អាជ្ញាធរ​រង​ការ​ចោទ​ថា​ជំរិត​ទារ​ប្រាក់​អ្នក​ភូមិ​ពេល​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​យាងថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខែត្រ​បន្ទាយមានជ័យ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ តុលា ដោយ​ចោទ​ប្រកាន់​សមត្ថកិច្ច​ខែត្រ​ថា​បាន​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ភូមិ​ក្នុង​ម្នាក់​៥​ពាន់​រៀល​ពេល​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ។

0:00 / 0:00

ប្រជាពលរដ្ឋ​ឈ្មោះ ធារី បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ដែល​បាន​ចុះ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ក្នុង​ឃុំ​របស់​លោក គេ​បាន​តម្រូវ​ឲ្យ​អ្នក​ភូមិ​បង់​ប្រាក់​ចំនួន​៥​ពាន់​រៀល​មុន​នឹង​គេ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន។ លោក​ថា បញ្ហា​នេះ​គឺ​ប៉ះពាល់​ដល់​អ្នក​ក្រី​ក្រ​ដែល​មាន​សមាជិក​គ្រួសារ​ច្រើន ដែល​គ្មាន​ថវិកា​ទៅ​ធ្វើ ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន​អ្នក​ភូមិ​មួយចំនួន​មិន​បាន​ទៅ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ផងដែរ។

លោក ធារី បាន​បញ្ជាក់​ថា ៖ «មេ​ប៉ុស្តិ៍​រង​គាត់​ប្រាប់​ថា ឲ្យ​ធ្វើ​ទៅ គាត់​ថា​ម្នាក់​អស់​តែ​៣​ពាន់​ទេ។ ដល់​ពេល​ខ្ញុំ​ទៅ​ធ្វើ គេ​ទារ​ដល់​ទៅ​៥​ពាន់»

អ្នក​ភូមិ​មួយ​រូប​ទៀត​ឈ្មោះ ទុំ បាន​បញ្ជាក់​ដែរ​ថា បញ្ហា​នេះ​ជា​ទម្លាប់​មួយ​ដែល​មន្ត្រី​មូលដ្ឋាន​តែងតែ​យក​លុយ​ពី​ប្រជាពលរដ្ឋ​នៅ​ពេល​ចុះ​ធ្វើ​អ្វី​មួយ​ជូន​ដល់​ប្រជាពលរដ្ឋ​នោះ។ លោក​សូម​សំណូមពរ​ដល់​រដ្ឋាភិបាល​ក៏​ដូច​ជា​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ធ្វើ​យ៉ាង​ណា​លុប​បំបាត់​នូវ​អំពើ​ពុក​រលួយ​នេះ ព្រោះ​លោក​ធ្លាប់​ទៅ​ប្រទេស​ជិត​ខាង​មិន​ដែល​គេ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​នេះ​ទេ។

លោក ទុំ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ដឹង​ថា ច្បាប់​នៅ​ស្រុក​ថៃ​គេ​អត់​យក​លុយ​ទេ អត្ត​សញ្ញាណ​ប័ណ្ណ​ហ្នឹង។ ស្រុក​ខ្មែរ​យើង​ទម្លាប់​តាំង​ពី​ដើម​មក​ត្រូវតែ​យក ហើយ​អា​នេះ​ធុន​ដែល​តិច​បំផុត​ហើយ​នៅតែ​អស់​៥​ពាន់​ដែរ»

នាយ​រង​ការិយាល័យ​ស្ថិតិ អត្ត​សញ្ញាណ​ប័ណ្ណ ខែត្រ​បន្ទាយមានជ័យ លោក ហ៊ុន វ៉ាន់លី បាន​ទទួល​ស្គាល់​អំពី​ការ​យក​លុយ​ពី​អ្នក​ភូមិ​ក្នុង​ការ​ចុះ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​យក​លុយ​គឺ​បាន​ឯកភាព​ពី​មេ​ឃុំ​និង​អភិបាល​ស្រុក ពីព្រោះ​ពួក​លោក​ចុះ​ធ្វើការ​គឺ​គ្មាន​លុយ​បេសកកម្ម​នោះ​ទេ។

លោក ហ៊ុន វ៉ាន់លី បាន​អះអាង​ថា ៖ «បើ​សិន​ណា​យើង​អត់​ត្រូវការ​ចំណាយ​បាយ​ទឹក​ទៅ បើ​ឃុំ​គេ​ដោះស្រាយ​ឲ្យ​យើង ស្រុក​ដោះស្រាយ​ឲ្យ​យើង អា​ហ្នឹង​អត់​អី​ទេ ប៉ុន្តែ​អត់​មាន​នរណា​ដោះស្រាយ​ឲ្យ​ខាង​ខ្ញុំ​ទេ»

ប្រធាន​ការិយាល័យ​ស្ថិតិ អត្ត​សញ្ញាណ​ប័ណ្ណ ខែត្រ​បន្ទាយមានជ័យ លោក កាយ ផល បាន​លើក​ឡើង​ថា មន្ត្រី​របស់​លោក​ដែល​បាន​ចុះ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខែត្រ​នោះ គឺ​ពុំ​មាន​លុយ​ឧបត្ថម្ភ​ពី​ក្រសួង​មហាផ្ទៃ​នោះ​ទេ ហើយ​ក៏​មិន​បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ​ក្រី​ក្រ​នោះ​ផងដែរ។

លោក កាយ ផល បាន​ថ្លែង​ថា ៖ «ក្រសួង​បាន​រៀប​ផែនការ​មួយ​ដើម្បី​ឲ្យ​គេ​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ ព្រោះ​ក្នុង​ការ​ដែល​ផ្ដល់​ហ្នឹង​គឺ​អត់​មាន​ថវិកា​ពី​ក្រសួង​ផ្ដល់​ឲ្យ​ទេ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ គឺ​លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី​១៥ តុលា ប៉ុន្តែ​លោក​ធ្លាប់​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រសួង​បាន​ចេញ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ។

សូម​ជម្រាប​ថា បញ្ហា​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ដោយ​សមត្ថកិច្ច​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់​នេះ កន្លង​មក​គឺ​កើត​មាន​ស្ទើរ​តែ​គ្រប់​ខែត្រ​ក្រុង។

លោក កាយ ផល បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ខែត្រ​បន្ទាយមានជ័យ​ការ​ចុះ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​គឺ​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ និង​បញ្ចប់​នៅ​ខែ​វិច្ឆិកា​ខាងមុខ៕