ស្រ្តីជាតំណាងប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល សុំមិនប្រាប់ឈ្មោះបានត្អូញត្អែរប្រាប់វិទ្យុអាស៊ីសេរីថា ៖ «គេមានម៉ាស៊ីនគេថតអីអ៊ីចឹង គេវាស់ដីយើងហើយ គេយកក្រដាសមួយសន្លឹកប៉ុនបាតដៃឲ្យយើង គេទារ៥ដុល្លារ គេប្រាប់ឲ្យទៅផ្ទះបងសឿង។ ផ្ទះសឿងហ្នឹងគេមានក្រុមគេច្រើនគ្នាណាស់ អង្គុយសរសេរ។ យើងចូលទៅដល់អ្នកសរសេរហ្នឹង ឲ្យក្រដាសហ្នឹងទៅ សរសេរហើយគេទារយើង ៥ដុល្លារទៀត ចេញពីក្រុមហ្នឹងទៅ ទៅក្រុមមួយទៀត គេទារ១០ដុល្លារទៀត ដល់ចេញក្រដាសធំ គេថាអាហ្នឹងទារច្រើនជាងហ្នឹងបន្តិច ហើយបើតវ៉ាអីអត់បានទេ ពួកអ្នកស្រុកអស់ហ្នឹងគេអត់សូវហ៊ានទេ គេខ្លាចអត់ធ្វើឲ្យ បើអ្នកខ្លះគេចង់ទូរស័ព្ទមកអាស៊ីសេរីដែរ ប៉ុន្តែគេខ្លាចថាមានគេគុំកួន»។
លោកស្រីបានឲ្យដឹងថា សកម្មភាពនោះកំពុងតែបន្តពីភូមិមួយទៅភូមិមួយទៀតរយៈពេលជាងមួយខែមកហើយ។ ប្រជាពលរដ្ឋមួយចំនួនមិនហ៊ានតវ៉ាទេពីព្រោះខ្លាចក្រែងគេមិនធ្វើប្លង់ដីធ្លីឲ្យ។
មិនអាចទាក់ទង លោក ឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានភ្លាមៗទេជុំវិញការតវ៉ានិងការចោទប្រកាន់ខាងលើនេះ ដោយសារទូរស័ព្ទរបស់លោកមិនអាចហៅចូលបាន។
លោក អ៊ំ សំអាត ប្រធានផែ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «ពាក់ព័ន្ធនឹងបញ្ហានេះ ខាងអង្គការលីកាដូបានទទួលព័ត៌មានដែរ ប៉ុន្តែឥឡូវយើងកំពុងតែធ្វើការតាមដានក្នុងរឿងនេះ ហើយយើងនឹងធ្វើការស៊ើបអង្កេតទៅលើរឿងនេះ ទាក់ទងនឹងបញ្ហាចេញប្លង់ដី ហើយទារលុយប្រជាពលរដ្ឋនេះ។ ប៉ុន្តែនៅក្នុងនេះយើងឃើញថា ដីនៅទីនោះវាមិនអាចថ្លៃដល់២០និង៣០ដុល្លារហ្នឹងទេ»។
ទាក់ទងបញ្ហាខាងលើនេះ លោក ប៊ូ សារឿន មន្រ្តីទំនាក់ទំនងសាធារណរបស់ធនាគារពិភពលោកប្រចាំនៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា ធនាគារពិភពលោកធ្លាប់បានជួយជាថវិកាជាច្រើនលានដុល្លារអាមេរិកជូនរដ្ឋាភិបាលកម្ពុជាដើម្បីប្រើប្រាស់ក្នុងការរៀបចំនឹងចាត់ចែងប្លង់កម្មសិទ្ធិជាប្រព័ន្ធក្នុងបំណងឲ្យប្រជាពលរដ្ឋខែ្មរមានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួននឹងធ្វើវិនិយោគនៅលើដីធ្លីរបស់ខ្លួន ហើយប្រជាពលរដ្ឋខ្មែរក្រីក្រមានចំណែកក្នុងការបង់ថៃ្លចេញប្លង់នោះក្នុងតម្លៃទាបបំផុត។
សូមរំឭកថា ដោយផែ្នកតាមឯកសារនានាបានឲ្យដឹងថា ធនាគារពិភពលោកកាលពីឆ្នាំ២០០១កន្លងទៅបានចាប់ផ្តើមគម្រោងរយៈពេល៥ឆ្នាំក្នុងការរៀបចំដែនដីនិងចេញប្លង់កម្មសិទ្ធិដីជូនប្រជាពលរដ្ឋខែ្មរក្រីក្រក្នុងប្រទេសកម្ពុជា ដែលធនាគារនេះចំណាយទឹកប្រាក់ចំនួនប្រមាណ៣៣លាន៥សែនដុល្លារអាមេរិក ហើយរដ្ឋាភិបាលអាល្លឺម៉ង់បានជួយថវិការបស់ខ្លួនចំនួន៣លាន៥សែនដុល្លារអាមេរិកទៀតសម្រាប់ទ្រទ្រង់គម្រោងនោះ៕
