ជន​ជាតិ​វៀតណាម​ប្រមាណ ៤០០​នាក់​បោះ​ឆ្នោត​នៅ​សៀមរាប

ទាក់​ទង​បញ្ហា​បោះ​ឆ្នោត​មិន​ប្រក្រតី​នេះ​ដែរ ក្រុម​អ្នក​សង្កេតការណ៍ របស់​គណបក្ស​នយោបាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​តែ​នៅ​តំបន់​ទន្លេសាប​នៃ​សង្កាត់​ចុងឃ្នៀស ក្រុង​សៀមរាប គឺ​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ២ មាន​អ្នក​និយាយ​ភាសា​វៀតណាម ប្រុស​ស្រី​រាប់​រយ​នាក់ បាន​ចូល​ទៅ​បោះ​ឆ្នោត​មុន​ប្រជាពលរដ្ឋ​ខ្មែរ។

0:00 / 0:00

ក៏​ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​ទី​នោះ បាន​បដិសេធ​ថា បើ​ទោះ​បី​ជា​អ្នក​បោះ​ឆ្នោត​ទាំង​នោះ​ចេះ​និយាយ​ភាសា​វៀតណាម​ក៏ដោយ ក៏​មិន​ប្រាកដ​ថា ជា​ជន​ជាតិ​វៀតណាម​ទេ។

តើ​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត ដែល​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ទី​នោះ​យល់​ឃើញ​យ៉ាង​ណា?

តំណាង​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា គេ​នឹង​រៀប​ចំ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ស្តី​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៅ​លើ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​នេះ ដូច​ជា​ករណី​ជន​ជាតិ​វៀតណាម​ជា​ច្រើន​រយ​នាក់ ត្រូវ​បាន​គេ​ផ្ដល់​សិទ្ធិ​ឱ្យ​ទៅ​បោះ​ឆ្នោត ការ​អនុញ្ញាតិ​ឱ្យ​អ្នក​គ្មាន​​​​អត្តសញ្ញាណ​ប័ណ្ណ មាន​តែ​ប័ណ្ណ​ព័ត៌មាន អាច​ចូល​ទៅ​បោះ​ឆ្នោត​បាន និង​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ភ្លាមៗ ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ជាដើម។

ការ​គ្រោង​ចេញ​សេចក្តី​ថ្លែង​ការណ៍​នោះ ក្នុង​បំណង​បញ្ជាក់​ថា គេ​ពិបាក​នឹង​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ លើក​នេះ។

លោក សុខ គឹមសេង ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​ការងារ​របស់​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​សៀមរាប បាន​អះអាង​ថា ចាប់​តាំង​ពី​ព្រឹក​ព្រលឹម នៅ​ឯ​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ២ ក្នុង​សង្កាត់​ចុងឃ្នៀស ក្រុង​សៀមរាប គឺ​មាន​អ្នក​ដែល​និយាយ​ភាសា​វៀតណាម​ប្រមាណ​ជិត ៥០០​នាក់​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ឱ្យ​ទៅ​បោះ​ឆ្នោត។

លោក សុខ គឹមសេង៖ «យើង​សង្កេត​ឃើញ​មាន​ការ​ដឹក​ដោយ​កាណូត ហើយ​និង​ការ​ដឹក​ដោយ​ឡាន ដែល​មាន​ការ​​​សម្រប​សម្រួល​ដោយ​មេឃុំ និង​មេភូមិ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម​ទាំង​អស់​ហ្នឹង​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត។ ភាគ​ច្រើន​សឹង​តែ ៧០% អត់​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ គឺ​មាន​តែ​លិខិត​បញ្ជាក់​អត្តសញ្ញាណ ដែល​ចេញ​ដោយ​មេឃុំ ហើយ​បោះ​ឆ្នោត​មុន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​អំណាច ម្ចាស់​សិទ្ធិ នៅ​ក្នុង​ឃុំ​ហ្នឹង​ទៅ​ទៀត»

ក្រុម​អ្នក​សង្កេតការណ៍​របស់​គណបក្ស​នយោបាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា គេ​បាន​រក​ឃើញ​ការិយាល័យ​ចំនួន ២ នៅ​ក្នុង​សង្កាត់​ចុងឃ្នៀស គឺ​​លេខ​កូដ ០៤៨១ និង​លេខ ០៤៨២ ដែល​​មាន​ជន​ជាតិ​វៀតណាម​ជា​ច្រើន​រយ​នាក់ ទៅ​បោះ​ឆ្នោត។

ស្ត្រី​ម្នាក់ ឈ្មោះ មើយ ធីសាន់ អាយុ​ជាង ៤០​ឆ្នាំ ជា​ជន​ជាតិ​វៀតណាម បាន​លើក​បង្ហាញ​ចង្អុល​ខាង​ស្ដាំ​របស់​គាត់​ដែល​ប្រឡាក់​ទឹក​ថ្នាំ បន្ទាប់​ពី​ចេញ​ពី​ការិយាល័យ​បោះ​ឆ្នោត។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​ធ្លាប់​បាន​ចូល​រួម​បោះ​ឆ្នោត​នៅ​ទី​នោះ​ចំនួន ៣​លើក​មក​ហើយ។

ឈ្មោះ មើយ ធីសាន់៖ «នៅ​ខាង​ទន្លេ ភូមិ​ចុងឃ្នាស នៅ​ពី​ឆ្នាំ​១៩៨១ ដល់​ឥឡូវ​អត់​ចេះ​កម្ពុជា​ច្រើន​ទេ។ បោះ​ឆ្នោត​សប្បាយ ព្រោះ​ថា​គេ​បាន​ឱ្យ​បោះ ១​ផ្ទះ ទៅ​២ៗ​នាក់ ទាំង​ប្ដី​ប្រពន្ធ​ទៅ​ហ្នឹង»

ទោះ​យ៉ាង​ណា​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រចាំ​សង្កាត់​ចុងឃ្នៀស បាន​និយាយ​ថា គេ​មិន​អាច​ហាម​ឃាត់​ជន​ជាតិ​វៀតណាម​ទាំង​នោះ មិន​ឱ្យ​បោះ​ឆ្នោត​បាន​ទេ។

លោក ទុយ រ៉ន ជា​ប្រធាន​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត សង្កាត់​ចុងឃ្នៀស បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​ទី​នោះ បាន​បំពេញ​ឯកសារ​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម​ទាំង​នោះ​តាម​ផ្លូវ​ច្បាប់ ដែល​អាច​ឱ្យ​ពួក​គេ​មាន​សិទ្ធិ​បោះ​ឆ្នោត ដូច្នេះ​គណៈកម្មការ​របស់​លោក​ក៏​គោរព​ទៅតាម​គោលការណ៍​ច្បាប់​ដែរ។

លោក ទុយ រ៉ន៖ «ខាង​CECខ្ញុំ​មិន​យល់​ថា​គាត់​ចេះ​វៀតណាម​ច្រើន ឬ​តិច​ទេ ដែល​សំខាន់ គឺ​គាត់​មាន​បែប​បទ​​អាច​បោះ​ឆ្នោត​បាន។ អីចឹង ខ្ញុំ​អាច​ឱ្យ​គាត់​បោះ​ឆ្នោត»

មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​សង្កាត់​ចុងឃ្នាស បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទៅ​បោះ​ឆ្នោត​នៅ​ការិយាល័យ​លេខ ០៤៨១ និង ០៤៨២ ចំនួន​ជាង ៦០០​នាក់ គឺ​មាន​អ្នក​និយាយ​ភាសា​វៀតណាម​ប្រមាណ​ពី ៣០% ទៅ ៤០% ហើយ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ពុំ​មាន​ប័ណ្ណ​បោះ​ឆ្នោត​ទេ គឺ​មាន​តែ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះ​ឆ្នោត និង​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​ត្រឹម​ត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។