សកម្មភាពពលរដ្ឋលើកគ្នាទៅសុំឲ្យមានការជួយអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១២ ថា រដ្ឋាភិបាលនឹងមានយុវជនចំនួន ១.១០០នាក់ ស្ម័គ្រចិត្តជួយធ្វើការចុះបញ្ជីដីធ្លី។
តំណាងប្រជាពលរដ្ឋរស់នៅភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច អ្នកស្រី វីរ៉ា ថ្លែងថា មន្ត្រីសុរិយោដីស្រុក និងខេត្ត មិនព្រមធ្វើប្លង់កម្មសិទ្ធិដី និងផ្ទះឲ្យពួកគាត់ទេ៖ «ជាមូលហេតុ គេថាដីពួកខ្ញុំហ្នឹង ពាក់ព័ន្ធជាមួយប័ណ្ណកម្មសិទ្ធិរបស់ចិន មិនមែនពាក់ព័ន្ធជាមួយដីសម្បទានសេដ្ឋកិច្ច មិនមែនពាក់ព័ន្ធជាមួយដីព្រៃឈើទេ»។
អ្នកស្រី វីរ៉ា បន្ថែមថា ពួកគាត់បានរស់នៅកាន់កាប់ដីភូមិ និងចម្ការ តាំងពីឆ្នាំ១៩៨៥ មក។ នៅឆ្នាំ១៩៩០ ការរស់នៅភូមិទាំងនោះ កើតផ្ទះច្រើនឡើង រហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០១១ អ្នកជួញដូរដីម្នាក់ ដែលគាត់មិនស្គាល់ឈ្មោះ បានមកអះអាងថា ដីភូមិពួកគាត់ ចាប់ពីភូមិលេខ៣ ដល់ភូមិលេខ៦ គឺនៅប៉ែកខាងជើងផ្លូវជាតិលេខ៤ ចាប់ពីគីឡូម៉ែត្រលេខ៩០ ទៅដល់គីឡូម៉ែត្រលេខ៩៨ មានជាប់ពាក់ព័ន្ធកម្មសិទ្ធិស្របច្បាប់របស់ជនជាតិចិនតៃវ៉ាន់។ អ្នកស្រីបន្តថា ទោះបីអ្នកភូមិមានលិខិតបញ្ជាក់ពីអាជ្ញាធរភូមិឃុំថា ពួកគាត់រស់នៅស្របច្បាប់យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចធ្វើប្លង់កម្មសិទ្ធិបានដែរ។
លោក សំ តាំង រស់នៅភូមិ៦ ឃុំត្រែងត្រយឹង ថ្លែងថា គាត់ត្រូវរដ្ឋផ្លាស់ឲ្យមកធ្វើការនៅខេត្តកំពង់ស្ពឺ គាត់ក៏បានទិញដីនៅក្នុងភូមិ៦ រស់នៅតាំងពីឆ្នាំ១៩៩០ មកដែរ។ នៅឆ្នាំ២០១១ គាត់សុំធ្វើប័ណ្ណកម្មសិទ្ធិដី។ ប៉ុន្តែមន្ត្រីសុរិយោដីស្រុក ខេត្ត បដិសេធថា ដីពួកគាត់ជាប់ពាក់ព័ន្ធកម្មសិទ្ធិឯកជនរបស់ជនជាតិចិនតៃវ៉ាន់ ដែលបានធ្វើប្លង់កម្មសិទ្ធិ តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។
លោក សំ តាំង៖ «មន្ត្រីសុរិយោដីស្រុក គេអះអាងថា ទៅសុរិយោដីខេត្ត ហើយសុរិយោដីខេត្តហ្នឹង បានបំភ្លឺទៅចៅហ្វាយខេត្ត ទៅក្រសួងមហាផ្ទៃ គេថាដីហ្នឹងបាត់ ប៉េវេ (PV) ។ ប្លង់គេនោះពិតប្រាកដ តែមូលហេតុបាត់ ប៉េវេ នោះ ដោយសារខ្មែរក្រហមហ្នឹង វ៉ៃ ដុត បំផ្លាញអី តាមមន្ទីរសុរិយោដី តាមឃុំ តាមអីហ្នឹង។ ដល់អ៊ីចឹងទៅ ការបាត់នោះដូចជាអត់សមសោះ ខ្ញុំមិនហ៊ានចោទថាលួច ថាប្លន់ ថាបន្លំអីទេ តែវាអត់សម»។
ពលរដ្ឋរស់នៅភូមិ៣ចម្ការចេក លោក លឹម សុខុម ថ្លែងថា ដោយសារតែពួកគាត់គ្មានការអនុញ្ញាតឲ្យធ្វើកម្មសិទ្ធិដី ទើបប្រជាពលរដ្ឋប្ដឹងរឿងនេះ ទៅតុលាការសាលាដំបូង ខេត្តកំពង់ស្ពឺ។ ប៉ុន្តែ ១ឆ្នាំក្រោយ ការបណ្ដឹងតុលាការខេត្តមិនទាន់បានបើកសវនាការទេ។
មេឃុំត្រែងត្រយឹង ទើបជាប់ឆ្នោតថ្មី តែមិនទាន់ឡើងកាន់តំណែង អ្នកស្រី កែវ សុផាត ថ្លែងថា អំឡុងឆ្នាំ១៩៩៤ តាមច្បាប់កាលនោះ រដ្ឋាភិបាលមិនទាន់ផ្តល់កម្មសិទ្ធិឯកជនទៅដល់ជនបរទេសទេ។ អ្នកស្រីថា គាត់គាំទ្រការទាមទារចង់បានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៖ «ខ្ញុំទទួលបន្ទុកមេឃុំ គឺខ្ញុំឆ្លើយខ្លីថា ខ្ញុំត្រូវឈរនៅខាងប្រជាពលរដ្ឋ ដើម្បីធ្វើការចរចា ឬក៏ជាមួយផ្លូវច្បាប់នោះ ធ្វើម៉េចឲ្យដោះស្រាយឲ្យប្រជាពលរដ្ឋទៅ»។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា អ្នកភូមិដែលមិនទាន់ទទួលបានកម្មសិទ្ធិនោះ មានចំនួនជាង ៣០០គ្រួសារ រស់នៅក្នុងភូមិ៣ ភូមិ៣ចម្ការចេក ភូមិ៦ និងភូមិសម្បទានសែនជ័យ។ សរុបទំហំដីពាក់ព័ន្ធកម្មសិទ្ធិឯកជន របស់ជនបរទេសប្រមាណជាង ៥០០ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។