ប្រជាជនភូមិស្ទឹង លោក កូ ណាន បានថ្លែងកាលពីពេលថ្មីៗនេះថា មេឃរាំងផង និងធាតុអាកាសក្ដៅខ្លាំងក្នុងខែផល្គុន និងខែចែត្រផង ដំណាំក្នុងភូមិស្ទឹងបានងាប់បណ្ដើរៗ ព្រោះតែអត់ទឹក។
លោក កូ ណាន បានឲ្យដឹងថា ៖ «មានគេអ្នកគ្រប់គ្រងទឹកគេអត់ឲ្យបើក គេថាចាំដល់ខែ៤ ហើយដំណាំយើងវាងាប់។ សណ្ដែកខៀវងាប់អស់ ២ស្រែ ៣ស្រែហើយ!»។
អ្នកស្រី មាច ញ៉រ អះអាងថា មុនដាំឪឡឹក សណ្ដែកដី សណ្ដែកខៀវ ជាដើម អ្នកដាំម្នាក់ៗសុទ្ធតែបានស្នើសុំទឹកទៅអ្នកគ្រប់គ្រងទឹកនោះឲ្យបើកទឹកមកដល់ភូមិស្ទឹង ដែលនៅប្រមាណ ១គីឡូម៉ែត្រពីទំនប់ខ្ពបត្របែក ប៉ុន្តែគេមិនបើកនៅពេលដែលសណ្ដែកដីកំពុងចេញផ្កា។
អ្នកស្រី មាច ញ៉រ បានអះអាងថា ៖ «...ខ្ញុំហ្នឹងឥឡូវវាត្រូវខាតធំម្ដង ឆ្នាំហ្នឹង។ បើត្រង់លោកអ្នកកាន់ទឹក លោកបានបើកបានដាក់របស់គាត់ ត្រង់ខ្ញុំអត់ឲ្យ!»។
បុរសម្នាក់ទៀតថ្លែងថា គ្រប់គ្នាបានដាំដំណាំរួមផ្សំ ខាតប្រាក់ច្រើនរយដុល្លារ នៅគ្រាដែលទឹកពីទំនប់ខ្ពបត្របែក អ្នកគ្រប់គ្រងសន្យាបើកទឹកឲ្យដាំបន្លែនៅភូមិស្ទឹងនោះ ប៉ុន្តែបែរជាបិទទឹកមិនឲ្យហូរមកដីបន្លែកំពុងចេញផ្លែផ្កាទេ។
ស្ត្រីវ័យចំណាស់ឈ្មោះ ហេង ញៀន បានឲ្យដឹងថា ទឹកខ្ពបត្របែករដ្ឋាភិបាលជីកឲ្យប្រើរួម ប៉ុន្តែអ្នកគ្រប់គ្រងទឹកបានរក្សាទឹកទុកសម្រាប់តែធ្វើស្រែដើមរដូវ។ ស្រ្តី ហេង ញៀន ចង់ឲ្យរដ្ឋាភិបាលជួយចាត់ចែងទឹកឲ្យបានគ្រប់គ្នា។
អ្នកស្រី ហេង ញៀន បានឲ្យដឹងថា ៖ «នាំគ្នាប្រវេប្រវាទិញពូជគេ ១តៅ ៣ម៉ឺន សណ្ដែកដីហ្នឹងណា៎! ហើយម្នាក់ៗអស់ ១០តៅ ១៥តៅ ហើយ ១តៅ ៣ម៉ឺន ហើយទម្រាំតែជីទៀត ខូចខាតអស់ច្រើនណាស់!»។
មេភូមិស្ទឹង លោក ងួន ប៉ិត បានឲ្យដឹងថា ដំណាំមានសណ្ដែកដី ឪឡឹក ត្រសក់ និងផ្សេងៗទៀត បានងាប់អស់ ២ហិកតា និងក្រៀមរកងាប់ច្រើនហិកតាទៀត ដោយសារកង្វះទឹក។ លោកថា ទឹកក្នុងអាងខ្ពបត្របែក អ្នកគ្រប់គ្រងទឹកគេបិទមិនបង្ហូរមកឃុំអូរសារាយទេ។ គេថា ទឹកនោះរក្សាសម្រាប់ធ្វើស្រែដើមរដូវទៅវិញ។
មេឃុំអូរសារាយ អ៊ី វ៉ាន បានឲ្យដឹងថា ក្នុង១២ភូមិនៃឃុំនោះមានប្រជាជនតែ ២ភូមិទេ ដែលសស្រាក់សស្រាំដាំបន្លែរួមផ្សំ។ ក្នុងដំណាំទាំងនោះកំពុងត្រូវការទឹកចាំបាច់ ប៉ុន្តែអ្នកគ្រប់គ្រងទឹកមិនបើកឲ្យហូរដល់ឃុំអូរសារាយទេ ទើបគាត់ទៅប្រជុំស្នើសុំបើកទឹកនៅថ្នាក់លើ។ ការសម្រេចនៅថ្ងៃនេះថា នឹងរៀបចំបើកទឹក នៅថ្ងៃទី២០ជាងខាងមុខ។
លោក អ៊ី វ៉ាន បានមានប្រសាសន៍ថា ៖ «គេសន្យាដល់ថ្ងៃខាងមុខនេះ ឆាប់ៗគេចាប់ផ្ដើមបញ្ចេញទឹកហ្នឹងហើយ។ ទឹកហ្នឹងសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ហើយសម្រាប់ឲ្យដល់រដូវដើមឆ្នាំ»។
ប្រភពពីប្រជាជននៅស្រុកត្រាំកក់អះអាងថា ទំនប់ខ្ពបត្របែកជាអាងស្តុកទឹកដែលត្រងទឹកពីភ្នំដំរីរមៀល។ ទំនប់នោះត្រូវបានកសាងក្នុងរបបខ្មែរក្រហម។ ក្រោយឆ្នាំ១៩៧៩ ទំនប់ខ្ពបត្របែកត្រូវក្រសួងកសិកម្ម ក្រសួងធនធានទឹក និងរដ្ឋាភិបាល សម្រេចជួសជុលកសាងក្នុងអំឡុងប្រមាណ ៥ឆ្នាំកន្លងមកនេះទេ សម្រាប់ដោះស្រាយទឹកក្នុងតំបន់នោះ ដែលខ្វះទឹកជាប្រចាំក្នុងរដូវប្រាំង៕
