លោក ផាន់ ឈៀន អាយុ៤៤ឆ្នាំ រស់នៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ជាអ្នកជិតខាងនៃគ្រួសាររងគ្រោះខាងលើនេះ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា ប្រជាពលរដ្ឋខែ្មរឈ្មោះ ព្រំ ទឹង បានរងការវាយដំដោយសារដំបងព្រនង់បណ្ដាលឲ្យបែកក្បាល និងចាក់ដោយច្បូកធ្លាយកំភួនជើង រងរបួស់យ៉ាងធ្ងន់ ដោយសារតែគាត់បានទៅជួយឃាត់មិនឲ្យជនជាតិវៀតណាមជាច្រើននាក់ដេញវាយកុមារខ្មែរម្នាក់អាយុ១២ឆ្នាំ ដែលរងការចោទថាបានលួចកាច់ដើមអំពៅរបស់គ្រួសារវៀតណាមនៅទីនោះ។
លោកបានបន្តថា ការវាយដំនិងចាក់ឲ្យរងរបួសធ្ងន់នោះគឺមានកងកម្លាំងប្រដាប់អាវុធវៀតណាមចំនួនប្រមាណ៧នាក់បានមកការពារគ្រួសារវៀតណាម ដែលវាយដំមកលើប្រជាពលរដ្ឋខែ្មរឈ្មោះ ព្រំ ទឹង នោះ។
លោក ផាន់ ឈៀន បានឲ្យដឹងថា ៖ «ឥឡូវកំពុងតែនៅសម្រាកនៅផ្ទះនៅឡើយទេ។ វ៉ៃនឹងព្រនង់ យួនវៃ យួនកសិករ ប៉ុន្តែទាហានអ្នកមានកាំភ្លើងហ្នឹងដូចថាកម្លាំងរួមគ្នា។ រងរបួសធ្ងន់ ហើយចាក់បុកនឹងដែក គេហៅច្បូក ផ្លែហ្នឹងប្រវែងប្រហែលកន្លះម៉ែត្រ វាបុកមកចំកំភួនជើង ធ្លុះពីម្ខាងទៅម្ខាង។ ប្រជាពលរដ្ឋគាត់បានមករាយការណ៍ប្រាប់សមត្ថកិច្ច ប៊ិះតែនឹងអស់អាយុជីវិត ដោយសារយើងយកមកសង្គ្រោះទាន់ហ្នឹងណា៎។ ជនរងគ្រោះគាត់សំណូមពរថា សមត្ថកិច្ចដែលពាក់ព័ន្ធហ្នឹងមេត្តាជួយរកយុត្តិធម៌និងដោះស្រាយតាមផ្លូវច្បាប់ ព្រោះកន្លងមកហើយតែងតែកើតច្រើននៅតាមព្រំដែនហ្នឹងណា៎»។
លោក នាង សំមាន ជាមេឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានមានប្រសាសន៍ថា លោកកំពុងតែចាត់ការដោះស្រាយរឿងនេះហើយ។
លោក នា សំមាន បានបញ្ជាក់ថា ៖ «ខ្ញុំអត់បានទៅទេ ខ្ញុំឲ្យក្រុមប្រឹក្សាឃុំខ្ញុំទៅ ទៅជាមួយប៉ុស្តិ៍ព្រំដែនព្រឹកមិញ។ ខ្ញុំអត់ទាន់បានជួបក្រុមប្រឹក្សាឃុំខ្ញុំទេ ខ្ញុំអត់ទាន់ទទួលព័ត៌មានថាម៉េចៗទេ»។
សុខ សេរី ៖ កំពុងតែចាត់ការរឿងនេះ? នា សំមាន ៖ បាទ ទៅដោះស្រាយនៅសាលាសង្កាត់អៀនយ៉ើយហ្នឹង។
ទាក់ទងនឹងវិវាទនានារបស់ប្រជាពលរដ្ឋខែ្មរជាមួយនឹងប្រជាពលរដ្ឋវៀតណាមនៅជាប់ព្រំដែនខែ្មរវៀតណាមនៅខេត្តស្វាយរៀងនោះ លោក ង៉ែត ណារ៉ា ជាមន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយ ហៅកាត់ថា អាដហុក នៅក្នុងខេត្តស្វាយរៀងនោះ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខែ្មរតែងតែរងគ្រោះដោយសារការរំលោភបំពាននានា។
លោក ង៉ែត ណារ៉ា បានមានប្រសាសន៍ថា ៖ «នៅតាមព្រំដែន ប្រជាពលរដ្ឋធម្មតាគាត់ទៅឃ្វាលក្របីអ៊ីចឹង អ៊ីចឹងនៅពេលដែលគាត់ធ្វើបាប រហូតដល់មានចាក់ឲ្យរបួសស្នាម រហូតដល់ទាហានដែលស្លៀកពាក់ជាឯកសណ្ឋាន អ្នកការពាររដ្ឋ រហូតទៅដល់ភ្ជង់គំរាមកំហែង ខ្ញុំគិតថា នេះគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយខ្ញុំសូមអំពាវនាវទៅស្ថាប័នអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាស្វែងរកជនដៃដល់យកមកផ្ដន្ទាទោសឲ្យបាន»។
មិនអាចទាក់ទងមន្រ្តីមូលដ្ឋាននៃអាជ្ញាធរវៀតណាម ឬមន្រ្តីស្ថានទូតវៀតណាម នៅក្នុងប្រទេសកម្ពុជាបានទេ ជុំវិញអំពើហិង្សាមកលើប្រជាពលរដ្ឋខែ្មរខាងលើនេះ។
សូមជម្រាបថា កន្លងមកតែងតែលេចឮពីការចោទប្រកាន់នានាអំពីប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម ជុំវិញទំនាស់ដីធ្លី ទំនាស់រឿងស្មៅគោ និងការទិញទំនិញកសិកម្មពីប្រជាពលរដ្ឋខែ្មរដោយឲ្យតម្លៃថោកជាដើម៕