ពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​កំពត​ព្រួយ​បារម្ភ​ពី​ការបាត់បង់​ដី​ធ្លី

ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​ជុំវិញ​ភ្នំ​សែនហាន ក្នុង​ស្រុក​អង្គរជ័យ ខេត្ត​កំពត កំពុង​ផ្អើល​ឆោឡោ​លាយឡំ​ការភ័យ​ព្រួយ​ខ្លាច​បាត់បង់​ដីធ្លី​ដោយ​អាជ្ញាធរ​ភូមិ​បាន​បង្ខំ​ឲ្យ​គាត់​ផ្តិត​មេដៃ​ពុំ​បញ្ជាក់​ពី​មូលហេតុ។

0:00 / 0:00

បុរស​ឈ្មោះ សំ បឿន អ្នក​ភូមិ​ព្រៃឈើទាល ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្តកំពត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​២១ វិច្ឆិកា ថា គាត់​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដោយ​ពុំ​ដឹង​ថា តើ​អាជ្ញាធរ​ភូមិ​បង្ខំ​ឲ្យ​គាត់​ផ្តិត​មេ​ដៃ​ដើម្បី​យក​ទៅ​ធ្វើ​អ្វី​ទេ។ គាត់​មាន​មន្ទិល​ថា ដី​ធ្លី​គាត់​អាច​នឹង​បាត់បង់​ដោយសារ​ស្នាម​មេ​ដៃ​នេះ។

លោក សំ បឿន បាន​ឲ្យ​ដឹង​ថា ៖ «ដី​ហ្នឹង​យើង​កាន់កាប់​តាំងពី​៧៩​មក ឥឡូវ​ប្រធាន​ភូមិ​គេ​ដើរ​ផ្តិត​មេ​ដៃ តែ​ខ្ញុំ​មិន​ដឹង​ថា គេ​ផ្ដិត​មេ​ដៃ​ហ្នឹង​គេ​មាន​មូលហេតុ​អី ហើយ​ចេះតែ​ផ្ដិត​គ្រប់​គ្នា ចាប់​បង្ខំ​ផ្ដិត បើ​យើង​អត់​ផ្ដិត​គេ​ថា​មាន​រឿង​អី​ថ្ងៃ​ក្រោយ​គេ​អត់​ដឹង​ឮ​ទេ គេ​និយាយ​សម្លុត​យើង​អ៊ីចឹង​ណា៎។ ឥឡូវ​ប្រជាជន​គេ​ឆោឡោ​ថា​ដី​យើង​រដ្ឋ​ចង់​ដក​ចង់​អី តែ​មិន​ដឹង​ថា​អាច​រដ្ឋ​ហ្នឹង​ដក​ឬ​អត់»

ស្ត្រី​ឈ្មោះ តុប ស៊ី បន្ថែម ៖ «គេ​អត់​មាន​ប្រាប់​ថា​រឿង​អី​ទេ ផ្ដិត​ឲ្យ​គេ​មក គេ​ក៏​ផ្តិត​ដែរ គេ​ប្រធាន​ភូមិ​ហ្នឹង គេ​មាន​ដី​នៅ​ហ្នឹង​ដែរ ហើយ​ខ្ញុំ​ជឿ​តាម​គេ​ក៏​ផ្ដិត​ឲ្យ​គេ ខ្ញុំ​អត់​ដឹង ផ្ដិត​ឲ្យ​ហើយ​អង្គុយ​យំ​នៅ​ហ្នឹង»

មិន​អាច​ទាក់​សុំ​ការពន្យល់​ពី​ប្រធាន​ភូមិ​ព្រៃឈើទាល លោក នាក់ វ៉ន បាន​ទេ នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា​នេះ តែ​មេ​ឃុំ​អង្គរជ័យ លោក ប៉ា ម៉ុន បាន​បន្ទោស​ប្រជាពលរដ្ឋ​ថា បង្ក​ការជ្រួល​ច្របល់​ដោយ​ខ្វះ​ការពិចារណា។

លោក នាក់ វ៉ន បាន​មាន​ប្រសាសន៍​ថា ៖ «មុន​នឹង​ផ្ដិត​មេ​ដៃ​ឲ្យ​គេ​មិន​មើល​អា​ទីប​នៅ​ខាង​លើ​ហ្នឹង គេ​ដាក់​ថា​យ៉ាង​ម៉េច? គេ​ពន្យល់​ប្រាប់​ហើយ ទីប​នៅ​ខាង​លើ​ហ្នឹង​គេ​ដាក់​ថា​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​ដី​នៅ​ជុំវិញ​ភ្នំ​សែនហាន ហើយ​គាត់​មាន​ដក​ដី​គាត់​ឯណា»

អភិបាល​ស្រុក​អង្គរជ័យ លោក យ៉ត យ៉ា បញ្ជាក់​ថា ដី​ដែល​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ភ្នំ​សែនហាន​កំពុង​កាន់កាប់​នេះ​គឺ​ជា​ដី​សហគមន៍​ព្រៃ​ឈើ​របស់​ក្រសួង​កសិកម្ម។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក​អភិបាល​ស្រុក​ថា​ពុំ​មាន​គោលការណ៍​ដក​ហូត​ពី​ប្រជាពលរដ្ឋ​ទេ។

លោក យ៉ត យ៉ា បាន​ឲ្យ​ដឹង​ថា ៖ «ដី​ហ្នឹង​វា​មាន​ដី​របស់​រដ្ឋ​ទាំងអស់ ដី​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​ធ្វើ ប៉ុន្តែ​គាត់​ចេះតែ​ធ្វើ​ចេះតែ​ឆ្ការ​អី​អ៊ីចឹង​ទៅ​ណា៎។ យើង​ត្រូវតែ​ឲ្យ​ដឹង​ថា ទំហំ​ដី​ហ្នឹង​ប៉ុន្មាន​ហើយ​ប្រជាជន​ណា​កាន់​ប៉ុន្មានៗ យើង​គ្រាន់តែ​ឲ្យ​ដឹង​ប៉ុណ្ណឹង​ទេ គ្មាន​ទៅ​យក​របស់​គាត់​ទេ ស៊ីញ៉េ​តាំងពី​ឆ្នាំ​១៩៩៥ ឯកឧត្ដម ជា សុង រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ធ្វើ​អភិវឌ្ឍន៍​សហគមន៍​ព្រៃ​ឈើ​ដី​ហ្នឹង។ ឥឡូវ​គេ​គ្រាន់តែ​វាស់​មើល​តើ​ទំហំ​ដី​ហ្នឹង​ប៉ុន្មាន...»

យ៉ាង​ណា​ក៏​ដោយ​មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពត អ្នកស្រី ទ្រី ឈូន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​អង្គការ​អាដហុក​កំពុង​ធ្វើការ​ពង្រឹង​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​លើ​វិស័យ​ច្បាប់​ភូមិបាល​ដើម្បី​ឲ្យ​ពួក​គាត់​មាន​ទុន​សម្រាប់​ធ្វើការ​តវ៉ា​តាម​ផ្លូវ​ច្បាប់​ប្រសិន​បើ​មាន​ការរឹបអូស​មែន​នោះ៕