អ្នក​ស្រុក​ស្ទឹងត្រង់ ១០០​នាក់​មក​តវ៉ា​រឿង​ដី​ធ្លី​នៅ​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី

ក្រុម​អ្នក​តវ៉ា​អំពី​រឿង​ដី​ធ្លី​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ប្រមាណ ១០០​នាក់ ដែល​មក​តវ៉ា​នៅ​ខាង​មុខ​ច្រក​ចូល​ផ្ទះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ឯ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល អស់​រយៈពេល ៤​ថ្ងៃ​កន្លង​មក​ហើយ​នោះ បាន​និយាយ​ថា ពួក​គាត់​មិន​វិល​ត្រឡប់​ទៅ​វិញ​ទេ ដរាប​ណា​មិន​ទាន់​បាន​ទទួល​ចម្លើយ​អំពី​ដំណោះ​ស្រាយ​ណា​មួយ​នោះ។

0:00 / 0:00

តំណាង​អ្នក​ចូលរួម​តវ៉ា​ម្នាក់ ឈ្មោះ​លោក អាន ណារិទ្ធ ដែល​និយាយ​ថា លោក​ចង់​ជួប​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រយៈពេល​៤​ថ្ងៃ កន្លង​មក​ហើយ បាន​បញ្ជាក់​អំពី​គម្រោង​បន្ត​របស់​ក្រុម​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ មិថុនា ដូច្នេះ​ថា ៖ «យើង​ចាំ​សំណើ​ថ្មី​នេះ ចាំ​មើល​ថា​តើ​រដ្ឋាភិបាល​សម្រេច​យ៉ាង​ណា។ ក្រោយ​ពី​ជួប​ឯកឧត្តម លឹម លាងសែ មក បី​ថ្ងៃ ថ្ងៃ​ហ្នឹង​ហើយ ថ្ងៃ​ទី​៩ ទី​១០ ទី​១១ ថ្ងៃ​ហ្នឹង​ហើយ។ មក​ទល់​ថ្ងៃ​នេះ​មិន​ទាន់​ចេញ​លទ្ធផល​អី​ទេ។ បើ​មិន​បាន​ជួប​ទេ យើង​នៅ​តែ​រង់ចាំ​រហូត​ទាល់​តែ​បាន​ជួប ហើយ​និង​មាន​គម្រោង​ទៅ​មុខ​រដ្ឋសភា​និង​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​និង​ផ្ទះ​ឯឧត្តម សុខ អាន ដើម្បី​ទាមទារ​ឲ្យ​បាន​ចម្លើយ»

លោក អាន ណារិទ្ធ និយាយ​ថា អ្នក​ភូមិ​បន្ថែម​ទៀត នឹង​មក​ចូលរួម​ការ​តវ៉ា​នេះ ហើយ​លោក​បញ្ជាក់​បន្ថែម​អំពី​ការ​បន្ត​ការ​តវ៉ា​នៅ​ក្រុង​ភ្នំពេញ​ដូច្នេះ​ថា ៖ «យើង​ទៅ​ដោយ​ថ្មើរ​ជើង និង​ទាមទារ​ដោយ​សន្តិវិធី មិន​ប្រើ​អំពើ​ហិង្សា​អី​ទេ។ ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ជឿ​ជាក់​ជានិច្ច​លើ​រដ្ឋាភិបាល ព្រោះ​ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​មិន​បោះបង់​ចោល​ប្រជា​ពលរដ្ឋ​ក្រីក្រ​ទេ លោក​គង់​នឹង​ដោះស្រាយ​ឲ្យ»

លោក ហ៊ុយ ហ៊ត ជា​អ្នក​តវ៉ា​ម្នាក់​ទៀត បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «បើ​សិន​ជា​ដល់​ហ្នុង​មិន​បាន​សម្រេច​ទៀត យើង​នឹង​សុំ​អង្គការ​បើក​វេទិកា​សាធារណៈ​មួយ​នៅ​ស្រុក​ស្ទឹងត្រង់»

លោក លឹម លាងសែ នាយ​រង​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទទួល​បន្ទុក​ប្រធាន​ក្រុម​ដោះស្រាយ​វិវាទ​ដី​ធ្លី ដែល​ជួប​ក្រុម​អ្នក​តវ៉ា​និង​ទទួល​សំណើ​របស់​ពួក​គាត់​នោះ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ល្ងាច​ថ្ងៃ​ទី​១១ មិថុនា ដូច្នេះ​ថា ៖ «ខ្ញុំ​គ្រាន់​តែ​ទទួល ហើយ​ខ្ញុំ​បញ្ជូន​ទៅ​គណៈកម្មការ​អវិនិយោគ ឲ្យ​ដោះស្រាយ​ព្រោះ​សមត្ថកិច្ច​របស់​គាត់។ ដំណោះ​ស្រាយ​យ៉ាង​ណាៗ លោក​ទូរស័ព្ទ​សួរ​ខាង​ណោះ​ទៅ»

លោក ចាន់ តុងអ៊ីវ តំណាង​គណៈកម្មការ​អវិនិយោគ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្លែង​ថា បញ្ហា​នេះ​ខាង​ក្រុម​ជំនាញ​បាន​ចុះ​ទៅ​ដោះស្រាយ​នៅ​មូលដ្ឋាន​នោះ​ហើយៗ មាន​អ្នក​ស្រុក​ជា​ច្រើន​បាន​ចូលរួម​សហការ។ ចំពោះ​អ្នក​តវ៉ា​នៅ​ភ្នំពេញ លោក​សំណូមពរ​ឲ្យ​ពួក​គាត់​ត្រឡប់​មូលដ្ឋាន​វិញ ហើយ​ប្រកាស​អំពី​ដី​របស់​ខ្លួន​ដល់​ក្រុម​ជំនាញ​ដែល​កំពុង​ដោះស្រាយ​នោះ។

សូម​រំឭក​ឡើង​វិញ​ថា រឿង​ទំនាស់​ដី​ធ្លី​នៅ​បឹង​កេត​នេះ មាន​អាយុ​កាល ១៨​ខែ​ហើយ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្តល់​ការ​វិនិយោគ​លើ​ផ្ទៃ​ដី​ចម្ការ​កៅស៊ូ​ចំនួន ៧.៣១៣​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឡុងស្រេង​ធ្វើការ​វិនិយោគ​មក ដែល​ក្នុង​នោះ មាន​ផ្ទៃ​ដី​ចំនួន ១.៤៦៨​ហិកតារ ត្រូវ​អ្នក​តវ៉ា​អះអាង​ថា ជា​ដី​ដែល​អ្នក​ស្រុក​ចំនួន ៧១០​គ្រួសារ​កាន់​កាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក៕