ប្រជាពលរដ្ឋ ៦៨គ្រួសារបានមានប្រសាសន៍ថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៩ សង្កាត់ជលផល ស្រុកឯកភ្នំ បានប្រកាសមិនឲ្យអ្នកភូមិចំនួន ៦៨គ្រួសារធ្វើការដាំដុះនៅលើដីស្រែទំហំ ៧០ហិកតាស្ថិតនៅចំណុចខាងលើ ដែលពួកគាត់ធ្លាប់ធ្វើជាច្រើនឆ្នាំនោះទេ ៖ «...ប្រជាពលរដ្ឋទាំងអស់គាត់ចង់បាន ធ្វើហ្នឹងមិនជាទ្រង់ទ្រាយអីធំទេ...»។
លោក ណឹម សោម នាយសង្កាត់រដ្ឋបាលជលផល ស្រុកឯកភ្នំ បានមានប្រសាសន៍ថា សមត្ថកិច្ចជលផលធ្វើការហាមឃាត់មិនឲ្យដាំដុះលើដីនោះ គឺធ្វើឡើងតាមបទបញ្ជារបស់រដ្ឋាភិបាលដើម្បីរក្សាដីឲ្យព្រៃដុះឡើងវិញ និងដើម្បីទប់ស្កាត់កុំឲ្យមានការកាប់ទន្ទ្រានដីបន្ថែមទៀត។
លោក ណឹម សោម បានបញ្ជាក់ថា ៖ «ការងារមួយរួម ដើម្បីរក្សាព្រៃលិចទឹកឲ្យវាដុះឡើងវិញ ដីដែលរងភ្លើងឆេះ»។
មេឃុំព្រៃចាស់ លោក ឆូន លាង បានមានប្រសាសន៍ថា ក្រុមអ្នកភូមិបានបង្កបង្កើនផលលើដីនោះច្រើនឆ្នាំពិតមែន ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការសម្រេចទេ បើទោះបីជាមានសំណើរបស់ក្រុមអ្នកភូមិក៏ដោយ។
កន្លងទៅថ្មីៗនេះ អ្នកភូមិទាំង ៦៨គ្រួសារបានដាក់សំណើទៅអាជ្ញាធរស្រុកឯកភ្នំ និងអាជ្ញាធរខេត្តដើម្បីស្នើសុំការអនុញ្ញាតធ្វើការដាំដុះលើដីស្រែ ៧០ហិកតានោះ។
លោក សៀង សុថង អភិបាលរងខេត្តបាត់ដំបង មានប្រសាសន៍ថា លោកមិនទាន់បានទទួលសំណើរបស់អ្នកភូមិទេ។ លោកមានប្រសាសន៍បន្តថា នឹងធ្វើការពិចារណា ប្រសិនបើដីនោះបានត្រូវ អ្នកភូមិធ្វើស្រែជាច្រើនឆ្នាំមកហើយនោះ។
លោក យិន ម៉េងលី មន្ត្រីសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានធ្វើការស៊ើបអង្កេត បានមានប្រសាសន៍ថា អាជ្ញាធរខេត្តគួរឲ្យអ្នកភូមិធ្វើស្រែចម្ការលើដីនោះជាធម្មតា តែត្រូវហាមឃាត់អ្នកភូមិកុំឲ្យកាប់រានព្រៃបន្តទៀត។
លោក យិន ម៉េងលី បានអះអាងថា ៖ «យើងប្រើកម្លាំងអ្នកស្រុកដែលនៅជិតហ្នឹង កម្លាំងពួកគាត់ជាអ្នកការពារ ជាអ្នកអភិរក្សព្រៃហ្នឹងវិញ។ អ្នកណាមកដុតព្រៃ អ្នកណាមកបំផ្លាញ ពួកគាត់ជាអ្នកការពារវិញ។ យើងយកកម្លាំងឆ្ងាយមកការពារអត់ឈ្នះទេ!»។
ការមិនបានបង្កបង្កើនផលលើដីទំហំ ៧០ហិកតានារដូវវស្សា និងដើមរដូវប្រាំង ធ្វើឲ្យក្រុមអ្នកភូមិបាត់បង់ប្រាក់ចំណូល។ ក្រុមអ្នកភូមិបានបញ្ជាក់ថា ពួកគាត់ធ្លាប់បានផលពីដំណាំស្រូវ ដំណាំឪឡឹក គិតជាប្រាក់ចំនួន ៧លានរៀលក្នុងមួយគ្រួសារ៕
