ស្ត្រីអ្នកភូមិឈ្មោះ ម៉ៅ ជាកសិករនៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គាត់បានឲ្យដឹងនៅថ្ងៃទី០៣ កក្កដា ថា ក្រុមហ៊ុនលក់ជីធម្មជាតិសញ្ញារូបកង្កែបបានយកជីមកលក់ឲ្យគាត់ ដោយសន្យាថា បើប្រើប្រាស់តាមការណែនាំរបស់ក្រុមហ៊ុន គឺបានទិន្នផលពី ៨ទៅ៩តោន ក្នុងមួយហិកតារ។ គាត់បានធ្វើតាមការណែនាំ តែទិន្នផលស្រូវបែរជាចុះទាបជាងការរំពឹងទុកជាងពាក់កណ្ដាល។ គាត់ថា ក្រុមហ៊ុនមិនព្រមទទួលខុសត្រូវចំពោះការសន្យារបស់ខ្លួននោះទេ ដឹងតែពីទារឲ្យពួកគាត់បង់ប្រាក់គ្រប់តាមតម្លៃព្រមព្រៀង។
ស្ត្រីឈ្មោះ ម៉ៅ៖ «គេឲ្យខ្ញុំភ្ជួររាស់ក្រាលបាតក្នុងមួយហិកតារ បីបេ។ ក្នុងមួយអាទិត្យក្រោយមក ពេលដាក់ទឹកហើយ ខ្ញុំបាចជីហ្នឹងតាមការណែនាំទៀត។ ដល់ស្រូវចេញ ខ្ញុំឃើញវាខ្លោចទៅៗ ខ្ញុំក៏បានតេហៅមេភូមិឲ្យមកជួយមើល។ ត្រង់មេភូមិឃុបឃិត ឬអត់នោះ ខ្ញុំមិនដឹងទេ តែគាត់អត់ហៅក្រុមហ៊ុនមកមើលទេ គាត់ប្រាប់ឲ្យខ្ញុំចាំមើលបាចអស់ជីតាមការណែនាំសិន ដល់បាចអស់ស្រូវខ្ញុំនៅតែអត់កើតដដែល»។
បុរសអ្នកភូមិឈ្មោះ ជា ក៏បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ស្រូវគាត់៣ហិកតារកន្លះ ក្រុមហ៊ុនបានឲ្យគាត់ប្រើជីតាមការណែនាំ ដោយអះអាងថានឹងបានទិន្នផលក្នុងមួយហិកតារយ៉ាងហោច ៨តោន។ គាត់បានធ្វើតាមការណែនាំរបស់ក្រុមហ៊ុនទាំងស្រុង តែទិន្នផលទទួលបានមិនដូចការសន្យារបស់ក្រុមហ៊ុននោះទេ៖ «គេផ្សព្វផ្សាយថា មួយហិកតារបាន ៨ ទៅ ៩តោន។ ដីខ្ញុំ ៣ហិកតារកន្លះ បានតែ ១៥តោន វាបាត់ផលច្រើន។ ដល់អញ្ចឹង ខ្ញុំសុំសងគេ ១បាវ ១០ម៉ឺន គេអត់ព្រម»។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ ប្រធានសាខាសមាគមន៍អភិវឌ្ឍស្រែប្រាំងកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំង និងជាអ្នកផ្គត់ផ្គង់ជីធម្មជាតិសញ្ញារូបកង្កែប លោកស្រី ប្រាក់ ណារី ពន្យល់ថា កសិករនៅភូមិស្ទឹងស្ងួត ខ្លះមានបំណងគេចវេសពីការបង់ប្រាក់ថ្លៃទិញជី ហើយប្រឌិតបញ្ហាដែលបណ្ដាលឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជីធម្មជាតិសញ្ញារូបកង្កែប។
អ្នកស្រីថា ប្រសិនបើជីនេះ គ្មានគុណភាពនោះ អ្នកស្រីក៏មិនហ៊ានលក់ជឿឲ្យកសិករនោះទេ៖ «ពេលដែលខ្ញុំចុះទៅផ្សព្វផ្សាយនៅភូមិស្ទឹងស្ងួត នោះ ខ្ញុំគ្រាន់តែបានប្រាប់ថា បងប្អូនប្រើជីធម្មជាតិ វាអាចជួយបង្កើនទិន្នផលស្រូវ វាជួយកែប្រែដីធ្វើឲ្យដីធូរមិនហិល មិនខូចដី និងមិនកើតមានសត្វល្អិត។ ខ្ញុំមិនដែលបានធានាថា ជីនេះជួយឲ្យផលស្រូវបាន៨ ឬ៩តោន ដូចដែលអ្នកខ្លះបាននិយាយនោះទេ»។
ឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបានបង្ហាញថា ជីសញ្ញាធម្មជាតិសញ្ញារូបកង្កែប គឺជាប្រភេទជីដែលនាំចូលពីប្រទេសបែលហ្សិក និងមានការត្រួតពិនិត្យទទួលស្គាល់ពីក្រសួងកសិកម្ម។
យ៉ាងនេះក្ដី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ង៉ាន ណានី បានឲ្យដឹងថា ទំនាស់នេះកើតចេញពីបញ្ហាកិច្ចព្រមព្រៀង និងតម្លៃ មិនពាក់ព័ន្ធនឹងគុណភាពជីនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
