លោក សុខ ចាន់ថា អ្នកដឹកធ្យូងមកលក់ បានប្រាប់អោយដឹងថា លោកបានទិញធ្យូងមកពីខេត្តពោធិ៍សាត់ ដើម្បីដឹកមកលក់នៅខេត្តកំពង់ឆ្នាំង ប៉ុន្តែមកដល់កន្លែងកើតហេតុ គឺនៅស្រុករលាប្អៀរ ស្រាប់តែជួបជាមួយមេរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ក៏បានដេញតាមលោក ហើយបានសូមទារប្រេងសាំងរបស់លោក ចំនួន ២០លីត្រ។
ដោយលោកមិនមានប្រេងសាំងជូនអោយរដ្ឋបាលព្រៃឈើនោះ ទើបអាជ្ញាធរទាំងនោះ ក៏បានចាប់យកត្រាក់ទ័ររបស់លោកទុក ហើយអោយលោកបង់លុយចំនួនប្រមាណជាង ៣លានរៀល សម្រាប់លោះយកត្រាក់ទ័រមកវិញ។
នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុករលាប្អៀរ លោក ឆេង ដារ៉ា មានប្រសាសន៍ថា ការចាប់នេះ គឺខាងមន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើជាអ្នកចាប់ ប៉ុន្តែលោកជាអ្នកបង្កសំណុំរឿង និងចងក្រងឯកសារថា ប្រជាពលរដ្ឋទាំងនោះ ដឹកជញ្ជូនផលអនុផលព្រៃឈើមិនមានច្បាប់ការអនុញ្ញាត ពីមន្ទីររដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង។ លោកបន្តទៀតថា ការដែលលោកមន្ត្រីរដ្ឋបាលព្រៃឈើចាប់ប្រជាពលរដ្ឋទាំងអស់នោះ គឺធ្វើតាមតែច្បាប់ព្រៃឈើទេ ប៉ុន្តែបើពលរដ្ឋទាំងនោះមិនមានលុយបង់ទេ លោកថា នឹងជញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីអោយតុលាការជួយវិនិច្ឆ័យទៅសំណុំរឿងនេះជាបន្ត។
អ្នកស៊ើបអង្កេត អង្គការ អាដហុក លោក សំ ចាន់គា មានប្រសាសន៍ថា ការចាប់នេះ វាមិនត្រឹមត្រូវទេ ពីព្រោះនៅក្នុងច្បាប់របស់រដ្ឋបាលព្រៃឈើ មិនបានចែងថា ចាប់អ្នកដើរលក់ធ្យូងនោះទេ។
លោក សំ ចាន់គា បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីព្រៃឈើមិនគួរចាប់ប្រជាពលរដ្ឋដែលគាត់គ្រាន់តែធ្វើការដូរលក់សម្រាប់តែចិញ្ចឹមក្រុមគ្រួសាររបស់គាត់តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
