ពលរដ្ឋ​៥០០​នាក់​នៅ​ស្រុក​អង្គស្នួល​ទាមទារ​ឲ្យ​ត​បណ្ដាញ​អគ្គិសនី​រដ្ឋ

2008-06-25

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់​នៅ​ក្នុង​ស្រុក​អង្គស្នួល បាន​នាំគ្នា​ទាមទារ​នៅ​ជិត​សាលា​ស្រុក​កាលពី​ថ្ងៃ​ទី​២៤ មិថុនា​នេះ ឲ្យ​រដ្ឋាភិបាល​ត​បណ្ដាញ​អគ្គិសនី​រដ្ឋ​ជូន​ពួក​គាត់ ដោយ​លើកឡើង​ថា​បណ្ដាញ​អគ្គិសនី​ឯកជន​សព្វថ្ងៃ​មាន​តម្លៃ​លើស​តំបន់​ជិត​ខាង ។

តំណាង​របស់​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​នោះ​គឺ​លោក យ៉ង់ ផានី បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​ថា តម្លៃ​អគ្គិសនី​ឯកជន​នៅ​ក្នុង​ទីប្រជុំជន​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល មាន​តម្លៃ​រហូត​ដល់​ទៅ ៣.៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ហើយ​ថា​តម្លៃ​អគ្គិសនី​ឯកជន​នៅ​ក្នុង​ទីប្រជុំជន​ផ្សារ​បែកចាន ដែល​មាន​ចម្ងាយ​ពី​អង្គស្នួល​ប្រមាណ ៥​គីឡូម៉ែត្រ មាន​តម្លៃ​ត្រឹមតែ​២៦០០​រៀល​ប៉ុណ្ណោះ ។ ចំណែក​ឯ​តម្លៃ​អគ្គិសនី​រដ្ឋ​នៅ​ទីប្រជុំជន​ផ្សារ​ថ្នល់ទទឹង ដែល​មាន​ចម្ងាយ​ពី​ផ្សារ​អង្គស្នួល​ប្រមាណ​៥​គីឡូម៉ែត្រ​ដែរ​នោះ មាន​តម្លៃ​ត្រឹមតែ​១.១៥០​រៀល​តែ​ប៉ុណ្ណោះ ។

លោក យ៉ង់ ផានី បាន​ឲ្យ​ដឹង​ថា ៖ «គឺ​ថា​សាំង ម៉ាស្សូត​អី​ឡើង​ថ្លៃ ...ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្ញុំ​ទទួលស្គាល់​ថា​ឡើង​ថ្លៃ ក៏ប៉ុន្តែ​ចុះ​ភ្លើង​ឯកជន​នៅ​ផ្សារ​បែកចាន គេ​ឯកជន​ដូច​យើង​ដែរ​ហេតុម្ដេច​បាន​គេ ២៦០០ ហេតុម្ដេច​បាន​ជា​ផ្សារ​អង្គស្នួល​យើង​ដល់​ទៅ ៣៥០០ ត្រៀម​ឡើង​ដល់​៤០០០​ទៀត ។ អ៊ីចឹង​គាត់​អត់​មាន​បកស្រាយ​ឲ្យ​ខ្ញុំ​ទេ តាំងពី​លោក​អភិបាល​ស្រុក​រង​ហ្នឹង​ក៏​គាត់​បាន​អញ្ជើញ​មក ហើយ​ខាង​ភ្លើង​អី​ក៏​អត់​បាន​ដោះស្រាយ​ដែរ ព្រោះ​កម្មវិធី​នេះ​គេ​ធ្វើ​ដូច​បង្ខំៗ មិន​សូវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​មតិ​ប៉ុន្មាន​ទេ»

ឆ្លើយតប​ទៅ​នឹង​ការទាមទារ​របស់​ប្រជាពលរដ្ឋ​ប្រធាន​អគ្គិសនី​ទីប្រជុំជន​ផ្សារ​អង្គស្នួល លោក ខឿន សម្បត្តិ បាន​មាន​ប្រសាសន៍​ថា​ការកំណត់​តម្លៃ​អគ្គិសនី​ថ្លៃ ៣.៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង គឺ​ដោយសារតែ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ខ្លាំង​ពេក ។

លោក ខឿន សម្បត្តិ បាន​បញ្ជាក់​ថា ៖ «បើ​ឲ្យ​ខ្ញុំ​បញ្ចុះ​ទៅ​ទៀត ខ្ញុំ​បញ្ចុះ​មិន​បាន​ទេ​ដោយសារ​តម្លៃ​ប្រេង​លើ​ទីផ្សារ​ថ្លៃ ។ គ្រាន់​ថា​បើសិន​ជា​តម្លៃ​ខ្ញុំ​លក់​៣០០០​ហ្នឹង ខ្ញុំ​ខាត​មួយ​ខែ​ជិត​១០០០​ដុល្លារ​ហើយ គ្រាន់តែ​ខាត ហើយ​ខ្ញុំ​ទប់ស្កាត់​ដើម្បី​កុំ​ឲ្យ​វា​ជ្រួលច្របល់​ដែរ មិន​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាជន​ដែរ ហើយ​ឥឡូវ​នេះ​ខ្ញុំ​សុំ​ប្រជាជន​ឡើង​ប៉ុណ្ណឹង»

លោក ខឿន សម្បត្តិ ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា មូលហេតុ​ដែល​តម្លៃ​អគ្គិសនី​ក្នុង​ទីប្រជុំជន​ផ្សារ​បែកចាន មាន​អត្រា​ទាប​ជាង​គឺ​ដោយសារ​ចំនួន​អ្នក​ប្រើប្រាស់​នៅ​ទីប្រជុំជន​នោះ​មាន​ចំនួន​ច្រើន​ជាង​នៅ​ទីប្រជុំជន​ផ្សារ​អង្គស្នួល ។

លោក​បាន​បញ្ជាក់​ថា​ចំនួន​អ្នក​ប្រើប្រាស់​របស់​លោក​មាន​ប្រមាណ​តែ​ជាង ៥០០​គ្រួសារ​តែ​ប៉ុណ្ណោះ ចំណែក​ឯ​ចំនួន​អ្នក​ប្រើប្រាស់​នៅ​ឯ​ទីប្រជុំជន​ផ្សារ​បែកចាន មាន​ចំនួន​រហូត​ដល់​ជាង ២.០០០​គ្រួសារ ។

អគ្គ​នាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ សុំ​មិន​អត្ថាធិប្បាយ​ជុំវិញ​ការទាមទារ​ឲ្យ​មាន​ការត​បណ្ដាញ​អគ្គិសនី​រដ្ឋ​នោះ​ឡើយ ដោយ​លោក​មាន​ប្រសាសន៍​ថា​ជាប់​រវល់​ប្រជុំ ។

តំណាង​ប្រជាពលរដ្ឋ លោក យ៉ង់ ផានី បាន​មាន​ប្រសាសន៍​ថា​រហូត​មក​ទល់​នឹង​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១.០០០​នាក់​រស់នៅ​ក្នុង​ភូមិ​ចំនួន​១៩ នៃ​ឃុំ​ពើក ស្រុក​អង្គស្នួល បាន​នាំគ្នា​ផ្ដិត​មេ​ដៃ​ទាមទារ​ឲ្យ​មាន​ការត​បណ្ដាញ​អគ្គិសនី​រដ្ឋ​ជូន​ពួក​គាត់ ហើយ​ថា​ប្រជាពលរដ្ឋ​ក៏​ធ្លាប់​បាន​ដាក់​សំណើ​ជូន​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ​ការទាមទារ​នេះ​ម្ដង​រួច​មក​ហើយ ហើយ​ថា​គេ​កំពុងតែ​រៀបចំ​ឯកសារ​ដាក់​ជូន​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាជ្ញាធរ​ខេត្ត​កណ្ដាល រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ម្ដង​ទៀត ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ ៕

អត្ថបទ​ដែល​ទាក់ទង

មនុស្ស​៥​នាក់​ស្លាប់​ដោយសារ​ការផ្ទុះ​មីន​នៅ​ខែត្រ​ឧត្ដរមានជ័យ

សកម្មភាព​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​បន្ត​កើត​មាន​នៅ​ស្រុក​បរកែវ ខែត្រ​រតនគិរី

ទាហាន​នៅ​ស្រុក​កោះសូទិន ខែត្រ​កំពង់ចាម ចោទ​ថា​មេ​កាត់​ប្រាក់​ខែ

មន្រ្តី​ក្រសួង​កសិកម្ម​ជាង​១០០​នាក់​តវ៉ា​ពី​ការលក់​ដី​នៅ​សង្កាត់​ស្ទឹងមានជ័យ

នៅ​ក្រចេះ កម្មករ​ប្រមាណ​៣០​នាក់​នាំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន​សង​ប្រាក់​ឈ្នួល​ការងារ

អង្គការ​មួយ​គ្រោង​ចែក​សៀវភៅ​ច្បាប់​ចរាចរណ៍​ដល់​អ្នក​បើកបរ​ក្នុង​ក្រុង​ភ្នំពេញ

កម្ពុជា​គ្រោង​នឹង​ផ្លាស់ប្ដូរ​ឯកអគ្គរាជទូត​ចំនួន​៧​រូប

លទ្ធផល​ជំរឿន​បង្ហាញ​ថា កម្ពុជា​មាន​បច្ចុប្បន្ន​មាន​ប្រជាជន ជាង​១៣​លាន​នាក់

មតិ​ពលរដ្ឋ​ជុំវិញ​ការផាក​ពិន័យ​របស់​ប៉ូលិស​ចរាចរណ៍

ខ្មែរ​អ៊ិស្លាម​ស្វាគមន៍​និង​រីករាយ​ចំពោះ​ខែ​បួស