅ​តែ​បន្ត​ឆ្លង​ចូល​ទឹកដី​នៃ​ប្រទេស​កម្ពុជា ដោយ​ពុំ​មាន​ឧបសគ្គ​អ្វី​នោះ​ឡើយ។ លោក​គិត​ថា ប្រសិន​បើ​បញ្ហា​នេះ​រដ្ឋាភិបាល​មិន​អនុវត្ត​ច្បាប់ ស្ដីពី​ជន​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ មាន​ន័យ​ថា ទឹកដី​កម្ពុជា​បច្ចុប្បន្ន អាច​ប្រឈម​បាត់​បង់​ទៅ​ថ្ងៃ​អនាគត ព្រោះ​មាន​កម្ពុជា​ក្រោម​ជា​គំរូ​ស្រាប់។

លោក មាស សារេន៖ «ដូច​ថា មាន​បងប្អូន​មក​មួយ​អ៊ីចឹង ដល់​ក្រោយ​មក ចេះ​តែ​អូស​ទាញ​អ៊ីចឹង អូស​ទាញ​គ្នា​វា​ចូល​បន្ថែម​មក​រក​មុខ​របរ​នេះ រក​មុខ​របរ​នោះ ចូល​បន្ថែម​មក។ បោះ​ទីតាំង​ដូច​ថា​ដី​កន្លែង​ណា​នេះ វា​ចាប់​នៅ​អ៊ីចឹង​ទៅ ដូច​ថា​ស៊ីសស៊ុស​នាយ​អាយ​អ៊ីចឹង​ទៅ នៅ​បណ្ដោះ​អាសន្ន ដល់​នៅ​យូរៗ​ដូច​ថា អានេះ​ប្រៀប​ដូច​ថា​បញ្ញើក្អែក ទំ​យូរៗ​ទៅ វា​បង្កើត​បាន​ទៅ​ជា​ចាក់​ជា​ឫស​ជា​គល់ ហើយ​វា​កើត​ទៅ​ជា​ផ្លែផ្កា​បាន»

ឯកសារ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច និង​ឥណ្ឌូចិន ក្នុង​ឆ្នាំ​២០០០ ដែល​តាក់តែង​ឡើង​ដោយ​លោក នួន ឃឿន បាន​ចោទ​ជា​សំណួរ​ថា តើ​ប្រទេស​វៀតណាម នឹង​ក្លាយ​ទៅ​ជា​ប្រទេស​អាល្លឺម៉ង់ ឬ​ជប៉ុន ទី២ ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ក្នុង​ពេល​អនាគត ឬ​យ៉ាង​ណា? ក្នុង​ន័យ​នេះ បើ​តាម​ឯកសារ​ដែល​និពន្ធ និង​ចងក្រង​ឡើង​ដោយ​លោក នួន ឃឿន បញ្ជាក់​ថា ការ​វាតទី​យក​នគរ​ចម្ប៉ា មិន​ទាន់​ចប់​ស្រេច​បាច់​នៅ​ឡើយ​ផង តែ​ពលរដ្ឋ​វៀតណាម ក៏​បន្ត​សម្រុក​ចុះ​មក​ក្រោម​ទៀត​រហូត​គ្រប់គ្រង​បាន​ទឹកដី​កម្ពុជា​ក្រោម។ តាម​ស្ថិតិ​ចុង​សតវត្ស​ទី១៧ បញ្ជាក់​ថា មាន​ពលរដ្ឋ​កម្ពុជា រស់នៅ​កម្ពុជា​ក្រោម​ប្រហែល ៤ម៉ឺន​គ្រួសារ ស្មើ​ប្រមាណ ២០ម៉ឺន​នាក់​ប៉ុណ្ណោះ​នា​សម័យ​នោះ។

ក្រុម​ពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ ដែល​ជា​ខេត្ត​មួយ​ជាប់​នឹង​ខេត្ត​អានយ៉ាង (An Giang) ប្រទេស​វៀតណាម ដែល​ជា​អតីត​ខេត្ត​មាត់​ជ្រូក ក្នុង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។ ពួក​គេ​អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម បាន​ឆ្លង​ចូល​ទឹកដី​ខ្មែរ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​តាម​រយៈ​ការ​ដោះដូរ​ទំនិញ ការ​ធ្វើ​អាជីវកម្ម និង​មាន​សិទ្ធិ​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់ ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ថែម​ទៀត​ផង៖ «យូរ​ទៅ ខ្មែរ​យើង​បន្តិច​ទៀត លែង​មាន​ហើយ។ អូរ! ឥឡូវ​បង្កើត​សមាគម​វៀតណាម ស្ទើរ​ពេញ​ទាំង​អស់។ វៀតណាម ចូល​ដែន​ដី​យើង​គ្រប់​កន្លែង គ្រប់​ច្រក​ល្ហក​ទាំង​អស់។ យើង​គ្មាន​ទេ ណែ​ខ្មែរ​យើង​តិចតួច បើ​ប៉ះពាល់​ជាមួយ​វៀតណាម គឺ​យើង​អត់​ឈ្នះ​គេ​ទៀត យើង​មិន​ឈ្នះ​ទេ​គេ​មាន»

ឯកសារ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច និង​ឥណ្ឌូចិន ឲ្យ​ដឹង​ថា តាំង​ពី​អតីត​កាល អាណានិគម និង​មហិច្ឆតា​ពង្រីក​ទឹកដី​និយម​របស់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ គឺ​ជា​ការ​គំរាម​កំហែង​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​កម្ពុជា។ មុន​ការ​មក​ដល់​នៃ​អាណាព្យាបាល​បារាំង នៅ​ដើម​សតវត្ស​ទី១៩ ប្រទេស​កម្ពុជា និង​ឡាវ សឹង​ទទួល​ស្គាល់​វាសនា​អភ័ព្វ​ដូច​នគរ​ចម្ប៉ា និង​កម្ពុជា​ក្រោម។ ឯកសារ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រាជ្យ​ព្រះបាទ មិញ ម៉ាង (Minh Mang) ចន្លោះ​ឆ្នាំ​១៨២០ ដល់​ឆ្នាំ​១៨៤១ ប្រទេស​កម្ពុជា ទាំង​មូល​ត្រូវ​បែង​ចែក​ជា​ពីរ​ភាគ​រវាង​ថៃ និង​វៀតណាម ដែល​ព្រំ​ប្រទល់​ត្រង់​ខេត្ត​ពោធិ៍សាត់ និង​បាត់ដំបង ហើយ​ខ្សែ​បន្ទាត់​នៃ​ព្រំប្រទល់​នេះ​ឆ្លង​បឹង​ទន្លេសាប ឡើង​ទៅ​ដល់​ម្លូព្រៃ មុន​នឹង​តម្រង់​ឆ្ពោះ​ទៅ​ខេត្ត​ស្ទឹងត្រែង សព្វថ្ងៃ។

បើ​តាម​ឯកសារ​ដី ១ភាគ៣ នៃ​កម្ពុជា​ភាគ​ខាង​ជើង​បឹង​ទន្លេសាប ជា​ការ​លេប​យក​របស់​ប្រទេស​ថៃ។ ២ភាគ៣ នៃ​ផ្ទៃដី​ខ្មែរ ក្រោម​ខ្សែ​បន្ទាត់​នោះ ក្លាយ​ជា​អាណា​ខេត្ត​របស់​ប្រទេស​វៀតណាម ឈ្មោះ ត្រាន តាយ ថាញ់ (Tran Tay Thanh) ដែល​មាន​មេទ័ព ទ្រឿង មិញ យ៉ាង (Truong Minh Giang) ជា​ស្ដេច​ក្រាញ​តាំង​រដ្ឋធានី​របស់​ខ្លួន​នៅ​ណាំយ៉ាង ដែល​បច្ចុប្បន្ន​ជា​ក្រុង​ភ្នំពេញ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស លោក​ធ្លាប់​បាន​ថ្លែង​ថា ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ជន​អន្តោប្រវេសន៍​វៀតណាម បាន​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​ពុំ​មាន​ការ​ទប់​ស្កាត់​នៅ​កម្ពុជា។ លោក​គិត​ថា ក្រុម​មេ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ពុំ​មាន​សមត្ថភាព​ណា​មួយ​ក្នុង​ការ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក កឹម សុខា៖ «គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​ជាង​២០-៣០​ឆ្នាំ​មក​នេះ ហើយ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ជាពិសេស យួន​ដែល​មក​ស្រុក​ខ្មែរ​រាប់​ពាន់​រាប់​ម៉ឺន​រាប់​សែន​រាប់​លាន​នាក់ ដែល​គេ​ដឹង​គ្រប់​គ្នា​នោះ ដែល​ឃើញ​គណបក្ស​ប្រជាជន​ចាប់​យួន​ណា​ម្នាក់​បញ្ជូន​ទៅ​ស្រុក​វិញ ឬ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ហ្នឹង​ដែរ​អត់ គឺ​គេ​អត់​ដែល​ឃើញ​សោះ»

មន្ត្រី​រដ្ឋាភិបាល​តែង​បដិសេធ​ចំពោះ​ការ​រក​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ ដោយ​ចាត់​ទុក​ថា​ជា​ការ​ចោទ​ប្រកាន់​ដោយ​ពុំ​មាន​ហេតុផល​សមរម្យ និង​ថា​ជា​ការ​មើល​មិន​ឃើញ​លើ​គោល​នយោបាយ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រក្សា​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​កម្ពុជា​នេះ​ថា គឺ​ពុំ​អាច​ទទួល​យក​បាន​ទេ។ បើ​ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​របស់​មន្ត្រី​រដ្ឋាភិបាល​យ៉ាង​ណា​ក្តី តែ​គេ​សង្កេត​ឃើញ​ជន​អន្តោប្រវេសន៍​វៀតណាម បន្ត​កើន​ឡើង​ទាំង​ក្នុង​ជនបទ និង​ទីប្រជុំ​ជន​លើ​ទឹកដី​កម្ពុជា​ជា​បន្ត​បន្ទាប់។

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ព្រមាន​ថា ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​មិន​ទទួល​កំហុស​ឆ្គង​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​មិន​បាន​ដិតដល់​បែប​នេះ​ទៀត វាសនា​ប្រទេស​កម្ពុជា អាច​ប្រឈម​នឹង​ការ​បាត់​បង់​ដូច​កម្ពុជា​ក្រោម។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ លោក​ដាក់​ការ​ទទួល​ខុសត្រូវ​ដ៏​សំខាន់​ទៅ​លើ​រដ្ឋសភា​ថា គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​ត្រួត​ពិនិត្យ​រាល់​ការ​អនុវត្ត​ច្បាប់ ដោយ​រួម​ទាំង​ច្បាប់​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល។ លោក​គិត​ថា សភាជាតិ​ហាក់​មាន​ការ​ឆ្លើយ​តប​តិចតួច​លើ​ផ្នែក​នេះ៖ «ថា​តើ​សភា​តាម​ដាន​ដល់​ណា កម្រិត​ណា ហើយ​មាន​ឥទ្ធិពល​ក្នុង​ការ​តាម​ដាន​ហ្នឹង​ដល់​ណា និង​រដ្ឋសភា​តាម​ដាន​មើល​ការ​អនុវត្ត​ច្បាប់​ដែល​ខ្លួន​អនុម័ត​នោះ គឺ​ត្រូវ​តាម​ដាន​មើល ហើយ​សរសេរ​ទៅ​រដ្ឋាភិបាល ឬ​ក៏​កោះ​ហៅ​ម្ដងម្កាល ហើយ​ស្ថិតិ ​ហ្នឹង គឺ​ត្រូវ​មាន​តម្លាភាព​រឿង​អី​ត្រូវ​លាក់។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ជន​អន្តោប្រវេសន៍​សាសន៍​បារាំង​ប៉ុន្មាន សាសន៍​អាមេរិកាំង​ប៉ុន្មាន សាសន៍​អូស្ត្រាលី​ប៉ុន្មាន សាសន៍​ចិន​ប៉ុន្មាន សាសន៍​កូរ៉េ​ប៉ុន្មាន សាសន៍​ជប៉ុន​ប៉ុន្មាន សាសន៍​វៀតណាម​ប៉ុន្មាន ហូរហែ​អ៊ីចឹង​ទៅ ខាង​ថៃ​ប៉ុន្មាន​អី​ប៉ុន្មាន​មក​នៅ​ប្រទេស​កម្ពុជា យើង។ តម្លាភាព​ក្នុង​១ឆ្នាំៗ​ដាក់​ទៅ​រួច​ថា​ធ្វើ​បាន មិន​បាន ហើយ​ចាំ​តម្លាភាព​ដល់​ណា»

ក៏ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​អង្គភាព និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា លោក​ហៅ​ការ​រក​ឃើញ​ថា នេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ។ ក្នុង​ន័យ​នេះ លោក​ថា​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា៖ «តាម​រយៈ​ក្រសួង​មហាផ្ទៃ​ហ្នឹង គឺ​បាន​ចាត់​វិធានការ​ទៅ​លើ​ករណី​ផ្សេងៗ​ជាច្រើន ខ្ញុំ​ដឹង ដូច​ជា​រឿង​ជន​ជាតិ​ម៉ុងតាញ្ញា​ក្តី រឿង​ជនជាតិ​ចិន កន្លង​មក ដែល​ខុស​ច្បាប់ គឺ​យើង​បាន​អនុវត្ត​នូវ​ច្បាប់​នោះ។ ដូច្នេះ អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​បុគ្គល​ម្នាក់ ហើយ​ដែល​មិន​បាន​ចូល​ជ្រៅ​ទៅ​ក្នុង​ការ​អនុវត្ត​ផ្ទាល់ ខ្ញុំ​យល់​ថា មិន​គួរ​គប្បី​នឹង​ចាត់​ទុក​ថា​វា​ជា​របាយការណ៍​ត្រឹមត្រូវ​នោះ​ទេ»

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានការណ៍​សង្គម រិះគន់​រដ្ឋាភិបាល​ដែល​បាន​កំណត់​ព្រំដែន​គោក​ថា នោះ​គ្រាន់​តែ​ជា​ខណ្ឌ​ព្រំសីមា​រវាង​ប្រទេស និង​ប្រទេស​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ថា​ការ​ខក​ខាន​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ស្ដីពី​ជន​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ពុំ​មាន​ប្រសិទ្ធភាព គឺ​ជា​កត្តា​ចម្បង​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន​នៅ​តែ​ខក​ខាន និង​មាន​ភាព​យឺតយ៉ាវ​នៅ​ឡើយ។

យ៉ាង​នេះ​ក្ដី លោក កែម ឡី អ្នក​វិភាគ​សង្គម លោក​គិត​ថា អ្វី​ដែល​មាន​ប្រសិទ្ធភាព​លើ​ការ​គ្រប់គ្រង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​ទាមទារ​ការ​អភិវឌ្ឍ ព្រោះ​ការ​អភិវឌ្ឍ​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ភាព​គង់វង្ស​ពី​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​បន្ថែម​លើ​ការ​បោះ​បង្គោល​ព្រំដែន​ដែល​មាន​ស្រាប់។

យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​អះអាង​ថា នៅ​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ គឺ​ជា​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​មាន​ជាង​ពាក់​កណ្ដាល​នៃ​ប្រជាជន​សរុប​ក្នុង​ស្រុក​មួយ​នេះ។ ពលរដ្ឋ​ឲ្យ​ដឹង​ថា ការ​បន្ត​ចូល​មក​តាំង​ទីលំនៅ​របស់​ជន​អន្តោប្រវេសន៍​វៀតណាម ក្នុង​ស្រុក​បូរីជលសារ ដែល​ជា​ច្រក​សេដ្ឋកិច្ច​ព្រំដែន​ទឹក​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​នេះ គឺ​តាម​រយៈ​ការ​ផ្ដល់​លុយ​ឲ្យ​ប៉ូលិស​ព្រំដែន ជា​ថ្នូរ​នឹង​ការ​ឆ្លង​ចូល​មក​រស់នៅ និង​ទិញ​ដី​ខ្មែរ​ធ្វើ​ជា​កម្មសិទ្ធិ។

ក៏ប៉ុន្តែ អភិបាល​ខេត្ត​តាកែវ លោក ស្រី បេន លោក​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ​ថា ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ។ លោក​គិត​ថា ការ​ព្យាយាម​លើក​យក​បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម ថា​បាន​បន្ត​រស់នៅ​លើ​ទឹកដី​កម្ពុជា ដោយ​ខុស​ច្បាប់ គឺ​ការ​ផ្ចាញ់ផ្ចាល​ដល់​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «ហូរ​ចូល​ណា កោត​តែ​រឿង​អ៊ីចឹង​នាំ​គ្នា​និយាយ បញ្ហា​ហ្នឹង​ចេះ​តែ​មាន​បញ្ហា​ហូរ​ចូល​ដូច​តែ​មាន​និន្នាការ​តែ​វៀតណាម មួយ​ហូរ​ចូល បាន​ហើយ»

យ៉ាង​នេះ​ក្ដី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អាទិភាព​ជាង​ម្ចាស់​ប្រទេស ដូច​ជា​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​មាន​សិទ្ធិ​ចុះ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​មន្ត្រី​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​ការ​គាំទ្រ​ជាង​ពលរដ្ឋ​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Very well talk!Vuth Lee and Prey Chop,I agree with you. All things you guy said are true .
I'm very concerned about the guy(CRYING) in the earlier comment talking about this government ASSEMBLY;from what he said makes me think that,the members of the parliament and key members of Khmer government are mostly Youns,because these members are the bosses of Khmer government...now,we must find ways to eliminate these bad bosses,before they turn Cambodia to Nambodia !

Oct 14, 2012 10:48 AM

Vuth Lee

ពី pol leav(Kampuchea Krom)

Associate with Youn is clearly a suicidal decision making by our former and currently Khmer's leaders. Historically, what was Cambodia gaining from Khmer/Youn Relationship? Kampuchea Krom and Koh Trol is a reminder to all Khmers that our relationship with this Youn is NOTHING beside millions of Khmers get killed and Khmer lands had lost and is continuing to loose as long as we maitain our relationship with Youn. All Khmer's leaders should learn from our past histoty in order to reflect what Youn had done harmfully to our Nation(Cambodia).

Oct 13, 2012 09:22 AM

Prey Chop

ពី pol leav(Bac Lieu)

In order to deter the non-stop of a large influx of illegal immigrant Youn from entering Cambodia every year that in the near future the whole Cambodia would be completely swallowed by this thief Youn as of Kampuchea Krom and Trol Island, Hun Sen must be eliminated by the will of the Cambodian people through the general election in 2013. The longer Hun Sen (Youn head/Khmer body)remains in power, the sooner Cambodia will belong to Youn. All Cambodians, in any circumstances, please do not trust the land grabbing and historical enemy(Youn).

Oct 12, 2012 10:47 PM

អ្នក​អាន​អនាមិក

ពី សៀម​រាប

កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន គឺអញ្ចឹង ។

Oct 12, 2012 10:45 PM

អ្នក​អាន​អនាមិក

Those Khmer who are brainwashed and indoctrinated by Vietnam, they are happy
to see Cambodia be annexed to Vietnam
soonest. They don't care as long as they
are given power, money to gratify their
desires.

Oct 12, 2012 09:56 PM

មើល​មតិ​ទាំង​អស់.