ប្រជាពលរដ្ឋរស់នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខែត្របន្ទាយមានជ័យ បានថ្លែងឲ្យដឹងនៅថ្ងៃទី១៥ តុលា ដោយចោទប្រកាន់សមត្ថកិច្ចខែត្រថាបានជំរិតទារប្រាក់ពីអ្នកភូមិក្នុងម្នាក់៥ពាន់រៀលពេលធ្វើអត្តសញ្ញាណប័ណ្ណ។
ប្រជាពលរដ្ឋឈ្មោះ ធារី បានឲ្យដឹងថា មន្ត្រីនគរបាលដែលបានចុះធ្វើអត្តសញ្ញាណប័ណ្ណក្នុងឃុំរបស់លោក គេបានតម្រូវឲ្យអ្នកភូមិបង់ប្រាក់ចំនួន៥ពាន់រៀលមុននឹងគេធ្វើអត្តសញ្ញាណប័ណ្ណជូន។ លោកថា បញ្ហានេះគឺប៉ះពាល់ដល់អ្នកក្រីក្រដែលមានសមាជិកគ្រួសារច្រើន ដែលគ្មានថវិកាទៅធ្វើ ហើយក្នុងចំណោមនោះក៏មានអ្នកភូមិមួយចំនួនមិនបានទៅធ្វើអត្តសញ្ញាណប័ណ្ណផងដែរ។
លោក ធារី បានបញ្ជាក់ថា ៖ «មេប៉ុស្តិ៍រងគាត់ប្រាប់ថា ឲ្យធ្វើទៅ គាត់ថាម្នាក់អស់តែ៣ពាន់ទេ។ ដល់ពេលខ្ញុំទៅធ្វើ គេទារដល់ទៅ៥ពាន់»។
អ្នកភូមិមួយរូបទៀតឈ្មោះ ទុំ បានបញ្ជាក់ដែរថា បញ្ហានេះជាទម្លាប់មួយដែលមន្ត្រីមូលដ្ឋានតែងតែយកលុយពីប្រជាពលរដ្ឋនៅពេលចុះធ្វើអ្វីមួយជូនដល់ប្រជាពលរដ្ឋនោះ។ លោកសូមសំណូមពរដល់រដ្ឋាភិបាលក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធធ្វើយ៉ាងណាលុបបំបាត់នូវអំពើពុករលួយនេះ ព្រោះលោកធ្លាប់ទៅប្រទេសជិតខាងមិនដែលគេយកលុយពីប្រជាពលរដ្ឋក្នុងការធ្វើអត្តសញ្ញាណប័ណ្ណនេះទេ។
លោក ទុំ បានមានប្រសាសន៍ថា ៖ «ខ្ញុំដឹងថា ច្បាប់នៅស្រុកថៃគេអត់យកលុយទេ អត្តសញ្ញាណប័ណ្ណហ្នឹង។ ស្រុកខ្មែរយើងទម្លាប់តាំងពីដើមមកត្រូវតែយក ហើយអានេះធុនដែលតិចបំផុតហើយនៅតែអស់៥ពាន់ដែរ»។
នាយរងការិយាល័យស្ថិតិ អត្តសញ្ញាណប័ណ្ណ ខែត្របន្ទាយមានជ័យ លោក ហ៊ុន វ៉ាន់លី បានទទួលស្គាល់អំពីការយកលុយពីអ្នកភូមិក្នុងការចុះធ្វើអត្តសញ្ញាណប័ណ្ណ ប៉ុន្តែលោកបញ្ជាក់ថា ការយកលុយគឺបានឯកភាពពីមេឃុំនិងអភិបាលស្រុក ពីព្រោះពួកលោកចុះធ្វើការគឺគ្មានលុយបេសកកម្មនោះទេ។
លោក ហ៊ុន វ៉ាន់លី បានអះអាងថា ៖ «បើសិនណាយើងអត់ត្រូវការចំណាយបាយទឹកទៅ បើឃុំគេដោះស្រាយឲ្យយើង ស្រុកដោះស្រាយឲ្យយើង អាហ្នឹងអត់អីទេ ប៉ុន្តែអត់មាននរណាដោះស្រាយឲ្យខាងខ្ញុំទេ»។
ប្រធានការិយាល័យស្ថិតិ អត្តសញ្ញាណប័ណ្ណ ខែត្របន្ទាយមានជ័យ លោក កាយ ផល បានលើកឡើងថា មន្ត្រីរបស់លោកដែលបានចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅទូទាំងខែត្រនោះ គឺពុំមានលុយឧបត្ថម្ភពីក្រសួងមហាផ្ទៃនោះទេ ហើយក៏មិនបានយកលុយពីប្រជាពលរដ្ឋក្រីក្រនោះផងដែរ។
លោក កាយ ផល បានថ្លែងថា ៖ «ក្រសួងបានរៀបផែនការមួយដើម្បីឲ្យគេផ្ដល់អត្តសញ្ញាណប័ណ្ណឲ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០០៩នេះ ព្រោះក្នុងការដែលផ្ដល់ហ្នឹងគឺអត់មានថវិកាពីក្រសួងផ្ដល់ឲ្យទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ គឺលោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានទេ នៅថ្ងៃទី១៥ តុលា ប៉ុន្តែលោកធ្លាប់ឲ្យវិទ្យុអាស៊ីសេរីដឹងកាលពីពេលថ្មីៗនេះថា ក្រសួងបានចេញអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមជម្រាបថា បញ្ហាធ្វើអត្តសញ្ញាណប័ណ្ណដោយសមត្ថកិច្ចបានតម្រូវឲ្យបង់ប្រាក់នេះ កន្លងមកគឺកើតមានស្ទើរតែគ្រប់ខែត្រក្រុង។
លោក កាយ ផល បានឲ្យដឹងទៀតថា នៅក្នុងខែត្របន្ទាយមានជ័យការចុះធ្វើអត្តសញ្ញាណប័ណ្ណគឺបានធ្វើឡើងចាប់តាំងពីដើមខែកក្កដាកន្លងទៅ និងបញ្ចប់នៅខែវិច្ឆិកាខាងមុខ៕
នាយករដ្ឋមន្ត្រីសម្រេចយកសម័យប្រជុំថ្ងៃ១១ ធ្នូ ដើម្បីឆ្លងសេចក្ដីព្រាងច្បាប់អំពើពុករលួយ
នគរបាលអន្តោប្រវេសន៍នៅប៉ោយប៉ែតរងការចោទថាបន្តជំរិតប្រាក់ពីកម្មករ
អតីតប្រធានាធិបតីអាមេរិកសម្ពោធផ្ទះសម្រាប់ជនក្រីក្រនៅខែត្រកណ្ដាល
ទីតាំងផលិតប្រេងម្រះព្រៅភ្នំ២កន្លែងនៅពោធិ៍សាត់ត្រូវបានកម្ទេច
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
អាជ្ញាធរខេត្តឧត្ដរមានជ័យរារាំងរថយន្តដឹកព្រះពុទ្ធបដិមារបស់ម៉មសូណង់ដូ
ប្រជានេសាទប្រតិកម្មចំពោះការកំណត់ប្រភេទឧបករណ៍នេសាទ
បញ្ហាធូលីហុយនៅតាមផ្លូវជាតិលេខ៣ប៉ះពាល់ដល់សុខភាពអ្នកស្រុក
ពលរដ្ឋនៅព្រៃវែងត្អូញពីបញ្ហាសមត្ថកិច្ចស្ទាក់ទារប្រាក់តាមផ្លូវ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
It is true that Khmer officials and any authority are always corrupted, especially when people ask them to do something. It is very true 80% of Cambodian people are poor so they can't even pay 500 Riels for the ID which is normally free for every body. And I think the government should see and check about this point if the government really loves Cambodian citizens.
2009-10-16 21:02
តាមធម្មតាអាញ្ញាធរមិនចង់អោយពលរដ្ឋខ្មែរមានកាតទេ ព្រោះខ្លាចទៅបោះឆ្នោតច្រើនពេក ទុកធ្វើឲ្យយួនវិញចំណេ <br>ញជាង បានលុយហើយ បានសន្លឹកឆ្នោតតៀត <br>
2009-10-16 18:02
មើលមតិទាំងអស់.