កាលពីព្រឹកថ្ងៃច័ន្ទ ក្រុមប្រជាពលរដ្ឋរាប់រយនាក់បានធ្វើពិធីដាក់បណ្តាសាទាំងព្រលឹមដោយមានសំណែនផ្លែចេក ក្បាលជ្រូក និងបាចអង្ករ ហើយបន្ទាប់មកក្រុមប្រជាពលរដ្ឋបាននាំគ្នាដុតកង់ឡាននិងសម្រុកចូលទៅស្រែកតវ៉ានៅខាងក្រៅមាត់ទ្វាររបងតុលាការ។
ក្រុមប្រជាពលរដ្ឋនៅតែស្រែកទាមទារឲ្យតុលាការដោះលែងមនុស្ស៣នាក់បាននៅក្រៅឃុំនិងចង់បានយុត្តិធម៌មួយក្នុងរឿងទំនាស់ដីស្រែប្រាំងដែលពួកគេអះអាងថា ពួកឈ្មួញបានរំលោភយកដោយមានមន្ត្រីស្រុកជីក្រែងនៅពីក្រោយខ្នង ៖ «សូមទាមទារដោយដាច់ខាតឲ្យតុលាការដោះលែងជនជាប់ចោទទាំងបីដែលគ្មានកំហុសឲ្យមានសេរីភាពឡើងវិញ។ ចំពោះដំណោះស្រាយដីធ្លីសូមឲ្យរំលាយនូវអាងទឹកសាធារណៈឲ្យដូចដើមវិញ ដែលលោក កៅ សោភណ និងបក្សពួក ព្រមទាំងពួកឈ្មួញរំលោភពីប្រជាពលរដ្ឋជួយផ្ដល់នូវភាពយុត្តិធម៌ដល់យើងខ្ញុំជាប្រជាពលរដ្ឋទាំងអស់គ្នា»។
កម្លាំងប៉ូលិសនិងប៉េអឹមជាច្រើនបានបញ្ជូនមករាយបណ្តាក់ដើម្បីការពារនៅមុខទ្វារតុលាការរារាំងការតវ៉ារបស់ប្រជាពលរដ្ឋកុំឲ្យមានការសម្រុកចូលទៅខាងក្នុងបាន។
គ្មានមន្ត្រីតុលាការណាម្នាក់បានមកធ្វើការទេពេញមួយថ្ងៃច័ន្ទ ដោយតុលាការបានបង្ខំចិត្តបិទទ្វារមិនឲ្យមានអ្នកចេញចូល ហើយមិនអាចទំនាក់ទំនងសុំការអធិប្បាយអំពីការដែលនៅតែបន្តតវ៉ារបស់អ្នកភូមិទាំងនោះបានទេ។
ក៏ប៉ុន្តែកាលពីថ្ងៃសៅរ៍ ទី១៧ មករា ចៅក្រមស៊ើបអង្កេតរបស់តុលាការខេត្តសៀមរាបដែលទទួលបន្ទុករឿងក្តីនេះ លោក ងួន ណារ៉ា បានមានប្រសាសន៍ថា តុលាការមិនអាចបំពេញតាមការទាមទារនោះបានទេ ពីព្រោះតុលាការបានចេញសេចក្ដីសម្រេចឃុំខ្លួនអ្នកទាំងបីតាំងពីមុនអ្នកភូមិមកតវ៉ា ហើយអ្វីដែលតុលាការអាចធ្វើបានមានតែបញ្ជូនសំណុំរឿងទៅសាលាឧទ្ធរណ៍ឲ្យបានឆាប់រហ័សប៉ុណ្ណោះ។
លោក ងួន ណារ៉ា បានបញ្ជាក់ថា ៖ «គាត់តវ៉ា អានោះជាសិទ្ធិសេរីភាពរបស់គាត់ដែលច្បាប់ទទួលស្គាល់ ហើយយើងចំណាត់ការ យើងធ្វើអីកើតមកដល់ដំណាក់កាលនេះ ព្រោះបានចេញសេចក្ដីសម្រេចទាក់ទងនឹងការឃុំខ្លួននេះ មុនពេលដែលគាត់តវ៉ាម្ល៉េះ ហើយសេចក្ដីសម្រេចនេះគឺមេធាវីជនត្រូវចោទបានប្ដឹងឧទ្ធរណ៍ហើយ អ៊ីចឹងយើងមានតែរៀបចំបញ្ជូនសំណុំរឿងទៅសាលាឧទ្ធរណ៍ឲ្យបានឆាប់ យូរបំផុតគឺក្នុងថ្ងៃច័ន្ទសប្ដាហ៍នេះ»។
អាជ្ញាធរស្រុកខេត្តបានបង្ហាញឲ្យដឹងថា ពុំមានមធ្យោបាយល្អដោះស្រាយបញ្ហានោះទេ។ អភិបាលខេត្តសៀមរាប លោក ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថា មធ្យោបាយដោះស្រាយបញ្ហានោះគឺសូមឲ្យប្រជាពលរដ្ឋទាំងអស់វិលត្រឡប់ទៅផ្ទះសិន បន្ទាប់មកអាជ្ញាធរនឹងធ្វើការចុះពិនិត្យជាក់ស្តែងហើយបើប្រជាពលរដ្ឋទាមទារយកដីស្រែដែលមានម្ចាស់រួចហើយនោះគឺមិនបានទេ ហើយប្រសិនបើប្រជាពលរដ្ឋណាគ្មានដីអាជ្ញាធរសន្យានិងរកដីថ្មីជូន ប៉ុន្តែទោះយ៉ាងណាប្រជាពលរដ្ឋនៅតែមិនទទួលយកបញ្ហាសម្របសម្រួលបែបនេះ។
លោក ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថា ៖ «ធ្វើម៉េចឲ្យបងប្អូនទៅផ្ទះវិញ ខ្វះខាតអីក្រៅពីហ្នឹងចាំយើងសុំទៀតឲ្យបងប្អូនបានធ្វើ កុំធ្វើជាន់លើរបស់គេ គេមិនព្រមគេប្ដឹងយើងងាប់ហើយ។ យើងមានការគោរពគ្នា ដោះស្រាយឲ្យមានសីលធម៌ តាមច្បាប់តាមទម្លាប់ យើងមិនដាក់ទោសទណ្ឌម្ខាងណាម្ខាងណាទេ។ បើខ្វះខាតអីយើងទៅរកកន្លែងផ្សេង យើងខំប្រឹងដោះស្រាយដែរជូនប្រជាពលរដ្ឋយើង ដូច្នេះវាគ្មានមែន»។
ចំណែកអភិបាលស្រុកជីក្រែង លោក កៅ សោភ័ណ បានមានប្រសាសន៍ថា លោកមិនមានមធ្យោបាយអ្វីដោះស្រាយឲ្យប្រសើរទេ ប្រសិនបើប្រជាពលរដ្ឋមិនចង់បានការចូលរួមដោះស្រាយជាមួយអាជ្ញាធរ តែទោះយ៉ាងណាអាជ្ញាធរនៅតែគាំទ្រដល់ប្រជាពលរដ្ឋទាំងនោះ។
លោក កៅ សោភ័ណ បានអះអាងថា ការតវ៉ារបស់ប្រជាពលរដ្ឋនៅឃុំជីក្រែងទាំងនោះគឺមិនត្រឹមត្រូវទេដែលទៅដណ្តើមយកដីអ្នកឃុំអន្លង់សំណនៃឃុំផ្សេងគ្នាមកធ្វើជាកម្មសិទ្ធិដូច្នេះ។
លោក កៅ សោភ័ណ បានឲ្យដឹងថា ៖ «យើងមិនដឹងថាដោះស្រាយយ៉ាងម៉េចទេ ដល់គាត់មិនព្រមរួមសម្របសម្រួលការងារហ្នឹងទៅតាមនីតិវិធីច្បាប់។ ឲ្យគាត់ដាក់ពាក្យបណ្ដឹងមួយៗមកថាតើគាត់មានដីគាត់នៅត្រង់ណា ក្នុងសម័យណា ជំនាន់ណា ឲ្យវាបានច្បាស់លាស់ដើម្បីយើងមានមូលដ្ឋានក្នុងការដោះស្រាយតាមនីតិវិធីច្បាប់ ព្រោះអាជ្ញាធរយើងនៅគាំទ្រគាត់ដើម្បីរួមដោះស្រាយរកយុត្តិធម៌ជូនគាត់»។
ក្រុមអង្គការសង្គមស៊ីវិលដែលតាមឃ្លាំមើលសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋនោះបាននិយាយថា គេឃើញអាជ្ញាធរពុំទាន់បានប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការស្វះស្វែងរកមធ្យោបាយដោះស្រាយរឿងទាំងនោះទេ។
អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្ស លីកាដូ ខេត្តសៀមរាប លោក នូ ពុទ្ធិ បានមានប្រសាសន៍ថា តាមក្រុមរបស់លោកបានចូលប្រជុំជាមួយមន្ត្រីចម្រុះកាលពីថ្ងៃទី១៦ ខែមករាកន្លងមក គឺអាជ្ញាធរគ្រាន់តែបានជជែកអំពីបញ្ហាដែលអ្នកភូមិតវ៉ាប៉ុណ្ណោះ ពុំបានជជែករិះរកវិធានការដោះស្រាយតាមការទាមទាររបស់ប្រជាពលរដ្ឋយ៉ាងណានោះឡើយ។
លោក នូ ពុទ្ធិ ចង់ឲ្យអាជ្ញាធរបង្កើតគណៈកម្មការមួយដើម្បីកំណត់បញ្ហានិងឈានទៅរកវិធីផ្សេងៗដើម្បីដោះស្រាយនិងបញ្ចៀសភាពតានតឹងទាំងនោះ។
លោក នូ ពុទ្ធិ បានមានប្រសាសន៍ថា ៖ «កិច្ចការនេះយើងបាននិយាយតាំងពីកាលប្រជុំដំបូង គួរមានគណៈកម្មការហ្នឹងមួយដើម្បីកំណត់បញ្ហា និងឈានទៅរកវិធីផ្សេងៗក្នុងការសម្របសម្រួលស្ថានការណ៍ ចៀសវាងការតាមដាន។ មិនគួរទុកបញ្ហាទុំជោរ ហើយវាជាខេត្តទេសចរណ៍មួយផង យើងមិនចង់ឲ្យមានប្រើទង្វើណាមួយបង្រ្កាបពួកគាត់ដែលតវ៉ាទាមទារយុត្តិធម៌សម្រាប់ពួកគាត់នោះទេ»។
សូមបញ្ជាក់ថា ការលើកគ្នារបស់អ្នកភូមិមកតវ៉ានៅមុខតុលាការតាំងតែពីថ្ងៃទី១៦ ខែមករា បន្ទាប់ពីសមត្ថកិច្ចបានចាប់តំណាងអ្នកភូមិ២នាក់និងនិពន្ធនាយកកាសែតសង្គមខ្មែរម្នាក់ដាក់ពន្ធនាគារដោយអាជ្ញាធរបានចោទប្រកាន់អ្នកទាំងបីថា បានដឹកនាំប្រជាពលរដ្ឋ៤ភូមិទៅដណ្តើមយកដីស្រែប្រាំងជាង៩០ហិកតារពីប្រជាពលរដ្ឋឃុំអន្លង់សំណ។
តាមឯកសារឲ្យដឹងថា បញ្ហាទំនាស់ដីស្រែប្រាំងនៅទំនប់សួងបានកើតមានឡើងតាំងពីឆ្នាំ២០០៦ បន្ទាប់ពីសហគមន៍ភូមិស្តៅ និងសហគមន៍ភូមិត្រពាំងត្រោះ បានស្នើសុំបង្កើតសហគមន៍ស្រែប្រាំង ប៉ុន្តែអាជ្ញាធរបានសម្រេចឲ្យបង្កើតតែសហគមន៍ភូមិត្រោះមួយនោះ។
ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាកាលពីថ្ងៃទី៩ ខែមករា បានចេញលិខិតមួយជូនសាលាខេត្តសៀមរាបដោយបានបន្ទោសអាជ្ញាធរខេត្តនេះថា តាំងតែពីថ្ងៃទី២ ខែសីហា ឆ្នាំ២០០៧ ក្រសួងមហាផ្ទៃបានចេញដីកាបញ្ជូនឲ្យអភិបាលខេត្តសៀមរាបពិនិត្យនិងស្រាវជ្រាវបញ្ហាទំនាស់ទាំងនោះ រួចរាយការណ៍បំភ្លឺមកក្រសួងមហាផ្ទៃវិញដើម្បីក្រសួងមានមូលដ្ឋានចាត់ការបន្ត ក៏ប៉ុន្តែការឆ្លើយតបយឺតយ៉ាវរហូតប្រជាពលរដ្ឋ១៥ភូមិដាក់ពាក្យបណ្តឹងទៅរដ្ឋសភាជាថ្មី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៨ ហើយប្រធានរដ្ឋសភាបានស្នើសុំឲ្យក្រសួងមហាផ្ទៃជួយអន្តរាគមន៍ម្តងទៀតអំពីបញ្ហាដដែលនោះ៕
