ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំតាកែន ស្រុកឈូក ខែត្រកំពត ដែលផ្ទះរបស់ពួកគាត់ត្រូវបានរុះរើនិងដុតបំផ្លាញកាលពីថ្ងៃច័ន្ទកន្លងទៅនេះ បានឲ្យដឹងថាពួកគាត់កំពុងតែស្ថិតនៅក្នុងភាពច្របូកច្របល់និងក្ដីភ័យខ្លាច បន្ទាប់ពីមានការរុះរើនិងដុតបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ដោយកងកម្លាំងសមត្ថកិច្ចចម្រុះ ។
អាជ្ញាធរក្រុងព្រះសីហនុប្រើអំពើហិង្សាបណ្តេញពលរដ្ឋ១០៥គ្រួសារនៅសង្កាត់មិត្តភាព កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៧ ។
កាលពីថ្ងៃច័ន្ទ ទី១៦ ខែមិថុនាកន្លងទៅនេះប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅចំណុចអន្លង់ក្រោម ក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខែត្រកំពត កំពុងតែស្ថិតនៅក្នុងភាពច្របូកច្របល់និងក្ដីភ័យខ្លាច ដោយពួកគាត់កំពុងតែប្រឈមមុខនឹងការបង្ខំឲ្យចាកចេញព្រមទាំងការបិទផ្លូវមិនឲ្យពួកគាត់ចេញចូល ។
បុរសម្នាក់ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ដែលសុទ្ធតែសុំមិនបញ្ចេញឈ្មោះ ហើយដែលបានចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រី កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនាកន្លងទៅនេះ បានឲ្យដឹងថា អ្វីៗមិនដូចការអះអាងរបស់ក្រុមមន្ត្រី ដែលថាប្រជាពលរដ្ឋបានឯកភាពឲ្យមានការរុះរើឬដោះដូរនោះទេ ។
បុរសដដែលបានឲ្យដឹងថា ៖ «ប្រជាពលរដ្ឋដែលថាព្រមដោះដូរហ្នឹងគឺមិនពិតទេ ព្រោះការដែលនិយាយថាដោះដូរហ្នឹង មេដៃ ទះដៃហ្នឹងមិនមែនប្រជាពលរដ្ឋនៅក្នុងភូមិហ្នឹងទេ គេនាំគ្នាគេបួនដប់ម្ភៃនាក់ដាក់បង្កប់នៅក្នុងហ្នឹងអ្នកទះដៃ ដល់អ៊ីចឹងហើយគេថាប្រជាពលរដ្ឋទះដៃយល់ព្រម» ។
ចំណែកឯស្ត្រីម្នាក់ក៏បានអះអាងដូចគ្នានេះដែរ ៖ «ខំកាប់ខំឆ្ការ ក្រងស្បូវ អាខ្លះគ្នាចេះក្រង អាខ្លះគ្នាអត់ចេះក្រង ហើយឥឡូវដុតរបស់គ្នាខ្ទេចខ្ទីអស់ហើយ ហើយម្នាក់ៗយំពេញភូមិទាំងអស់ ។ ហើយគ្រាន់តែគ្នាទៅផ្សារមួយភ្លែត ស្រាប់តែមកវិញដុតផ្ទះអស់រលីង» ។
បុរសម្នាក់ទៀតបានសម្ដែងនូវភាពងឿងឆ្ងល់ចំពោះទង្វើរបស់ក្រុមមន្ត្រីសមត្ថកិច្ច ៖ «ខ្ញុំគ្រាន់តែអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន ឲ្យលោកជួយដោះស្រាយឲ្យប្រជាជនទាំងអស់ហ្នឹង ៤០០គ្រួសារជាង ហើយរកយុត្តិធម៌តែប៉ុណ្ណឹងទេ ។ ហើយសម្ដេចលោកធ្វើផ្លូវរាប់ម៉ឺនគីឡូ ដើម្បីសម្រួលការចេញចូលរបស់ប្រជាជន ហេតុអីធ្វើហើយបិទមិនឲ្យប្រជាជនចេញចូល ដាច់ស្បៀង មានការឈឺចាប់ណាស់ ។ សូមអំពាវនាវដល់សម្ដេចឲ្យសម្ដេចឮសំឡេងអ្នកឈឺចាប់...» ។
មន្ត្រីសាលាខែត្រកំពតដែលមានតួនាទីជាអ្នករៀបចំនិងសម្របសម្រួលនៅតំបន់នោះ លោក សឹម ពុទ្ធា បានអះអាងថាមិនមានការបិទផ្លូវដូចដែលប្រជាពលរដ្ឋអះអាងនោះទេ ហើយចំពោះដីដែលជាថ្នូរសម្រាប់ពួកគាត់ក៏ស្ថិតក្នុងតំបន់នោះដែរ ។
លោក សឹម ពុទ្ធា បានមានប្រសាសន៍ថា ៖ «ចេញចូលបានធម្មតាតើ អត់ចេញពីតំបន់ទេ តំបន់ជាមួយគ្នាទេតើ ប៉ុន្តែគ្រាន់តែយើងរើទីតាំង ។ គ្រាន់តែថាមួយជាកន្លែងព្រៃឈើ ហើយកន្លែងមណ្ឌលអភិវឌ្ឍន៍ ហើយមួយទៀតគឺដីរបស់គាត់តែម្ដង ផ្លូវជាប់គ្នាទាំងអស់» ។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក ប្រចាំខែត្រកំពតនិងក្រុងកែប អ្នកស្រី ទ្រី ឈួន បានមានប្រសាសន៍ថាការបិទផ្លូវមិនឲ្យប្រជាពលរដ្ឋចេញចូលមិនមែនជាដំណោះស្រាយនោះទេ ។
អ្នកស្រី ទ្រី ឈួន បានឲ្យដឹងថា ៖ «ពីព្រោះថាតំបន់អភិវឌ្ឍន៍នៅក្បាលដំរីនេះប្រជាជនបានទៅរស់នៅមុនផែនការអភិវឌ្ឍន៍របស់ខាងយោធា» ។
រាល់សំណូមពររបស់ប្រជាពលរដ្ឋដែលកំពុងតែមានវិបត្តិដីធ្លីនៅភូមិជ័យសេនា សុទ្ធតែអំពាវនាវសុំឲ្យមានការប្រោសប្រណីពីប្រមុខរដ្ឋាភិបាលដោយសូមឲ្យមានការអនុញ្ញាតឲ្យពួកគាត់បន្តការតាំងលំនៅឋាននៅទីនោះតទៅទៀត គឺពួកគាត់ក្រាញមិនចង់ចាកចេញទៅចាប់ផ្ដើមសាជាថ្មីនៅកន្លែងផ្សេងឡើយ ៕
ពលរដ្ឋជាង១០គ្រួសារនៅស្ទឹងត្រែងចោទថាមន្ត្រីយោធាព្យាយាមរឹបអូសយកដី
អាជ្ញាធរអំពាវនាវឲ្យអ្នករត់គេចខ្លួនដោយសារជម្លោះដីចូលមកបំភ្លឺនៅតុលាការ
តំណាងពលរដ្ឋដែលតវ៉ារឿងដីធ្លីនៅសៀមរាប២រូបត្រូវចាប់ខ្លួន
អ្នកភូមិ៧៨ សង្កាត់ទន្លេបាសាក់ ទាមទារឲ្យអាជ្ញាធរចេញលិខិតទទួលស្គាល់ការរស់នៅ
ពលរដ្ឋលើកគ្នាទៅតវ៉ារឿងដីធ្លីនៅទីរួមខេត្តសៀមរាប ប៉ុន្តែត្រូវអាជ្ញាធររារាំង
អ្នកផ្ទុកមេរោគអេដស៍២០គ្រួសារត្រូវជម្លៀសចេញពីបុរីកីឡា
ពលរដ្ឋនៅបឹងកក់ធ្វើពិធីដាក់បណ្ដាសាក្រុមហ៊ុនស៊ូកាគូ
អ្នកស្រុកស្ទឹងត្រង់ ១០០នាក់មកតវ៉ារឿងដីធ្លីនៅមុខផ្ទះនាយករដ្ឋមន្ត្រី
រឿងជម្លោះដីរបស់ពលរដ្ឋ៥០គ្រួសារនៅសហគមន៍រីករាយនៅតែគ្មានដំណោះស្រាយ
ពលរដ្ឋ៣២គ្រួសារនៅបុរីកីឡាបារម្ភពីគម្រោងការជម្លៀសចេញ