ក្រុមប្រជាពលរដ្ឋមកពីច្រើនភូមិក្នុងឃុំលាងដៃ ស្រុកអង្គរធំ និងមកពីឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការរិះគន់ជាចំហទៅលើមន្ត្រីអាជ្ញាធរអប្សរា ដែលកំពុងទទួលបន្ទុកការពារថែរក្សាប្រាសាទបូរាណថា កំពុងអនុវត្តច្បាប់របស់ខ្លួនដ៏តឹងរ៉ឹងក្នុងការហាមឃាត់ប្រជាពលរដ្ឋនៅតាមភូមិមិនអាចឲ្យសង់ទីលំនៅ ឬក៏ធ្វើទ្រុងមាន់ ទ្រុងជ្រូកទេនោះ។
ក្រុមអ្នកភូមិបានបន្ទោសថា ការអនុវត្តច្បាប់ដ៏តឹងរ៉ឹងរបស់អាជ្ញាធរអប្សរាមកលើប្រជាពលរដ្ឋនៅតំបន់ការពារ គឺជាការដែលធ្វើឲ្យអ្នកភូមិក្រីក្រមិនអាចអភិវឌ្ឍជីវភាពគ្រួសាររបស់គេ ទៅតាមគោលការណ៍របស់រដ្ឋាភិបាលដែលចង់កាត់បន្ថយភាពក្រីក្របានទេ។
បុរសចំណាស់ឈ្មោះ កៃ អ នៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ បានឡើងរិះគន់ចំពោះមន្ត្រីអាជ្ញាធរអប្សរា នៅក្នុងវេទិកាសាធារណដែលរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ថា អង្គការក្រៅរដ្ឋាភិបាលបានចូលមកអភិវឌ្ឍនៅតំបន់របស់គាត់រស់នៅជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគាត់មិនដែលបានស្គាល់ការអភិវឌ្ឍឲ្យរួចផុតពីភាពក្រីក្រយ៉ាងណាទេ ដោយសារតែអ្នកភូមិរបស់គាត់មិនអាចធ្វើទ្រុងមាន់ ទ្រុងជ្រូកសម្រាប់ការអភិវឌ្ឍទាំងនោះបាន។
លោក កៃ អ បានអះអាងថា ៖ «អង្គការដើរចុះជួយទាំងពីមាន់ ទាំងពីជ្រូក ទាំងពីគោ មិនធ្វើទ្រុងមិនធ្វើក្រោល គេថាយើងខ្ជិល។ អប្សរាដើររើផ្ទះប្រជាជន ដើររើទ្រុងជ្រូក ដើររើទ្រុងមាន់។ សព្វថ្ងៃយើងធ្វើផ្ទះអត់បាន។ ឥឡូវខ្ញុំសំណូមពរមួយថា បើអប្សរាមានផ្ទះនៅ ខ្ញុំក៏មានផ្ទះនៅ បើអប្សរាដេកហ្នឹងដី ខ្ញុំដេកដីដែរ!»។
បុរសឈ្មោះ អ៊ឹម សំណង នៅភូមិលាងដៃដែរ បានបន្ថែមថា ៖ «ទៅសុំច្បាប់ គេថា ថ្ងៃណេះ ថ្ងៃណោះ!»។
លោក គុជ ម៉ូលី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ មកពីគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលស្គាល់ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដូចការរិះគន់នោះ។ លោកបានមានប្រសាសន៍ថា មន្ត្រីអាជ្ញាធរអប្សរាគួរធ្វើការផ្សព្វផ្សាយច្បាប់របស់ខ្លួនឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ពីលក្ខណៈត្រឹមណាដែលអាចធ្វើទៅបាន និងត្រឹមណាដែលមិនអាចធ្វើទៅបាន។
លោក គុជ ម៉ូលិ បានបញ្ជាក់ថា ៖ «សូមឲ្យបងប្អូនទាក់ទងទៅអាជ្ញាធរ ដើម្បីសុំច្បាប់អាជ្ញាធរអប្សរាហ្នឹងមើលមើល៍។ ជួនកាលបងប្អូនអត់មានដឹងច្បាប់គាត់ គាត់ចេះតែបំពាន តំបន់អប្សរាអត់អាចសាងសង់បានទេ ប៉ះពាល់អង្គរវត្ត ប៉ះពាល់ស្អីៗអីចឹង ប៉ុន្តែគាត់ជួលឲ្យគេបើកហាងលក់នៅក្បែរសៀមរាបនោះ អាហ្នឹងក៏តំបន់អប្សរាដែរ»។
អគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធិ បានប្រតិកម្មតបនឹងការរិះគន់នោះដោយថា អាជ្ញាធរអប្សរាបានអនុវត្តទៅតាមច្បាប់ ដែលមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋមួយភាគតូចអាចធ្វើអ្វីទៅតាមតែទំនើងចិត្តនោះទេ ដោយអាជ្ញាធរមានមន្ត្រីបានចុះផ្សព្វផ្សាយច្បាប់នៅតាមភូមិនានារួចហើយ។
លោក ប៊ុន ណារិទ្ធិ បានថ្លែងថា ៖ «នៅក្នុងតំបន់អង្គរធំដែរ ប្រជាពលរដ្ឋរស់នៅរាប់សែននាក់មិនមានប្រតិកម្ម មានប្រតិកម្មតែកន្លែងហ្នឹង ហើយកន្លែងមួយហ្នឹងគាត់ចងបានស្រេចទំនើងចិត្ត គាត់ចង់ធ្វើអ្វីក៏ធ្វើទៅ។ ប្រទេសណាក៏មានច្បាប់មានទម្លាប់ដែរ។ យើងក៏តែងមានការកំណត់អនុញ្ញាតជូនអ៊ីចឹងណា យើងគ្រាន់តែសុំបំពេញតាមការកំណត់អ៊ីចឹងទៅវាបានហើយ។ នៅក្នុងរមណីយដ្ឋានមួយសាងសង់ស្រេចតែចិត្តអ៊ីចឹង បន្តិចទៀតទៅជាអនាធិបតេយ្យទៅ ម៉េចកើត!»។
លោក នូ ពុទ្ធិ អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្ស លីកាដូ ខេត្តសៀមរាប បានមានប្រសាសន៍ថា ការកត់សម្គាល់ខ្លះឃើញថា ដំណើរការនៃការរារាំងខ្លះពីមន្ត្រីអាជ្ញាធរអប្សរា គឺស្មារតីច្បាប់ខ្លះបានបំពាននឹងគោលការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស៕