មន្ត្រីសិទ្ធិមនុស្សបានថ្លែងកាលពីម្សិលមិញថា ក្រុមគ្រួសារ លោក ឃឹម សម្បូរណ៍ បានចាកចេញពីប្រទេសកម្ពុជាកាលពីប្រមាណបីសប្តាហ៍កន្លងមកនេះ។
មិនមានសេចក្តីរាយការណ៍ជាផ្លូវការបញ្ជាក់ថា តើក្រុមគ្រួសារ លោក ឃឹម សម្បូរណ៍ ដែលបានចាកចេញពីកម្ពុជានោះកំពុងស្ថិតនៅទីណា ឬកំពុងតែស្ថិតក្នុងការជួយរបស់ក្រុមអង្គការណាមួយទេ។
ប្រភពមិនជាផ្លូវការបានបញ្ជាក់ថា គ្រួសាររបស់លោក ឃឹម សម្បូរណ៍ កំពុងតែស្នាក់នៅក្នុងប្រទេសទីពីរក្នុងគោលដៅបន្តចេញទៅកាន់ប្រទេសទីបី។
ក្រុមអាជ្ញាធរខ្មែរបានថ្លែងថា នេះជាសិទ្ធិជ្រើសរើសរបស់ក្រុមគ្រួសារជនរងគ្រោះ ប៉ុន្តែអាជ្ញាធរបានសម្តែងការសោកស្តាយដោយសារតែមិនទាន់បានសាកសួរយកព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងករណីឃាតកម្ម។
ស្នងការប៉ូលិសរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការរវាងប៉ូលិសខ្មែរជាមួយនឹងក្រុមភ្នាក់ងារអេហ្វប៊ីអាយ (FBI) សហរដ្ឋអាមេរិក នៅតែបន្តទេក្នុងការតាមស៊ើបអង្កេតរកឃាតករតាមបាញ់សម្លាប់អ្នកកាសែតមនសិការខ្មែរ លោក
ឃឹម សម្បូរណ៍ និងកូនប្រុស បើទោះបីជាក្រុមគ្រួសារជនរងគ្រោះនាំគ្នាភៀសខ្លួនចេញទៅក្រៅប្រទេសនោះក៏ដោយ។
លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថា ៖ «វាធម្មតាទេ ការស៊ើបអង្កេតសំខាន់យើងចង់ដឹងព័ត៌មានពីក្រុមគ្រួសារហ្នឹងដែរ ទន្ទឹមនឹងការសាកសួរសាក្សីនៅកន្លែងកើតហេតុ ហើយជាពិសេសថ្មីៗនេះ យើងបានសហការជាមួយ FBI យើងត្រូវលើកសំណួរមួយចំនួនដើម្បីសួរទៅក្រុមគ្រួសារនោះ ក៏ប៉ុន្តែដល់ក្រុមគ្រួសារទៅហ្នឹង វាត្រូវបាត់ចំណុចមួយចំនួនដែលយើងចង់បាន ក៏ប៉ុន្តែវាមិនធ្វើឲ្យអាក់ខានយើងទេ យើងនៅតែធ្វើហ្នឹង។ ចំពោះសាក្សីមួយចំនួនដែលយើងសាកសួរនៅកន្លែងកើតហេតុ ក៏ដូចជាមន្ទីរពេទ្យអី យើងនៅតែបន្តធ្វើអ៊ីចឹង»។
បើតាមមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក លោក ច័ន្ទ សាវ៉េត បានថ្លែងថាក្រុមគ្រួសាររបស់លោក ឃឹម សម្បូរណ៍ បានប្រាប់ក្រុមអង្គការសិទ្ធិមនុស្សថា ការចាកចេញរបស់ពួកគេមិនមែនមានន័យថានឹងបំភ្លេចអំពើឃាតកម្ម កាលពីល្ងាចថ្ងៃទី១១ កក្កដា ឆ្នាំ២០០៨នោះទេ។
មន្រ្តីសិទ្ធិមនុស្សបានថ្លែងថា ក្រុមគ្រួសារនៅតែប្តេជ្ញារកការពិតដើម្បីឲ្យច្បាប់ដាក់ទោសជនដៃដល់ ៖ «គាត់បានឆ្លើយដែរ គាត់ថាតុលាការត្រូវការគាត់ពេលណា គាត់នឹងមកពេលហ្នឹង ព្រោះវាជារឿងមួយដែលចាំបាច់ត្រូវតែបង្ហាញសាធារណជនឲ្យបានជ្រាបពីឃាតករដែលបានសម្លាប់ប្ដីរបស់គាត់និងកូនរបស់គាត់»។
ទោះយ៉ាងណាក្តីរហូតមកទល់ពេលនេះ ព័ត៌មានរវាងក្រុមប៉ូលិសដែលសហការជាមួយក្រុមអេហ្វប៊ីអាយ និងព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះដែលបានប្រាប់ទៅក្រុមសិទ្ធិមនុស្សឃើញថាមានការខុសគ្នា។
ស្នងការប៉ូលិសរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថាការស៊ើបអង្កេតរកឃាតករបាញ់សម្លាប់អ្នកកាសែតមនសិការខ្មែរនិងកូនប្រុស កាលពីខែកក្កដាកន្លងទៅ មានចំណុចសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងករណីគំនុំ។
លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានឲ្យដឹងថា ៖ «ការសន្និដ្ឋានរបស់យើង គឺយើងដឹងថាជាករណីគំនុំ ក៏ប៉ុន្តែបើក្រុមគ្រួសារឬក៏នរណាគេចង់បំភ្លៃរឿងហ្នឹងទៅជារឿងនយោបាយ អាហ្នឹងគេនិយាយ និយាយចេះតែបានហើយ ក៏ប៉ុន្តែបើយើងយកច្បាប់មកនិយាយ វាទាល់តែមានភស្តុតាងច្បាស់លាស់ អាហ្នឹងទើបបាន។ ពិសេសក្នុងនាមខ្ញុំជាសមត្ថកិច្ច ខ្ញុំដឹងតែស្រាវជ្រាវរកជនល្មើសទៅតាមអ្វីដែលយើងកំពុងតែស្រាវជ្រាវសព្វថ្ងៃ គឺសាក្សី ហើយភស្តុតាងនៅកន្លែងកើតហេតុ និងការបំភ្លឺផ្សេងៗរបស់ក្រុមគ្រួសារហ្នឹងឯង។ ឥឡូវហ្នឹងយើងពិនិត្យទៅ យើងឃើញថាករណីអាចគំនុំកូនច្រើនជាងឪពុក។ ព្រោះយើងពិនិត្យទី១ នៅពេលដែលជនល្មើសបាញ់ បាញ់ពីក្រោយពេលមកទន្ទឹមបាញ់។ បាញ់ហើយហ្នឹងហួសទៅ ហួសទៅហើយបានបកមកវិញ។ ធម្មតាជនល្មើសនៅពេលដែលវាបាញ់ត្រូវគោលដៅដែលវាចង់បានហើយ វាគេចខ្លួនភ្លាមហើយ ក៏ប៉ុន្តែនេះបកមកវិញបាញ់កូនមួយគ្រាប់ចំទ្រូងពីមុខ ហើយបានជិះត្រឡប់ក្រោយទៅ។ ខ្ញុំបានរាយការណ៍ជូន FBI គេក៏បានឯកភាពដែរ យើងអាចថាជនល្មើសបាញ់មិនត្រូវគោលដៅទេព្រោះវាងងឹត ដូច្នេះពេលមកដល់ ឃើញថាមិនត្រូវគោលដៅ ជិះហួសហើយ បកមកវិញបាញ់ជនរងគ្រោះជាកូនមួយគ្រាប់។ ដូច្នេះបានយើងវាយតម្លៃថា វាអាចពាក់ព័ន្ធនឹងគំនុំទៅនឹងជនរងគ្រោះជាកូន។ ទី២ នៅពេលដែលត្រូវគ្រាប់ហើយកូនបានទូរស័ព្ទទៅមន្ទីរពេទ្យដែលស្គាល់ហ្នឹង ថាឲ្យយកឡានសាមុយមកយកផង ព្រោះខ្លួនត្រូវគេបាញ់ដោយគំនុំ។ នេះដែលយើងចាប់អារម្មណ៍បញ្ហាហ្នឹង។ បញ្ហានេះយើងបានទទួលព័ត៌មានតាំងពីយប់ហ្នុងម្ល៉េះ ក៏ប៉ុន្តែយើងចង់បានព័ត៌មានពីកូន ប៉ុន្តែកូននិយាយបានតែប៉ុណ្ណោះក៏សន្លប់ទៅ ហើយរហូតដល់ស្លាប់នៅមន្ទីរពេទ្យ។ យើងមិនបានយកព័ត៌មានពីកូនទេ អ៊ីចឹងបានយើងចង់បានព័ត៌មានផ្សេងៗទៀតពីក្រុមគ្រួសារនោះ»។
ប៉ុន្តែបើតាមព័ត៌មានពីមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក លោក ច័ន្ទ សាវ៉េត ដែលក្រុមគ្រួសារជនរងគ្រោះបានប្រាប់នៅមុនការចាកចេញពីកម្ពុជា ករណីសន្និដ្ឋានពីក្រុមគ្រួសារជនរងគ្រោះមានលក្ខណៈខុសគ្នា។ ដោយាសារតែព័ត៌មានឃាតកម្មមានលក្ខណៈមិនដូចគ្នានោះហើយ ក្រុមគ្រួសារលោក ឃឹម សម្បូរណ៍ បានថ្លែងថាពួកគេមានក្តីបារម្ភនឹងសុវត្ថិភាពទើបបាននាំគ្នាចាកចេញទៅ។
ដូចប្រសាសន៍របស់លោក ច័ន្ទ សាវ៉េត បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីយ៉ាងនេះថា ៖ «គាត់បានប្រាប់ពួកយើងទាក់ទងនឹងបញ្ហាប្ដីរបស់គាត់ ហើយនិងកូនគាត់ស្លាប់នេះ។ យើងបានសាកសួរ ហើយគាត់អះអាងថាកូនរបស់គាត់មិនដែលមានគំនុំ មិនដែលមានទាស់ជាមួយនរណាបងប្អូនអីទេ។ រឿងបញ្ហាស្នេហាស្អីៗ បញ្ហារៀនសូត្ររបស់គេហ្នឹងក៏មិនមានជាប់ពាក់ព័ន្ធរឿងបញ្ហាស្អីផ្សេងដែរ មិនដែលកើតមានដែរ។ ហើយមួយទៀត ក្មេងប្រុសដែលត្រូវជាប្អូនរបស់ជនរងគ្រោះដែលស្លាប់នោះក៏បញ្ជាក់ដែរថា បងប្រុសរបស់គេអត់ដែលជំពាក់ជំពិនរឿងបញ្ហាអីផ្សេងក្រៅពីការរៀនសូត្រទេ ហើយមានការជួយធ្វើការឪពុកម្ដាយតែប៉ុណ្ណោះ ហ្នឹងជាហេតុផលដែលគាត់បញ្ជាក់។ រីឯរឿងផ្សេងៗទៀតទាកទងនឹងបញ្ហាការរកស៊ីធំដុំរវាងក្រុមគ្រួសារគាត់ជាមួយនឹងរឿងខាងក្រៅ វាហាក់បីដូចជាមិនទាន់អាចកើតមានទេ ដូចជាអត់បានបង្ហាញចេញអំពីគំនុំគំកួនទេ ហើយអាជ្ញាធរនោះក៏គេបានឲ្យតម្រុយខ្លះដែរថា ឃាតកម្មដែលកើតឡើងនេះគឺដោយសារតែកូនរបស់គាត់គំនុំកូនរបស់គាត់។ ហ្នឹងជាហេតុផលធ្វើឲ្យគាត់មានការព្រួយបារម្ភភ័យខ្លាចជាខ្លាំង»។
គួររំឮកថា លោក ឃឹម សម្បូរណ៍ និងកូនប្រុសរបស់លោក ត្រូវឃាតករមិនស្គាល់មុខជិះម៉ូតូបាញ់សម្លាប់ កាលពីវេលាល្ងាចថ្ងៃទី១១ កក្កដា ឆ្នាំ២០០៨ គ្រាដែលលោកនិងកូនប្រុសទើបនឹងវិលត្រឡប់មកពីហាត់ប្រាណនៅឯស្តាតអូឡាំពិក។
មានមនុស្សខ្លះបានអះអាងថា គេបានឃើញថាជនសង្ស័យបានជិះម៉ូតូប្រភេទវីវ៉ានៅក្នុងការបាញ់សម្លាប់ លោក ឃឹម សម្បូរណ៍ និងកូនប្រុសដែលកំពុងតែជិះម៉ូតូចេញពីហាត់ប្រាណមកដែរនោះ។
កូនប្រុសអ្នកកាសែតមនសិការខ្មែរ ឈ្មោះ លោក ខាត់សារិនភាតា ត្រូវគេរាយការណ៍ថាបានដាច់ខ្យល់ស្លាប់នៅពេលបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ៕
