ពលរដ្ឋមួយក្រុមមានគ្នា៣០នាក់ថ្លែងអះអាងថា ពួកគាត់ជាក្រុមតំណាងឲ្យពលរដ្ឋអ្នករងគ្រោះពីការបណ្តេញនិងទន្ទ្រានយកដីធ្លីដោយក្រុមយោធានៅឯចំណុចអន្លង់ក្រោម ឃុំជ័យសេនា នៅខេត្តកំពត។
នៅថ្ងៃពុធនេះពួកគាត់បានរួមគ្នាចេញតវ៉ានៅឯការិយាល័យតំណាងរាស្ត្រខេត្តកំពតដើម្បីរកកិច្ចអន្តរាគមន៍។
តំណាងពលរដ្ឋទាំងនោះថ្លែងឲ្យដឹងបន្ថែមថា ពួកគាត់ក៏នឹងគ្រោងសុំជួបលោកអភិបាលខេត្តកំពតដើម្បីឲ្យជួយដោះស្រាយបញ្ហាដែលពលរដ្ឋចោទថា ក្រុមយោធានិងប៉េអឹមបានវាយពលរដ្ឋ៧នាក់ឲ្យរងរបួស និងថែមទាំងបានដុតបំផ្លាញផ្ទះសម្បែងពលរដ្ឋអស់ជាង១០០ខ្នងនៅភូមិអន្លង់ក្រោម កាលពីថ្ងៃច័ន្ទដើមសប្តាហ៍មុននេះ។
រីឯមន្រ្តីតំណាងគណបក្សសមរង្ស៊ីគឺលោកស្រី មូរ សុខហួរ ដែលបានចុះទៅធ្វើអន្តរាគមន៍បានថ្លែងថ្កោលទោសអំពើហិង្សាដែលក្រុមយោធានិងប៉េអឹមបានធ្វើទៅលើពលរដ្ឋ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា ៖ «ទី១ ខ្ញុំព្រួយបារម្ភនូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងណាស់ ជាពិសេសស្ត្រីហើយនិងកុមារដែលខ្ញុំឃើញនឹងភ្នែកហ្នឹង ឮសូរថាមានអំពើហិង្សារហូតដល់ពួកខាងទាហានដឹងតែពីវ៉ៃ ដឹងតែពីទាត់ ដឹងតែពីធាក់ របៀបនេះ មិនទុកប្រជាពលរដ្ឋខ្មែរជាខ្មែរទេ ទុកប្រជាពលរដ្ឋដូចជាសត្វអ៊ីចឹង។ ហើយកូនទាហាននិយាយថាបានបញ្ជាពីថ្នាក់លើ សូមឲ្យថ្នាក់លើមកជួបប្រជាពលរដ្ឋ ហើយថ្នាក់លើជាអ្នកណា? ចំពោះខ្ញុំវិញថ្នាក់លើជារាជរដ្ឋាភិបាល ហើយសុំឲ្យតំណាងរាជរដ្ឋាភិបាល ហើយបើសិនជាទាហានគឺក្រសួងការពារជាតិហ្នឹងឯង គឺឲ្យមានតំណាងមួយឲ្យច្បាស់លាស់មកជម្រាបប្រជាពលរដ្ឋ ហេតុផលនៃការដេញហ្នឹង។ បើយើងនិយាយអំពីច្បាប់វិញ ប្រជាពលរដ្ឋនេះគាត់បាននិយាយថា គាត់នៅដីហ្នឹងរាប់ឆ្នាំមកហើយ ហើយបើសិនជាថាគាត់ខុសចុះ ហើយថាដីនេះសម្រាប់អភិវឌ្ឍន៍ (របស់) សម្ដេចនាយក ហ៊ុន សែន យើងអត់មានជំទាស់នឹងការអភិវឌ្ឍហ្នឹងទេ តែបើសិនជាការអភិវឌ្ឍពិតប្រាកដនោះដីរាប់ពាន់ហិកតារ តើគួរទុកប្រជាពលរដ្ឋយើងនេះឲ្យនៅនៅក្នុងកម្មវិធីអភិវឌ្ឍន៍សម្ដេច ហ៊ុន សែន ផងបានឬទេ?»។
បញ្ហាទំនាស់ដីធ្លីនោះកើតមានរ៉ាំរ៉ៃនៅឯតំបន់អភិវឌ្ឍន៍មួយនៅក្នុងស្រុកឈូកនៃខេត្តកំពតរវាងពលរដ្ឋ៣១០គ្រួសារ និងអាជ្ញាធរដែលរួមមានក្រុមយោធានៃកងពលតូចលេខ៣១ និងក្រុមមន្ត្រីបរិស្ថាន។ មកទល់នឹងរសៀលថ្ងៃពុធនេះមន្ត្រីអាជ្ញាធរខេត្តកំពតនៅមិនទាន់បានឲ្យដឹងអំពីដំណោះស្រាយពីបញ្ហានោះនៅឡើយទេ៕
