អ្នក​ភូមិ​នៅ​តាកែវ​សុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​មិន​ទិញ​ខ្សាច់

អ្នក​ភូមិ​ត្រពាំងព្រីង ឃុំ​ពពេល ស្រុក​ត្រាំកកក់ ជា​ច្រើន​នាក់​លើក​គ្នា​ទៅ​សុំ​ឲ្យ​មេ​ភូមិ​ជួយ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន ប្រាក់បូរិន្ទ មិន​ព្រម​ទិញ​ខ្សាច់​ពី​អ្នក​ភូមិ​នៅ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​ហាម​ប្រាម​មិន​ឲ្យ​អ្នក​ភូមិ​លក់​ទៅ​ឲ្យ​ឈ្មួញ​កណ្តាល។

0:00 / 0:00

តំណាង​ឲ្យ​ក្រុម​តវ៉ា​បុរស​ពិការ​ជើង​ស្តាំ​ត្រឹម​ជង្គង់​ឈ្មោះ ឡាច សម្បត្តិ នៅ​ភូមិ​ត្រពាំងព្រីង បាន​អះអាង​ថា ៤​ថ្ងៃ​ហើយ​ក្រុមហ៊ុន ប្រាក់បូរិន្ទ មិន​ព្រម​ទិញ​ខ្សាច់​ពី​អ្នក​ស្រុក។ ពួក​គាត់​បាន​ដឹក​ខ្សាច់​កើប​បាន​ពី​ស្ទឹង​ស្លាគូ​នោះ​មក​ផ្ទះ និង​បន្ត​លក់​ឲ្យ​ឡាន​ផ្សេង​ទៀត​ដើម្បី​យក​កម្រៃ​ចិញ្ចឹម​ជីវិត ប៉ុន្តែ​មាន​សមត្ថកិច្ច​និង​តំណាង​ក្រុមហ៊ុន​មក​ឃាត់​មិន​ឲ្យ​គាត់​លក់​ខ្សាច់​ទៅ​ឲ្យ​អ្នក​ផ្សេង​ក្រៅ​ពី​ក្រុមហ៊ុន​ដែល​មិន​ព្រម​ទិញ ទើប​គាត់​មក​តវ៉ា​ឲ្យ​មេ​ភូមិ​ជួយ​ដោះស្រាយ។

លោក ឡាច សម្បត្តិ បាន​ឲ្យ​ដឹង​ថា ៖ «លោក​មេ​ភូមិ​ព្រឹក​មិញ​គាត់​ថា ប្រជាជន​ទៅ​លួច​ខ្សាច់​គេ​យក​មក​លក់​ឯ​ផ្ទះ! ធ្វើ​ម៉េច​បើ​កាល​ណា​ដឹក​យក​ទៅ​លក់​ឲ្យ​គេ​ឯ​នោះ គេ​អត់​ទិញ ខាន​ទិញ​យើង ៤​ថ្ងៃ​ហើយ...»

អ្នក​ស្រី ស៊ុំ សុផល បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ឃាត់​ឡាន​ទិញ​ខ្សាច់​ធ្វើ​ឲ្យ​គាត់​បាត់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ដោយសារ​ក្រុមហ៊ុន​មិន​បាន​ទិញ​ខ្សាច់​រាល់​ថ្ងៃ។

អ្នក​ស្រី ស៊ុំ សុផល បញ្ជាក់​ថា ៖ «ក្រុមហ៊ុន​អត់​ទិញ ខ្ញុំ​ដឹក​យក​មក​ផ្ទះ​មក កូន​រៀន​ក៏​ច្រើន ហើយ​ខ្ញុំ​មិន​ដឹង​រក​អី ក៏​ឲ្យ​កូន​ដឹក​មក ហើយ​បើ​ដឹក​មក​ហើយ ហៅ​ឡាន​មក​ដាក់​បន្តិច​បន្តួច បាន​គេ​មក​ឃាត់​ឡាន»។

ស្រី្ត ម៉ៅ សារ៉ុម អះអាង​ថា ក្រុមហ៊ុន​មិន​ព្រម​ទិញ​ខ្សាច់​ពី​ពួក​គាត់​អ្នក​កើប​រទេះ​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​បាន​អះអាង​ថា​គ្មាន​កន្លែង​ទុក នៅ​ពេល​ពួក​អ្នក​ភូមិ​កើប​ខ្សាច់​មក​ដល់​ផ្ទះ គេ​ឲ្យ​ក្រុម​ការងារ​របស់​គេ​មក​តាម​ឃ្លាំមើល​ការ​លក់​ខ្សាច់​របស់​អ្នក​ភូមិ។

ស្ត្រី​ឈ្មោះ ម៉ៅ សារ៉ុម បាន​អះអាង​ថា ៖ «ទិញ​មួយ​ថ្ងៃ​ខាន​មិន​ដឹង​ប៉ុន្មាន​ថ្ងៃៗ​ផង ដូច​ថា​មួយ​អាទិត្យ​អ៊ីចឹង ឈប់ ៤​ថ្ងៃ ហើយ​ដល់​អ៊ីចឹង​ពួក​ខ្ញុំ​នាំ​គ្នា​ដឹក​មក​ផ្ទះ​ទាំង ៤​ថ្ងៃ​ហ្នឹង​មក គាត់​តាមដាន​តែ​រហូត ហាម​ទាំង​ឡាន ហាម​ទាំង​អ្នក​រទេះ​អត់​ឲ្យ​រកស៊ី អត់​ឲ្យ​ដឹក​ចូល​មក​ផ្ទះ​ទេ។ កាល​ពី​មុន​ថា ហាម​ឡាន​អត់​ឲ្យ​ចុះ​ស្ទឹង ទាល់​តែ​ខ្សាច់​ដល់​ផ្ទះ គាត់​តាម​ដល់​ផ្ទះ​ទៀត!»

ពាក់ព័ន្ធ​បញ្ហា​នេះ​មេ​ភូមិ​ត្រពាំងព្រីង លោក ឌី កោត មាន​ប្រសាសន៍​ថា ក្រុមហ៊ុន ប្រាក់បូរិន្ទ ដែល​វិនិយោគ​ខ្សាច់​នៅ​ស្ទឹង​ស្លាគូ បាន​ប្រកាស​មិន​ឲ្យ​អ្នក​ស្រុក​បន្ត​លក់​ខ្សាច់​ទៅ​ឲ្យ​ឈ្មួញ​កណ្តាល​ដូច​ពី​មុន​មែន ប៉ុន្តែ​អ្នក​ស្រុក​នៅតែ​ចង់​បន្ត​លក់​ខ្សាច់​ទៅ​ឈ្មួញ​កណ្តាល​ទៀត ទើប​ក្រុមហ៊ុន​ឃាត់​ការ​លក់​ខ្សាច់​នោះ។

លោក​បន្ត​ថា ៖ «ប៉ុន្តែ​គេ​ក៏​អត់​ប្រកែក​ថា ឈប់​ទិញ​រហូត​ក៏​គេ​អត់​ដែរ គេ​គ្រាន់​ថា សម្រាក​ទិញ!»

តំណាង​ក្រុមហ៊ុន ប្រាក់បូរិន្ទ លោក លីម ថែ មាន​ប្រសាសន៍​ថា នៅ​បន្ត​ទិញ​ខ្សាច់​ពី​អ្នក​ស្រុក ដោយ​ក្រុមហ៊ុន​មិន​បន្ត​ឲ្យ​អ្នក​ភូមិ​លក់​ខ្សាច់​ទៅ​ឲ្យ​ឈ្មួញ​កណ្តាល​ខុស​ពី​ក្រុមហ៊ុន​ឡើយ ព្រោះ​នាំ​ឲ្យ​ខូច​តម្លៃ​ទីផ្សារ​ខ្សាច់ ។ លោក​ថា ក្រុមហ៊ុន​ប្រមូល​ទិញ​ខ្សាច់ ឲ្យ​តម្លៃ​មួយ​រទេះ ២៥០០​រៀល ដូច​ពួក​គាត់​ធ្លាប់​លក់​ឲ្យ​ឈ្មួញ​កណ្តាល​ដែរ។

មេ​ឃុំ​ពពេល លោក ណុប ហាន ធ្លាប់​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​នឹង​តាមដាន​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន ប្រាក់បូរិន្ទ នោះ។ ប្រសិន​បើ​ក្រុមហ៊ុន​នោះ​មិន​គោរព​តាម​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​នានា​របស់​រដ្ឋាភិបាល​ដែល​ឲ្យ​អ្នកស្រុក​មូលដ្ឋាន​មាន​សិទ្ធិ​ទទួល​ផល​ពី​ខ្សាច់​ទេ អាជ្ញាធរ​មាន​សិទ្ធិ​បញ្ឈប់​អាជីវកម្ម​របស់​ក្រុមហ៊ុន​នោះ។

ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាជន​នៅ​ស្រុក​ត្រាំកក់​នៅ​ខេត្ត​តាកែវ​ចំនួន ​២​ឃុំ មាន​ឃុំ​ជាងទង​និង​ឃុំ​ពពេល ឲ្យ​អ្នក​ភូមិ ៥ ទៅ ៦​ភូមិ ​កំពុង​រស់នៅ​ពឹងពាក់​លើ​អាជីវកម្ម​កើប​ខ្សាច់ លក់​ខ្សាច់​ពី​បាត​ស្ទឹង​ស្លាគូ​នោះ៕