អ្នក​ភូមិ​នៅ​ខែត្រ​តាកែវ​តវ៉ា​ពី​បញ្ហា​តម្លៃ​ក្នុង​ការធ្វើ​សៀវភៅ​គ្រួសារ

អ្នក​ស្រុក​ច្រើន​ភូមិ​តវ៉ា​ថា ប៉ូលិស​ចុះ​ធ្វើ​សៀវភៅ​គ្រួសារ​បាន​យក​កម្រៃ​សៀវភៅ​មិន​ដូច​គ្នា​នៅ​ក្នុង​ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

0:00 / 0:00

ស្រ្តី​នៅ​ភូមិ​ត្រពាំងអំពិល ឃុំ​តាភេម សុំ​មិន​ប្រាប់​ឈ្មោះ​បាន​អះអាង​ថា ប៉ូលិស​ឃុំ​បាន​ចុះ​ទៅ​ស្រង់​ឈ្មោះ​គ្រួសារ​ថ្មី​ដែល​ទើប​រៀបការ​ដើម្បី​ធ្វើ​សៀវភៅ​គ្រួសារ​ឲ្យ​បែក​ចេញ​ពី​សៀវភៅ​គ្រួសារ ឪពុក​​ម្តាយ។

អ្នកស្រី​ថា នៅ​ភូមិ​ត្រពាំងអំពិល​ប៉ូលិស​កំណត់​សៀវភៅ​គ្រួសារ​ថ្មី​នោះ​យក​តម្លៃ​២១៥០០​រៀល​ក្នុង​មួយ​ក្បាល ៖ «...សៀវភៅ​គ្រួសារ​ថ្មី​ហ្នឹង គេ​យក ២១៥០០ (រៀល) បិទ​រូបថត»

ស្រ្តី​នៅ​ភូមិ​មហាសេនា ឃុំ​តាភេម សុំ​មិន​ប្រាប់​ឈ្មោះ​ដែរ​អះអាង​ថា ភូមិ​គាត់​ប៉ូលិស​កំណត់​សៀវភៅ​គ្រួសារ​ថ្មី​នោះ​យក​តម្លៃ​តែ​១១៥០០​រៀល​ទេ ៖ «ខ្ញុំ​នៅ​ភូមិ... ១១៥០០​រៀល សៀវភៅ​គ្រួសារ»

វ័យ​ចាស់​ឈ្មោះ ឃីម មាន​ប្រសាសន៍​ថា ការកំណត់​យក​តម្លៃ​ធ្វើ​សៀវភៅ​គ្រួសារ​មិន​សមាមាត្រ​គ្នា ក្នុង​ឃុំ​តាភេម​តែ​មួយ​បាន​កើត​ជា​បញ្ហា​តវ៉ា​ពី​តម្លៃ​ធ្វើ​សៀវភៅ​គ្រួសារ​នោះ ៖ «គេ​ប្រកាស​ប្រាប់​តែម្ដង​ថា អ្នក​បែក​ថ្មី​ហ្នឹង​គឺ ២១៥០០ ពីព្រោះ​ច្បាប់​ចេញ​មក​ធ្វើ​សម្រាប់​ប្រជាពលរដ្ឋ តែ​ភូមិ​ខ្លះ ១១៥០០ ភូមិ​ខ្លះ ២១៥០០»

មេ​ភូមិ​ត្រពាំងអំពិល លោក ពៅ ជឿន មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ការកំណត់​យក​តម្លៃ​ធ្វើ​សៀវភៅ​គ្រួសារ​ថ្មី​ដែល​មាន​បិទ​រូបថត​មេ​គ្រួសារ​យក​តម្លៃ​ក្នុង​មួយ​ក្បាល​២១៥០០​រៀល​មែន តែ​ក្នុង​ភូមិ​ត្រពាំងអំពិល។ ចំណែក​ភូមិ​ដទៃ​ទៀត​ប៉ូលិស​យក​តម្លៃ​ថោក​ជាង។ លោក​ថា បញ្ហា​កំណត់​តម្លៃ​សៀវភៅ​គ្រួសារ​នេះ​មិន​ដឹង​ថា​ជា​បញ្ជា​ពី​ថ្នាក់​ក្រសួង​មហាផ្ទៃ​ឬ​ពី​ថ្នាក់​ណា​ទេ។

លោក ពៅ ជឿន បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​អត់​បាន​ពាក់ព័ន្ធ​ជាមួយ​ប៉ូលិស​ហ្នឹង​ច្បាស់លាស់​ដែរ អា​ហ្នឹង​ខ្ញុំ​កំពុង​តែ​ឈឺ ហើយ​ឥឡូវ​ហ្នឹង​វា​មាន​ប្រតិកម្ម​នៅ​នេះ វា​ពិត​មែន​ហើយ នៅ​ក្នុង​ភូមិ​ត្រពាំងអំពិល​ហ្នឹង»

នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តាភេម លោក អ៊ូច ធី មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​បញ្ជា​ពី​អធិការ​ស្រុក​ត្រាំកក់ ឲ្យ​ចុះ​ទៅ​ធ្វើ​សៀវភៅ​គ្រួសារ​ក្នុង​ឃុំ​តាភេម​មែន។ ចំណែក​តម្លៃ​នោះ​គឺ​កំណត់​បើ​ធ្វើ​បណ្ណ័​លឿង ហៅ​តារាង​ក១ ដល់​ក៤ យក​ថ្លៃ​១៥០០​រៀល។ បើ​ធ្វើ​សៀវភៅ​ស្នាក់នៅ​តម្លៃ​មួយ​ម៉ឺន​រៀល​ក្នុង​មួយ​ក្បាល បើ​ធ្វើ​សៀវភៅ​បំបែក​គ្រួសារ​តម្លៃ​មួយ​ម៉ឺន​រៀល​ថែម​ទៀត។

លោក អ៊ូច ធី បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​ក៏​អត់​បាន​ដឹង​ថា​យ៉ាង​ម៉េច​ដែរ ព្រោះ​ថា​ខ្ញុំ​ទទួល​ផែនការ​ត្រឹម​អធិការ ២​ម៉ឺន​ហ្នឹង​វា​សៀវភៅ​ពីរ មិន​មែន​សៀវភៅ​តែ​មួយ​ទេ សៀវភៅ​ស្នាក់នៅ​មួយ និង​សៀវភៅ​គ្រួសារ​មួយ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អធិការ​ស្រុក​ត្រាំកក់​និង​អាជ្ញាធរ​ស្រុក​ត្រាំកក់​ជម្រាប​សួរ​ព័ត៌មាន​នេះ​បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ​ឈប់​សម្រាក​នេះ។

មន្រ្តី​ប៉ូលិស​ឃុំ​តាភេម លោក អ៊ូច ធី ឲ្យ​ដឹង​ថា គាត់​បាន​ចុះ​ធ្វើ​ការងារ​នោះ​ទើប​បាន​៦​ភូមិ​ក្នុង​ឃុំ​តាភេម ហើយ​បន្ត​ធ្វើ​សៀវភៅ​គ្រួសារ​នៅ​ភូមិ​ផ្សេង​ទៀត​ទាំង​ជាង​២០​ភូមិ​ក្នុង​ឃុំ​តាភេម​នោះ។

ប្រជាជន​ដែល​មាន​សៀវភៅ​គ្រួសារ​រួច​ហើយ​បាន​អះអាង​ថា ច្រើន​ឆ្នាំ​មុន​សៀវភៅ​គ្រួសារ​ប៉ូលិស​ចុះ​ទៅ​ធ្វើ​យក​តែ​តម្លៃ​៥០០​រៀល​ប៉ុណ្ណោះ៕