ក្លិនឈ្ងៀមរសាត់តាមខ្យល់មកពីផ្ទះលោក ជា សុខ នៅក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
លោក ជា សុខ អះអាងថា គាត់មានរបរជ្រលក់អំបោះ ដើម្បីបោះដុំទៅលក់នៅទីផ្សារក្រុងភ្នំពេញ។ របរនេះ លោកបានរកស៊ីជាង១ឆ្នាំមកហើយ។ ពីមុន លោកប្រើអង្កាមសម្រាប់ដុត ប៉ុន្តែអង្កាមថ្លៃពេក ព្រោះគេត្រូវការយកវាទៅធ្វើជាជីសម្រាប់ដាក់ស្រែ ទើបគាត់យកចំនៀរក្រណាត់ដែលគេកាត់ខោអាវសល់ យកមកដុតជំនួស ព្រោះវាថោកជាងអង្កាម ហើយធ្វើឲ្យគាត់បានចំណេញច្រើនផង៖ «អាកម្ទេចក្រណាត់ហ្នឹង កាលណាដុតទៅវាហុយ។ បើយើងដុតវាមួយថ្ងៃវាស់ល្ងាចហ្នឹង វាធុំក្លិនពិតមែនហ្នឹង។ ខ្ញុំជឿជាក់អ៊ីចឹងដែរ វាធុំក្លិនឈ្ងៀម ព្រោះដុតក្រណាត់ តែបើដុតអង្កាមវាអត់អីទេ។ មួយថ្ងៃប្រហែលជា៥បាវហ្នឹង កម្ទេចក្រណាត់ដុត។ មួយថ្ងៃបើស្ងោរវាស់ល្ងាច បានតែ៤ឆ្នាំង បានប្រហែលជា៨០គីឡូអីហ្នឹងមួយថ្ងៃ ជាអំបោះស្ងួត»។
លោក ជា សុខ បានបង្ហាញចង្ក្រានដែលកំពុងស្ងោរអំបោះ។ លោកថា ក្លិនឈ្ងៀមនោះមកពីគាត់យកកម្ទេច ឬចំនៀរក្រណាត់ដែលរោងចក្រកាត់ដេរបោះចោល យកមកដុត ស្ងោរអំបោះ ជំនួសអុស និងអង្កាម។
នៅក្រោមផ្ទះលោក ជា សុខ មានគំនរអំបោះជាច្រើន ខ្លះច្រកបាវ ខ្លះគរជាគំនរ និងមានរាយប៉ាយដោយស្នូលជ័រ ឬក្រសាល សម្រាប់រុំអំបោះ។ នៅខាងមុខផ្ទះ ដែលមានតយ៉ាក គាត់បានដាក់ម៉ាស៊ីនស្វ័យប្រវត្តជាច្រើនគ្រឿង សម្រាប់ខារអំបោះចូលទៅក្នុងក្រសាលជ័រ។
លោក ជា សុខ ថ្លែងថា កម្ទេច ឬចំនៀរក្រណាត់ដុតស្ងោរអំបោះជំនួសអុស ព្រោះគាត់ដុតរំលាយល័ក្តសម្រាប់ជ្រលក់អំបោះ ប្រើពេលយូរម៉ោង។
នៅពេលជម្រាបសួរលោកថា តើការយកកម្ទេចក្រណាត់ទៅដុតជំនួសអុសនេះ មានប៉ះពាល់ដល់ការដកដង្ហើមរបស់គាត់ និងក្រុមគ្រួសារ ឬទេ? លោក ជា សុខ បានឆ្លើយថា ធុំក្លិនដូចគ្នា ប៉ុន្តែគាត់ទ្រាំ ព្រោះជារបររកស៊ីប្រចាំថ្ងៃ៖ «វាក្លិនហ្នឹង ជាក្លិនក្រណាត់ហ្នឹងតែម្តង ក្រណាត់វាឈ្ងៀម ក្រណាត់កៅស៊ូហើយនឹងអាជាតិជ័រតែដុតទៅវាឈ្ងៀម ប៉ុន្តែ អាហ្នឹងវាធូរថ្លៃដល់ខ្ញុំការរកចំណូល បើទិញអង្កាម វាថ្លៃ ខ្ញុំទិញអាហ្នឹងយកមកដុត។ ធម្មតាទេអ្នកនៅជិតខាងធុំក្លិនរាល់ថ្ងៃទៅ គេចង្អៀតចង្អល់ខ្លះទៅ។ ទោះបីយើងក៏អ៊ីចឹងដែរ មិនគ្រាន់តែចំពោះយើង អ្នករកទទួលទាន ពេលធុំក្លិនតិចតួច យើងអត់និយាយទេ ព្រោះអាហ្នឹងជាមុខរបររបស់យើង តែបើអ្នកជិតខាងជារឿងរបស់គេផ្សេង»។
អ្នកស្រី អួង សាវ៉ន ជាភរិយាលោក ជា សុខ ថ្លែងថា គាត់ធុំក្លិនឈ្ងៀម នៃកម្ទេចក្រណាត់ដែលដុតរាល់ថ្ងៃទៅ ការស្រូបក្លិនរបស់គាត់ហាក់ដូចស៊ាំទៅហើយ។ គាត់មិនបានដឹងថា ក្លិនឈ្ងៀមហើរចេញពីការដុតកម្ទេចក្រណាត់នោះ ប៉ះពាល់សុខភាពគាត់យ៉ាងម៉េចទៅថ្ងៃក្រោយនោះទេ៖ «ហិតក្លិនវាដូចធម្មតាទៅហើយ។ ធម្មតាទេ ធ្វើអី វាធុំក្លិនហ្នឹងហើយ»។
នៅក្នុងភូមិត្រពាំងក្រសាំង នោះដែរ នៅមិនឆ្ងាយប៉ុន្មានពីផ្ទះលោក ជា សុខ គឺជាផ្ទះរបស់អ្នកស្រី ដាំ បូរី នៅខាងក្រោយផ្ទះអ្នកស្រី ដាំ បូរី មានឡចង្ក្រានមួយកំពុងតែរំងាស់អំបោះ ដូចផ្ទះលោក ជា សុខ ដែរ។ អ្នកស្រី ដាំ បូរី អះអាងថា គាត់ដុតកម្ទេចអំបោះខ្លះ ចំនៀរក្រណាត់ខ្លះ និងសំរាមខ្លះ ដើម្បីស្ងោរអំបោះ ពីព្រោះរដូវវស្សា គាត់មិនអាចដើររកទិញអង្កាមយកមកដុតជំនួសអុសបានទេ គឺអង្កាមថ្លៃជាងកម្ទេចក្រណាត់ មកពីមានកសិករជាច្រើនគេត្រូវការអង្កាមធ្វើជាជីសម្រាប់ដាក់ស្រែ។
អ្នកស្រី ដាំ បូរី បដិសេធថា អ្នករស់នៅជុំវិញផ្ទះមិនបានប្រាប់គាត់អំពីក្លិនឈ្ងៀម ហើរចេញពីឡគាត់ស្ងោរអំបោះទេ។ គាត់ដាក់ចង្ក្រានក្រោយផ្ទះជាប់ផ្ទះអ្នកភូមិ ក្បែរគ្នានេះ គេមិនដែលឮមាត់ថា បានធុំក្លិនអាក្រក់ ឬប៉ះពាល់សុខភាពគ្រួសារគេឡើយ។ អ្នកស្រីថា នៅខាងក្រោយផ្ទះគាត់ មានវាលស្រែអាចក្លិនឈ្ងៀម នៃការដុតកម្ទេចក្រណាត់នោះ ហើរទៅក្រោយផ្ទះ មិនបានហើរទៅប៉ះលើផ្ទះអ្នកជិតខាងទេ៖ «បើសិនជាបងប្អូននៅជិតខាងនេះ គាត់មានបញ្ហាពាក់ព័ន្ធឆ្លងយោបល់មកខ្ញុំ ប្រាប់ថាពាក់ព័ន្ធខ្ញុំ ធ្វើតាមសំណើរបស់គាត់ តែដោយសារអត់មាន។ មានតែផ្ទះបងមួយនៅខាងកើតផ្ទះខ្ញុំហ្នឹង គាត់ធ្វើ។ បើមេឃុំគាត់ប្រាប់ខ្ញុំថា ផ្ទះហ្អែងអត់មានឮមានអ្នកណាគេប្ដឹងទេ។ តែបើផ្ទះបងថ្លៃហ្អែងមានហើយ។ ខ្ញុំថាខ្ញុំអត់ដឹងដែរពូ បើសិនជាមានប្រាប់ទៅ ព្រោះការរករបរហ្នឹង វាអាចធុំក្លិនដល់គេមែន»។
អ្នកភូមិត្រពាំងក្រសាំង ដែលរស់នៅក្បែរផ្ទះអ្នករកស៊ីដុតចំនៀរក្រណាត់ ស្ងោរ និងជ្រលក់អំបោះ សុំមិនប្រាប់ឈ្មោះ បានត្អូញថា គាត់ធុំក្លិនខ្លាំង តែមិនអាចទៅប្រាប់អ្នករកស៊ីស្ងោរអំបោះបាន ព្រោះលំបាក គិតដល់ការរាប់អានគ្នាក្នុងភូមិ៖ «វាពុលរាល់ថ្ងៃ ២៤ម៉ោងទៅហើយ មិនពុល។ ធុំក្លិនរាល់ថ្ងៃ ហើយខ្ញុំឈឺ រាល់ថ្ងៃធុំក្លិនចង់ដាច់ខ្យល់ងាប់ ហើយបិទម៉ាស់ ខ្ញុំបិទវាមិនកើតនឹងគេ»។
លោក ម៉ៅ រស់នៅក្បែរឡដុតស្ងោរអំបោះ អះអាងថា គាត់ធុំក្លិនឈ្ងៀមក្រណាត់ដុតនោះជាខ្លាំង ធ្វើឲ្យលំបាកដកដង្ហើម ឈឺក្បាល វិលមុខ រកកលក្អួត និងស្ងួតបំពង់កជាខ្លាំង។ គាត់មិនហ៊ានប្រាប់អ្នករកស៊ីស្ងោរអំបោះនោះទេ ព្រោះខ្លាចគេថា គាត់ច្រណែននឹងការរកស៊ីកាក់កបរបស់គេ។ លោកថា នៅពេលលំបាករស់នៅពេក គាត់នាំកូនចៅទៅហូបបាយ និងសម្រាកនៅកន្លែងផ្សេង៖ «កាលពីមុន គាត់ដុតអង្កាម អត់សូវអីទេ វាក្លិនតែអាក្លិន ពេលដែលគាត់បើកឆ្នាំងអំបោះហ្នឹង ទើបមានក្លិនទៅ។ ដល់ឥឡូវ គាត់មិនដុតអង្កាម គាត់បែរជាទៅដុតអាកាកសំណល់ កម្ទេចក្រណាត់ហ្នឹង ហើយនឹងជ័រអីហ្នឹង ដល់ព្រលឹមឡើង គឺចាប់ផ្ដើមបង្ហុយតែម្តង ឈឺក្បាលតែម្តង។ ចាស់ៗគាត់នៅផ្ទះអត់សូវបានសុខ តែព្រលឹមឡើងចាស់ខ្លះចេញក្រៅ។ បើអ៊ំខ្ញុំវិញ ទៅធ្វើរោងនៅក្រោយនោះ ដើម្បីឲ្យហួសអាធុំក្លិនហ្នឹង»។
មេភូមិត្រពាំងក្រសាំង លោក សុខ អួក ឲ្យដឹងថា ក្នុងភូមិនេះមានតែ២គ្រួសារទេ ដែលរកស៊ីស្ងោរ និងជ្រលក់ពណ៌អំបោះ។ ក្រៅពីនោះ មានអ្នកភូមិច្រើនគ្រួសារទទួលទិញអំបោះគេជ្រលក់ពណ៌ហើយនោះ ទៅត្បាញក្រមា និងខ្លះទៀតស៊ីឈ្នួលខារអំបោះបញ្ចូលក្រសាល។ លោកថា ការខារអំបោះចូលក្រសាលនោះ គេអាចប្រើម៉ាស៊ីនស្វ័យប្រវត្ត ហើយខ្លះទៀតក៏អាចខារដោយដៃបានដែរ។ លោកថា ការធុំក្លិនឈ្ងៀមនោះ មិនបានជះក្លិនអាក្រក់ដល់ផ្ទះគាត់ដែលនៅឆ្ងាយពីក្រុមអ្នករកស៊ីជ្រលក់ពណ៌ និងស្ងោរអំបោះនោះទេ។
មេឃុំត្រពាំងក្រសាំង លោក ប៉ុល សុទ្ធ ថ្លែងថា អាជ្ញាធរបានទទួលការប្ដឹងផ្ទាល់មាត់ពីអ្នករស់នៅជុំវិញផ្ទះអ្នកប្រកបរបរស្ងោរ និងជ្រលក់អំបោះនោះ។ លោកបានជូនដំណឹងដល់២គ្រួសារនោះឲ្យបង្ការ ឬបំបាត់ក្លិនឈ្ងៀម ដែលបង្កការរំខានដល់ការរស់នៅរបស់អ្នកដទៃ។
ប្រធានមណ្ឌលសុខភាពឃុំត្រពាំងក្រសាំង លោក អែម ឡុងផាន់ណា ពន្យល់ថា ក្លិនឈ្ងៀមនៃការដុតចំនៀរ ឬកម្ទេចក្រណាត់ នៅពេលដកដង្ហើមចូលនោះ វាមិនអាចបង្កការប៉ះពាល់សុខភាពភ្លាមៗទេ គ្រាន់តែការស្រូបក្លិននោះទៅវាធ្វើឲ្យឈឺក្បាល វិលមុខ បែកញើសស្អិត ក្អួត ចង្អោរ ថប់ដង្ហើមជាដើម។ ប៉ុន្តែក្លិននោះ បើស្រូបយូរទៅ វានឹងប៉ះពាល់សុខភាពយូរអង្វែងទៅថ្ងៃក្រោយ ហើយអ្នកដែលរងនូវផលប៉ះពាល់មុនគេ គឺអ្នកដែលកំពុងប្រើប្រាស់ផ្ទាល់៖ «ក្លិនហ្នឹង វាប៉ះពាល់ទៅលើផ្លូវដង្ហើម ព្រោះពេលយើងដកដង្ហើមស្រូបចេញចូលរាល់ថ្ងៃ ហើយក្លិនហ្នឹងវាបានចូលទៅដល់ក្នុងសួតយើង»។
លោក ជា សុខ និងអ្នកស្រី ដាំ បូរី ដែលជាម្ចាស់របរស្ងោរ និងជ្រលក់ពណ៌អំបោះ ថ្លែងថា គាត់នឹងប្ដូរទីតាំងស្ងោរអំបោះពីនៅក្បែរផ្ទះពលរដ្ឋកំពុងរស់នៅ ទៅកណ្ដាលវាលស្រែ ហើយនឹងប្រើអង្កាម ឬធ្យូង អុស យកទៅដុតរំងាស់ និងស្ងោរជ្រលក់អំបោះជំនួសចំនៀរ ឬកម្ទេចក្រណាត់វិញ។
ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ លោក ម៉ែន ខាវ ថ្លែងថា លោកនឹងបញ្ជូនមន្ត្រីទៅពិនិត្យបញ្ហានេះ ហើយលោកនឹងត្រួតពិនិត្យអំពីការបង្ហូរកាកសំណល់នៃការដុតនោះ និងជួយណែនាំអ្នករកស៊ីនោះ ប្រសិនបើគេគិតថារបរនោះនឹងរកស៊ីបានយូរអង្វែង។
ក្រុមប្រឹក្សាឃុំត្រពាំងក្រសាំង ឲ្យដឹងថា គាត់នឹងឃ្លាំមើលបញ្ហាប៉ះពាល់សុខភាពពលរដ្ឋនៅក្នុងឃុំ និងព្យាយាមណែនាំពួកគេឲ្យមានមុខរបរជាប្រចាំថ្ងៃ ហើយក៏មិនបំផ្លាញសុខភាពអ្នកដទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។