កសិករដដែលបានឲ្យដឹងថា ៖ «បោះឆ្នោតឲ្យគណបក្សប្រជាជនហ្នឹង គេថាបើជាប់គេធ្វើឲ្យ ហើយឥឡូវជាប់ហើយ កាលពីអាណត្តិឃុំក៏ជាប់ ដល់មកបោះឆ្នោតធំហ្នឹងក៏ឈ្នះដែរ គ្រាន់តែឈ្នះតិចតួច តែវាឈ្នះ ។ ដល់អត់ធ្វើឲ្យគ្នាអ៊ីចឹង ប្រជាជនក៏អស់ជំនឿដែរ ផ្លូវក៏ឈូសចោលនៅហ្នឹង ហើយមិនដឹងជាមូលហេតុអីបានជាគេមិនធ្វើ ? មកពីសន្លឹកឆ្នោតហ្នឹងមិនបានឈ្នះទាំងអស់ឬយ៉ាងម៉េច ? ខ្ញុំឆ្ងល់តែត្រង់ហ្នឹងទេ» ។
ការត្អូញត្អែរនេះបានធ្វើឡើងក្នុងពេលដែលផ្លូវថ្នល់ក្នុងភូមិពីវត្តអន្លង់តាសេកទៅកាន់ថ្នល់ជាតិលេខ២១នៅបន្តលំបាក ដោយសារទឹកភ្លៀងក្រោយការឈូសឆាយមុនបោះឆ្នោតសភាលើកទី៤ ៖ «ខែវស្សាទឹកលិចផ្លូវពិបាកដឹកជញ្ជូន ព្រោះផ្លូវដូចដឹងស្រាប់ហើយ បើឡានវិញចង់កប់ឡានហើយ ។ បន្លែនេះដូចថា ក្នុងមួយតោនយើងដឹកម្ដងអស់ យើងដឹក៣ដងអ៊ីចឹង អាហ្នឹងអ៊ីចឹង» ។
ទប់កង់គ្មានស្រទបនិងដីរអិលក្នុងល្បាប់ភក់ បុរសសក់ស្កូវ ស្លៀកខោខ្លី គ្មានពាក់ស្បែកជើង គាត់សុំមិនប្រាប់ឈ្មោះ រស់នៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល មានប្រសាសន៍ទាំងខឹងសម្បាថា ជិត៣០ឆ្នាំហើយក្រោយរំដោះពីរបបខ្មែរក្រហម ផ្លូវលំកាត់ភូមិពីស្ពានព្រែកអំបិលទៅដល់វត្តអន្លង់តាសេកមិនងាយស្រួលធ្វើដំណើរក្នុងរដូវភ្លៀងទេ ។ មុនបោះឆ្នោតគណបក្សនយោបាយតែងតែយកផ្លូវលំក្នុងភូមិនេះ ឃោសនាសម្រាប់ស្វែងរកសំឡេងឆ្នោត ។ ក្រោយជាប់ឆ្នោតលើកណាក៏ដូចលើកណាផ្លូវនៅតែលំបាក ។
វ័យចាស់អះអាងថា បោះឆ្នោតមុនៗឃុំនេះជាប់តែគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសមរង្ស៊ី បានជារដ្ឋាភិបាលមិនជួយធ្វើផ្លូវ មានតែគម្រោងធ្វើផ្លូវតែមិនធ្វើឲ្យទេ ។ ឥឡូវគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតចាប់ពីបោះឆ្នោត ក្រុមប្រឹក្សាឃុំអាណត្តិទី២ និងបោះឆ្នោតសភាលើកទី៤ ផ្លូវនេះបានត្រឹមឈូសហើយថតផ្សាយតាមទូរទស្សន៍ ដល់ក្រោយបោះឆ្នោតគ្រឿងចក្រដកយកទៅវិញអស់ ។
គាត់សង្ស័យការដកគ្រឿងចក្រនោះថា ៖ «ប្រជាជនស្ម័គ្រស្មោះបោះឆ្នោតហ្នឹងទៅឲ្យខាងគណបក្សប្រជាជនហ្នឹង ចង់បានផ្លូវហ្នឹងគ្រាន់តែអភិវឌ្ឍទៅ ដឹកទំនិញភោគផលហ្នឹងឲ្យវាបាន ។ ដល់ឥឡូវដកគ្រឿងចក្រហ្នឹងប្រហែលជាមិនឈ្នះដាច់ ។ យើងមានគណបក្សផ្សេងៗយកសន្លឹកឆ្នោតហ្នឹងខ្លះក្នុងភូមិអន្លង់ត្រសេកលើ អន្លង់ត្រសេកក្រោមហ្នឹង» ។
ទាំងខឹងសម្បាវ័យចាស់សុំឲ្យរដ្ឋាភិបាលថ្មីជួយកសាងប្រទេសតាមបែបនេះ ៖ «សំណូមពររដ្ឋាភិបាលថ្មីឲ្យគាត់បង្កើតអំពើពុករលួយហ្នឹងកាន់តែច្រើនទៀតទៅ ឲ្យប្រជាជនងាប់តែម្ដងទៅ ព្រោះប្រាប់ឲ្យបន្ថយមិនបន្ថយ បន្ថែមឲ្យចប់ម្ដងទៅ» ។
កសិករភូមិសំប៉ាន ស្រុកកោះធំ បន្ទោសរដ្ឋាភិបាលថាមិនបានធ្វើការទេ មានតែបុគ្គលម្នាក់ដែលធ្វើការ បើរដ្ឋាភិបាលធ្វើការអាចមើលឃើញការលំបាករបស់កសិករដែលដឹកកសិផលលើផ្លូវនេះយ៉ាប់យ៉ឺនដូចម្តេច ។ បើនិយាយពីបន្លែខ្ទេចខ្ទាំអស់ ទម្រាំបានយកទៅលក់ ហើយបើចង់ដឹកច្រើនតោនក៏ដឹកមិនបានដោយរថយន្តចូលដឹកបន្លែខែវស្សាមិនបាន ។ កសិករនោះថារដ្ឋាភិបាលជាប់ឆ្នោតប៉ុន្មានអាណត្តិក៏នៅតែមិនធ្វើផ្លូវនេះដែរ ។ រង់ចាំតែសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាឈ្នះបានធ្វើផ្លូវឲ្យ ។ ដល់មកឥឡូវគណបក្សនោះឈ្នះពីរដងហើយ ផ្លូវលំនៅតែមិនធ្វើដដែល ។
កសិករដដែលបានឲ្យដឹងថា ៖ «បើតាមខ្ញុំពិនិត្យសព្វថ្ងៃ រដ្ឋាភិបាលដូចអត់មានធ្វើអី ។ ខ្ញុំឃើញមានឈ្មោះផ្សេងដូចខាងព្រែក... មានរដ្ឋាភិបាលឯណា អំណោយសម្ដេច ហ៊ុន សែន គេដាក់ក្នុងស្ពានហ្នឹង មិនមែនស្ពាននេះរដ្ឋាភិបាលជួយអី» ។
កសិករភូមិសំប៉ានដែរឲ្យដឹងថា គណបក្សបានយកថ្នល់ធ្វើអាជីវកម្មនយោបាយដើម្បីឈ្នះសន្លឹកឆ្នោត ប៉ុន្តែអ្នករងគ្រោះគឺប្រជាជនទៅវិញទេ ៖ «គណបក្សប្រជាជនគេកេងចំណេញរឿងសន្លឹកឆ្នោត ដូចខ្ញុំជម្រាបអ្នកបងអ៊ីចឹង ។ ឲ្យតែជាប់គណបក្សប្រជាជនគេធ្វើផ្លូវ គេធ្វើស្ពាន ប៉ុន្តែនេះជាការងាររដ្ឋាភិបាល គាត់យកឈ្មោះគណបក្សយកមកលាបពណ៌ ។ កន្លែងណាដែលអត់ជាប់គេដកម៉ាស៊ីនទៅអស់ទៅ ចាក់ក្រួសបានតែក្រោមស្ពាន ២-៣ឡាន វានៅហ្នឹងទៀត» ។
ស្រ្តីវ័យចាស់កំពុងប៉ាក់ឌិនអាវដែលកាត់រួចមានប្រសាសន៍អំពីថ្នល់មុខផ្ទះគាត់នៅឃុំព្រែកអំបិលថា ៖ «កាលហ្នឹងមិនជាប់គណបក្សប្រជាជនឃុំសង្កាត់ បោះឆ្នោតឥឡូវទៀតជាប់ទៀត នៅតែអត់បានផ្លូវ អត់បានស្ពាន» ។
ស្រ្តីអ្នកភូមិព្រែកក្រាញ់ខឹងសម្បានឹងក្រុមអ្នកម៉ៅការធ្វើផ្លូវថា បានវាយកម្ទេចរបងថ្មរបស់គាត់និងកាប់ដើមឈើហូបផ្លែអស់ច្រើនដើម ថាពង្រីកថ្នល់ក្រោយឈ្នះឆ្នោតគណបក្សប្រជាជនកម្ពុជា ហើយបែរជាដកយកគ្រឿងចក្រទៅវិញថ្នល់មិនបន្តធើ្វដដែល ។
ស្រ្តីដដែលបានឲ្យដឹងថា ៖ «ហើយបើបែរជាមិនធ្វើផ្លូវ ចុះវ៉ៃរបងខ្ញុំហើយគិតយ៉ាងម៉េចវិញ ? ហើយបើសិនជាគាត់ធ្លាក់អាហ្នឹងក៏ខ្ញុំមិនថាដែរ ។ ឥឡូវគណបក្សប្រជាជនគាត់ជាប់ ហើយណាមួយថាផ្លូវផ្អាកសិន ខ្ញុំមិនដឹងថាមូលហេតុអីខ្ញុំអត់ដឹងទេ តែផ្លូវមុខផ្ទះខ្ញុំវាអត់ទាន់បាន» ។
មេឃុំព្រែកអំបិល ស្រុកស្អាង លោក ប៉ិច គ្រឿន មានប្រសាសន៍ថាផ្លូវនោះកំពុងកសាងបណ្តើរៗ ។ប៉ុន្តែក្នុងរដូវវស្សាពិបាករកអាចម៍ដីយកមកចាក់ធ្វើទំនប់លើកជាថ្នល់មិនបានខ្ពស់ ដោយពេលនេះទឹកឡើងខ្លាំងបុកដាច់ដីចាក់ហើយនោះ ទើបដកគ្រឿងចក្រយកទៅធ្វើកន្លែងផ្សេងសិន ។
លោក ប៉ិច គ្រឿន បានមានប្រសាសន៍ថា ៖ «ទឹកទន្លេវាឡើងមក យើងអត់មានអាចម៍ដីយក ។ ហើយដល់ពេលបញ្ហាមួយទៀត បញ្ហាដឹកក្រួសចូលនេះ ស្ពានព្រែក... អត់អាចទៅរួច ហើយខាងផ្លូវឫស្សីដាច់ ខាងគម្រោងអភិវឌ្ឍន៍គេ ឡានយើងទម្ងន់វា ៤០តោន គេអត់ឲ្យដឹក វាខូចផ្លូវ ព្រោះទឹកវាកំពុងឡើង ។ ៧០%ហើយវាត្រូវបានធ្វើដំណើរស្រួល ប៉ុន្តែក្នុងពេលមានភ្លៀងមានអីមក ផ្លូវយើងអត់ទាន់បានចាក់ថ្មអី វាលំបាកពេលភ្លៀងទេ» ។
ព្រះចៅអធិការវត្តអន្លង់តាសេក មានថេរដីកាអំពីផ្លូវចូលទៅកាន់វត្តនោះថា ព្រះសង្ឃនិងចំណុះជើងវត្តបានរួមចំណែកកសាងស្ពានឫស្សី និងចាក់ដីធ្វើជាផ្លូវដើម្បីជួយឲ្យសិស្សបានធ្វើដំណើរទៅសាលារៀន ឯសាលាកោះធំនិងស្អាង និងជួយសម្រួលផ្លូវដឹកបន្លែបង្ការអ្នកស្រុកផងដែរ ។
ព្រះចៅអធិការវត្តអន្លង់តាសេកមានថេរដីកាថា ៖ «ស្នើសុំ ប៉ុន្តែមិនព្រមគេថាជាប់បោះឆ្នោតអីណាមួយ ពីមុនៗមកជាប់តែហ៊្វុនស៊ិនប៉ិចនិងសមរង្ស៊ី ឥឡូវជាប់គណបក្សប្រជាជន បែបមានសង្ឃឹមហើយ គាត់ជួយធ្វើផ្លូវថ្នល់ព្រែក... និងអន្លង់ត្រសេកហើយ» ។
សូមជម្រាបថាកាលពីមុនបោះឆ្នោតលោកនាយករដ្ឋមន្រ្តីខ្មែរធ្លាប់មានប្រសាសន៍ពីខេត្តតាកែវអំពីផលប្រយោជន៍នៃថ្នល់លំនៅស្រុកស្អាងនេះ មានសារសំខាន់សម្រាប់កសិករអាចដឹកកសិផលយកទៅលក់ និងជាផ្លូវដែលអាចជួយសម្រួលចរាចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ ។ អាជ្ញាធរឃុំព្រែកអំបិលឲ្យដឹងថា ផ្លូវលំត្រូវបានកសាងពីថ្នល់ជាតិលេខ២១ មុខសាលាឃុំព្រែកអំបិល បាចក្រួសប្រមាណ២គីឡូម៉ែត្រ និងបានឈូសឆាយហួសវត្តអន្លង់តាសេកហើយ ប៉ុន្តែមានកន្លែងខ្លះបានស្រុតដីទៅវិញខ្លះដោយសារតែទឹកបុកខ្លាំង ៕
