អាជ្ញាធរ​ខែត្រ​កំពត​រុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​រាប់​រយ​គ្រួសារ

2008-06-18

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​តាកែន ស្រុក​ឈូក ខែត្រ​កំពត ដែល​ផ្ទះ​របស់​ពួក​គាត់​ត្រូវ​បាន​រុះរើ​និង​ដុត​បំផ្លាញ​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា​ពួក​គាត់​កំពុងតែ​ស្ថិត​នៅ​ក្នុង​ភាពច្របូក​ច្របល់​និង​ក្ដី​ភ័យខ្លាច បន្ទាប់ពី​មាន​ការរុះរើ​និង​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ដោយ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ។

LICADHO Photo

អាជ្ញាធរ​ក្រុង​ព្រះសីហនុ​ប្រើ​អំពើ​ហិង្សា​បណ្តេញ​ពលរដ្ឋ​១០៥​គ្រួសារ​នៅ​សង្កាត់​មិត្តភាព កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០០៧ ។

កាលពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មិថុនា​កន្លង​ទៅនេះ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់​នៅ​ចំណុច​អន្លង់ក្រោម ក្នុង​ភូមិ​ជ័យសេនា ឃុំ​តាកែន ស្រុក​ឈូក ខែត្រ​កំពត កំពុងតែ​ស្ថិត​នៅ​ក្នុង​ភាព​ច្របូក​ច្របល់​និង​ក្ដី​ភ័យ​ខ្លាច ដោយ​ពួក​គាត់​កំពុងតែ​ប្រឈម​មុខ​នឹង​ការ​បង្ខំ​ឲ្យ​ចាកចេញ​ព្រម​ទាំង​ការបិទ​ផ្លូវ​មិន​ឲ្យ​ពួក​គាត់​ចេញ​ចូល ។

បុរស​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​សុទ្ធតែ​សុំ​មិន​បញ្ចេញ​ឈ្មោះ ហើយ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​មន្ត្រី កាលពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មិថុនា​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា អ្វីៗ​មិន​ដូច​ការអះអាង​របស់​ក្រុម​មន្ត្រី ដែល​ថា​ប្រជាពលរដ្ឋ​បាន​ឯកភាព​ឲ្យ​មាន​ការរុះរើ​ឬ​ដោះដូរ​នោះ​ទេ ។

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ប្រជាពលរដ្ឋ​ដែល​ថា​ព្រម​ដោះដូរ​ហ្នឹង​គឺ​មិន​ពិត​ទេ ព្រោះ​ការ​ដែល​និយាយ​ថា​ដោះដូរ​ហ្នឹង មេ​ដៃ ទះ​ដៃ​ហ្នឹង​មិន​មែន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ហ្នឹង​ទេ គេ​នាំ​គ្នា​គេ​បួន​ដប់​ម្ភៃ​នាក់​ដាក់​បង្កប់​នៅ​ក្នុង​ហ្នឹង​អ្នក​ទះ​ដៃ ដល់​អ៊ីចឹង​ហើយ​គេ​ថា​ប្រជាពលរដ្ឋ​ទះ​ដៃ​យល់ព្រម»

ចំណែក​ឯ​ស្ត្រី​ម្នាក់​ក៏​បាន​អះអាង​ដូច​គ្នា​នេះ​ដែរ ៖ «ខំ​កាប់​ខំ​ឆ្ការ ក្រង​ស្បូវ អា​ខ្លះ​គ្នា​ចេះ​ក្រង អា​ខ្លះ​គ្នា​អត់​ចេះ​ក្រង ហើយ​ឥឡូវ​ដុត​របស់​គ្នា​ខ្ទេចខ្ទី​អស់​ហើយ ហើយ​ម្នាក់ៗ​យំ​ពេញ​ភូមិ​ទាំងអស់ ។ ហើយ​គ្រាន់តែ​គ្នា​ទៅ​ផ្សារ​មួយ​ភ្លែត ស្រាប់តែ​មក​វិញ​ដុត​ផ្ទះ​អស់​រលីង»

បុរស​ម្នាក់​ទៀត​បាន​សម្ដែង​នូវ​ភាព​ងឿង​ឆ្ងល់​ចំពោះ​ទង្វើ​របស់​ក្រុម​មន្ត្រី​សមត្ថកិច្ច ៖ «ខ្ញុំ​គ្រាន់តែ​អំពាវនាវ​ដល់​សម្ដេច​តេជោ ហ៊ុន សែន ឲ្យ​លោក​ជួយ​ដោះស្រាយ​ឲ្យ​ប្រជាជន​ទាំងអស់​ហ្នឹង ៤០០​គ្រួសារ​ជាង ហើយ​រក​យុត្តិធម៌​តែ​ប៉ុណ្ណឹង​ទេ ។ ហើយ​សម្ដេច​លោក​ធ្វើ​ផ្លូវ​រាប់​ម៉ឺន​គីឡូ ដើម្បី​សម្រួល​ការចេញ​ចូល​របស់​ប្រជាជន ហេតុ​អី​ធ្វើ​ហើយ​បិទ​មិន​ឲ្យ​ប្រជាជន​ចេញ​ចូល ដាច់​ស្បៀង មាន​ការឈឺចាប់​ណាស់ ។ សូម​អំពាវនាវ​ដល់​សម្ដេច​ឲ្យ​សម្ដេច​ឮ​សំឡេង​អ្នក​ឈឺចាប់...»

មន្ត្រី​សាលា​ខែត្រ​កំពត​ដែល​មាន​តួនាទី​ជា​អ្នក​រៀបចំ​និង​សម្រប​សម្រួល​នៅ​តំបន់​នោះ លោក សឹម ពុទ្ធា បាន​អះអាង​ថា​មិន​មាន​ការបិទ​ផ្លូវ​ដូច​ដែល​ប្រជាពលរដ្ឋ​អះអាង​នោះ​ទេ ហើយ​ចំពោះ​ដី​ដែល​ជា​ថ្នូរ​សម្រាប់​ពួក​គាត់​ក៏​ស្ថិត​ក្នុង​តំបន់​នោះ​ដែរ ។

លោក សឹម ពុទ្ធា បាន​មាន​ប្រសាសន៍​ថា ៖ «ចេញ​ចូល​បាន​ធម្មតា​តើ អត់​ចេញ​ពី​តំបន់​ទេ តំបន់​ជាមួយ​គ្នា​ទេ​តើ ប៉ុន្តែ​គ្រាន់តែ​យើង​រើ​ទីតាំង ។ គ្រាន់តែ​ថា​មួយ​ជា​កន្លែង​ព្រៃ​ឈើ ហើយ​កន្លែង​មណ្ឌល​អភិវឌ្ឍន៍ ហើយ​មួយ​ទៀត​គឺ​ដី​របស់​គាត់​តែម្ដង ផ្លូវ​ជាប់​គ្នា​ទាំងអស់»

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក ប្រចាំ​ខែត្រ​កំពត​និង​ក្រុង​កែប អ្នកស្រី ទ្រី ឈួន បាន​មាន​ប្រសាសន៍​ថា​ការបិទ​ផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ ។

អ្នកស្រី ទ្រី ឈួន បាន​ឲ្យ​ដឹង​ថា ៖ «ពីព្រោះ​ថា​តំបន់​អភិវឌ្ឍន៍​នៅ​ក្បាល​ដំរី​នេះប្រជាជន​បាន​ទៅ​រស់​នៅ​មុន​ផែនការ​អភិវឌ្ឍន៍​របស់​ខាង​យោធា»

រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​មាន​វិបត្តិ​ដីធ្លី​នៅ​ភូមិ​ជ័យសេនា សុទ្ធតែ​អំពាវនាវ​សុំ​ឲ្យ​មាន​ការប្រោសប្រណី​ពី​ប្រមុខ​រដ្ឋាភិបាល​ដោយ​សូម​ឲ្យ​មាន​ការអនុញ្ញាត​ឲ្យ​ពួក​គាត់​បន្ត​ការតាំង​លំនៅឋាន​នៅ​ទី​នោះ​ត​ទៅ​ទៀត គឺ​ពួក​គាត់​ក្រាញ​មិន​ចង់​ចាកចេញ​ទៅ​ចាប់ផ្ដើម​សា​ជា​ថ្មី​នៅ​កន្លែង​ផ្សេង​ឡើយ ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ជន​ប្រដាប់​អាវុធ​បាញ់​គំរាម​និង​ដុត​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​៣​ខ្នង​នៅ​បាត់ដំបង

ក្រុម​សិទ្ធិ​មនុស្ស​គ្រោង​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​​ចូល​ច្រូត​កាត់​​ស្រូវ

អាជ្ញាធរ​ខែត្រ​កំពង់ធំ​ចាប់​ខ្លួន​ពលរដ្ឋ​៤​នាក់​បន្ថែម​ទៀត​ក្នុង​រឿង​ជម្លោះ​ដី

ជន​ជាតិ​ភាគ​តិច​នៅ​មណ្ឌលគិរី​បារម្ភ​ថា​ក្រុមហ៊ុន​ធ្វើ​ឲ្យ​បាត់​ដី​ចម្ការ​វិល​ជុំ

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ឧត្ដរមានជ័យ​បន្ត​តវ៉ា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី

ស្ថានភាព​បញ្ហា​ជម្លោះ​ដី​នៅ​ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ

សង្គម​ស៊ីវិល​ស៊ើប​អង្កេត​ករណី​ក្រុមហ៊ុន​រំលោភ​បំពាន​លើ​ជនជាតិ​ភាគ​តិច

សមត្ថកិច្ច​ខែត្រ​កំពង់ធំ​ចាប់​ខ្លួន​ពលរដ្ឋ​៣​នាក់​​ក្នុង​រឿង​ជម្លោះ​ដី

សមត្ថកិច្ច​ខែត្រ​កំពង់ធំ​បាញ់​បង្រ្កាប​ការ​តវ៉ា​របស់​ពលរដ្ឋ​ក្នុង​រឿង​ជម្លោះ​ដី

អាជ្ញាធរ​វៀតណាម​ហាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​ដូនតា