ប្រជា​សហគមន៍​អំពាវនាវ​សកលលោក​ឈប់​ទិញ​ស្ករស​ពី​ក្រុមហ៊ុន​មួយ​ចំនួន

អង្គការ សមធម៌​កម្ពុជា រៀបចំ​សន្និសីទ​កាសែត ស្ដី​អំពី​យុទ្ធនាការ​ដើម្បី​ស្ករស​ស្អាតស្អំ​នៅ​កម្ពុជា នា​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ដែល​ទិញ​ស្ករស​ពី​ក្រុមហ៊ុន​ស្ករស​មួយ​ចំនួន ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដាក់​គំនាប​ក្រុមហ៊ុន​ស្ករ​ស​ទាំង​ឡាយ​ណា​ដែល​បាន​រំលោភ​យក​ដី​របស់​ពលរដ្ឋ​យក​ទៅ​ដាំ​អំពៅ។

0:00 / 0:00

តំណាង​ប្រជា​សហគមន៍​មក​ពី​ខេត្ត​ចំនួន​បី អំពាវនាវ​ទៅ​បណ្ដា​ប្រទេស​នៅ​លើ​សកលលោក ជាពិសេស​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ឲ្យ​ឈប់​ទិញ​ស្ករស​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ប្រមាណ​៥ នៅ​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​ទាំង​នោះ​មាន​ដូច​ជា ក្រុមហ៊ុន លី យ៉ុងផាត់ ក្រុមហ៊ុន មិត្រផល ក្រុមហ៊ុន កោះកុង ស៊ូហ្គើ លីមីតធីត (Koh Kong Sugar Limited) ក្រុមហ៊ុន អាមេរិកខែន ស៊ូហ្គើ រីហ្វាញនីង (American Sugar Refining) និង ដូមីណូ ស៊ូហ្គើ (Domino Sugar)។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​មួយ នា​ថ្ងៃ​ទី​៣ កក្កដា។ តំណាង​ប្រជា​សហគមន៍​រងគ្រោះ​មក​ពី​ខេត្ត​កោះកុង លោក ផល វណ្ណៈ ស្នើ​ឲ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ឈប់​ទិញ​ស្ករស​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ស្ករស នៅ​ប្រទេស​កម្ពុជា ជា​បន្ទាន់ ដើម្បី​ដាក់​គំនាប​ដល់​ក្រុមហ៊ុន​ទាំង​នោះ ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​ឧស្សាហកម្ម​ស្ករស​អំពៅ​ទាំង​នោះ មិន​បាន​គោរព​ច្បាប់​ត្រឹម​ត្រូវ។

ម្យ៉ាង​ទៀត លោក​បន្ត​ថា ក្រុមហ៊ុន​ទាំង​នោះ​បាន​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ ដោយ​សារ​បញ្ហា​រំលោភ​បំពាន​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ផ្ទះសម្បែង គ្មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រ​លំបាក។

ស្រដៀង​គ្នា​នេះ​ដែរ តំណាង​ប្រជា​សហគមន៍​រងគ្រោះ​មក​ពី​ខេត្ត​ឧត្តរមានជ័យ លោក ស្មិន តិ អំពាវនាវ​សុំ​ឲ្យ​បណ្ដា​ប្រទេស​ទាំង​អស់​លើ​ពិភពលោក ដែល​ទិញ​ស្ករស មេត្តា​ឈប់​ទិញ​ស្ករស​ពី​ក្រុមហ៊ុន​ឧស្សាហកម្ម​ផលិត​ស្ករ​អំពៅ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​រំលោភ​យក​ដី​ពលរដ្ឋ។

លោក​ថ្លែង​បន្ត​ថា ក្រុមហ៊ុន​ឧស្សាហកម្ម​ផលិត​ស្ករ បាន​ប្រើ​រូបភាព​អភិវឌ្ឍ​ដើម្បី​បំពាន​យក​ដី​ពលរដ្ឋ ធ្វើ​ឲ្យ​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រ គ្មាន​ការងារ​ធ្វើ ដោយ​សារ​គ្មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ។

ក្រុមហ៊ុន​ឧស្សាហកម្ម​ស្ករ​អំពៅ មិន​បាន​ជួយ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​ល្អ​ប្រសើរ​នោះ​ទេ ជីវភាព​ប្រជាពលរដ្ឋ​មាន​តែ​ដុន​ដាប​ទៅៗ។ លោក​អះអាង​បន្ត​ថា ដូច្នេះ ការ​ជួយ​ទិញ​ស្ករស​ពី​ក្រុមហ៊ុន​ស្ករស​ប្រទេស​កម្ពុជា ហាក់​ដូច​ជា​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​មក​ធ្វើ​បាប​ប្រជាពលរដ្ឋ​ប្រទេស​កម្ពុជា​ដូច្នោះ​ដែរ។

ក្រុមហ៊ុន​ចំនួន​៥​នោះ ដែល​បាន​ទទួល​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ក្រោម​ឆ័ត្រ​អភិវឌ្ឍ ដូច​ជា ក្រុមហ៊ុន លី យ៉ុងផាត់ ក្រុមហ៊ុន មិត្រផល ក្រុមហ៊ុន កោះកុង ស៊ូហ្គើ លីមីតធីត (Koh Kong Sugar Limited) ក្រុមហ៊ុន អាមេរិកខែន ស៊ូហ្គើ រីហ្វាញនីង (American Sugar Refining) និង​ដូមីណូ ស៊ូហ្គើ (Domino Sugar) ក្រុមហ៊ុន​ទាំង​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា រំលោភ​បំពាន​យក​ដី​របស់​ប្រជាពលរដ្ឋ។ ក្រុមហ៊ុន​ទាំង​នេះ​ប្រព្រឹត្ត​ខុស​ច្បាប់ បណ្ដា​ឲ្យ​មាន​វិបត្តិ​ដីធ្លី​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​ក្រុមហ៊ុន​ទាំង​៥ ដើម្បី​សុំ​ប្រតិកម្ម​តប​ចំពោះ​ការ​ស្នើ​ឲ្យ​ផ្អាក​បញ្ជា​ទិញ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ កក្កដា នេះ។

ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​តិច ៧៥.០០០​ហិកតារ ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឧស្សាហកម្ម​ផលិត​ស្ករ​អំពៅ​ឯកជន​មួយ​ចំនួន។ ការ​ផ្ដល់​ដី​សម្បទាន​បែប​នេះ បាន​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ព្រៃ​អភិរក្ស ការ​បំពុល​ទឹក និង​ដក​ហូត​យក​ដីធ្លី​ពី​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ នៅ​ខេត្ត​កោះកុង កំពង់ស្ពឺ ឧត្តរមានជ័យ និង​ខេត្ត​ស្វាយរៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។