ប្រជា​សហគមន៍​ស្រុក​រមាសហែក បួងសួង​វត្ថុ​សក្ដិសិទ្ធិ​ឲ្យ​ជួយ​ការពារ​ព្រៃឈើ

ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ចំនួន៥ គឺ​ភូមិ​ថ្មី ភូមិ​ឈូក ភូមិ​ព្រៃ​តា​រៀម ភូមិ​ក្រសាំង និង​ភូមិ​ចម្ការគគីរ នៃ​សហគមន៍​ព្រៃឈើ​ឃុំ​ក្រសាំង ជា​ច្រើន​រយ​នាក់ បាន​ធ្វើ​ពិធីសូត្រមន្ត និង​បួងសួង​សុំ​ឲ្យ​បារមី​អ្នកតាឡ និង​វត្ថុ​សក្ដិសិទ្ធិ​ថែរក្សា​ព្រៃឈើ។
ដោយ ជិន ជេដ្ឋា
2012-06-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ពលរដ្ឋ​ក៏​សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ សម្រាប់​សហគមន៍​ពួក​គាត់​គ្រប់គ្រង និង​អាស្រ័យ​ផល។

ប្រជា​សហគមន៍​ឃុំ​ក្រសាំង ម្នាក់ មក​ពី​ភូមិ​ថ្មី​ឈ្មោះ ប៊ូ សាមុច លោក​មាន​ប្រសាសន៍​ថា គោល​បំណង​ក្នុង​ការ​ធ្វើ​ពិធី​នេះ គឺ​ចង់​បង្ហាញ​ដល់​សាធារណជន និង​រដ្ឋាភិបាល​ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​ចំនួន ៥០០​ហិកតារ សម្រាប់​ផល​ប្រយោជន៍​រួម​របស់​សហគមន៍​លោក៖ «កាល​ដែល​យើង​ជួប​ប្រទះ​គ្រោះ អ្វី​ដែល​គេ​ទាម​ទារ ឬ​គេ​ឈូស​បំផ្លាញ​នោះ បង​ប្អូន​ប្រជា​សហគមន៍​យើង​ទាំង​អស់​ហ្នឹង បាន​មក​បន់ស្រន់​អារុក្ខអារក្ខ​អ្នកតា​ព្រៃ​នេះ ដែល​ធ្លាប់​តែ​យើង​មាន​ជំនឿ គាត់​ថា​ឲ្យ​នៅ​សល់​ព្រៃ​នេះ​ទៅ គាត់​នឹង​ធ្វើ​អាស្រម​ថ្ម​ឲ្យ ដល់​អីចឹង​ទៅ ឥឡូវ​ដូច​ថា​បាន​ពាក់​កណ្ដាល​ភាគ​រយ អីចឹង​ទៅ​គាត់​មក​ធ្វើ​អាស្រម​ថ្ម​ហ្នឹង»

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​តែ​ចាត់​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​ដល់​ព្រៃ​សហគមន៍​ផ្ទាល់ ដោយ​មិន​ត្រូវ​ជឿ​លើ​របាយការណ៍​របស់​មន្ត្រី​ថ្នាក់​ក្រោម​ទេ ព្រោះ​អាជ្ញាធរ​មិន​សូវ​អើពើ និង​ការពារ​ផល​ប្រយោជន៍​របស់​ប្រជា​សហគមន៍​ឡើយ។

ប្រជា​សហគមន៍​ម្នាក់​ទៀត​លោកស្រី យោគ សាមី បាន​បន្ថែម​ថា ប្រជា​សហគមន៍​ជា​ច្រើន​រយ​នាក់ បាន​រៀបចំ​ពិធី​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា ស្ថិត​នៅ​ចំណុច​ព្រៃ​អ្នកតាឡ ក្នុង​ភូមិ​ចម្ការគគីរ ឃុំ​អណ្ដូងត្របែក ស្រុក​រមាសហែក។ លោកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​គាត់​ជឿជាក់​ខ្លាំង​ទៅ​លើ​បារមី​អ្នកតាឡ និង​វត្ថុ​សក្ដិសិទ្ធិ​នៅ​ក្នុង​ព្រៃ ដែល​ពួក​គាត់​កំពុង​អភិរក្ស៖ «មាន​ផល​ប្រយោជន៍​ណាស់​ព្រៃ​ឈើ​ហ្នឹង សម្រាប់​ធ្វើ​ជម្រក ជុំរុំ​អី​នៅ គោ​ក្របី​អី​លែង​ម៉ា​សព្វគ្រប់ សម្រាប់​បោច​ស្បូវ​ចង​កណ្ដាប់ យក​ទៅ​ប្រក់​ផ្ទះ ប្រក់​សម្បែង​អី​ហ្នឹង»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​អភិបាលរង​ស្រុក លោក ឡឹក សារ៉ន និង​ប្រធាន​សុរិយោដី​ស្រុក​រមាសហែក លោក ម៉ៅ ពុទ្ធី ដើម្បី​សុំ​ការ​បក​ស្រាយ​ចំពោះ​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ដែល​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ការពារ និង​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ឲ្យ​សហគមន៍​ពួក​គាត់​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១២។

មន្ត្រី​សម្រប​សម្រួល នៃ​សមាគមន៍ អាដហុក (Adhoc) ប្រចាំ​ខេត្ត​ស្វាយរៀង លោក ប្រាក់ សារ៉ាន់ លោក​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពិធី​របស់​ប្រជាពលរដ្ឋ គឺ​ជា​ការ​ល្អ​ដែល​ពួក​គាត់​ចេះ​ផ្ញើ​សារ និង​បញ្ចេញ​ព័ត៌មាន​ផ្សេងៗ​ឲ្យ​សាធារណជន និង​អាជ្ញាធរ​បាន​ដឹង ក្នុង​គោល​បំណង​ការពារ​ព្រៃឈើ និង​សម្បត្តិ​ធម្មជាតិ។

ទោះ​ជា​យ៉ាង​ណា លោក​មិន​ទាន់​ដឹង​ថា អាជ្ញាធរ​សម្រេច​យ៉ាង​ម៉េច​នៅ​ឡើយ ទាក់​ទង​នឹង​ដី​សហគមន៍​នោះ៖ «អា​នេះ​អាស្រ័យ​ទៅ​លើ​រដ្ឋាភិបាល​ទេ បើ​សិន​ជា​លោក​មើល​ឃើញ​ថា គួរ​តែ​ឲ្យ​សហគមន៍​គ្រប់​គ្រង​ទៅ​ជា​ការ​ល្អ អា​ហ្នឹង បើ​រដ្ឋ​ថា​ល្អ គួរ​តែ​ផ្ដល់​ទៅ​សហគមន៍​គាត់​គ្រប់​គ្រង និង​អភិរក្ស​ការពារ​ព្រៃឈើ​ហ្នឹង​ទៅ»

ប្រជា​សហគមន៍​ព្រៃឈើ​ឃុំ​ក្រសាំង ចង់​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​ចុះ​មក​ពិនិត្យ​ករណី​នេះ​ជា​បន្ទាន់ និង​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​សហគមន៍ ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល