លោក ឆេង ស៊ីដឿន តំណាងប្រជាពលរដ្ឋដែលរងការប៉ះពាល់នោះ បានថ្លែងឲ្យដឹងថា ពួកគាត់មិនជំទាស់ចំពោះការឈូសឆាយពង្រីកផ្លូវជាតិនោះទេ ប៉ុន្តែអ្វីដែលពួកគាត់តវ៉ានោះ គឺចង់បានសំណងមួយដែលសមរម្យសម្រាប់ប្រជាពលរដ្ឋទាំងនោះ។
លោក ឆេង ស៊ីដឿន បានថ្លែងដូច្នេះ ៖ «ខ្ញុំអរណាស់ដែលរដ្ឋាភិបាលពង្រីកផ្លូវឲ្យបានធំហ្នឹង ប៉ុន្តែវាប៉ះពាល់ដល់ផ្ទះខ្ញុំ ហើយគាត់ឲ្យថ្នូរខ្ញុំទៅនៅជ្រៃលាស់ នៅខាងឧត្ដុង្គ និងលុយ ២លានរៀល។ នៅជ្រៃលាស់ហ្នឹង និយាយឲ្យចំទៅគឺវាលរហោស្ថានសុទ្ធ ខ្ញុំមិនអាចទទួលយកបាន»។
អ្នកតវ៉ាម្នាក់ទៀត លោក សឹង ផុន បានថ្លែងថា ប្រជាពលរដ្ឋដែលនៅក្បែរផ្លូវជាតិលេខ៦អា ក្នុងចំណុចគម្រោងពង្រីកផ្លូវនោះ គឺបានប៉ះពាល់គ្រប់គ្នា ប៉ុន្តែផ្ទះរបស់គាត់គឺបានប៉ះពាល់ទាំងស្រុង ៖ «ពួកខ្ញុំមិនប្រឆាំងនឹងរដ្ឋាភិបាលទេ ប៉ុន្តែពួកខ្ញុំយើងខ្ញុំទាំងអស់គ្នាសូមសំណូមពរឲ្យសាលាក្រុង ធ្វើម៉េចឲ្យបានអនុសាសន៍របស់សម្ដេច។ អនុសាសន៍របស់សម្ដេចគឺថា មិនឲ្យប្រជាជនទៅស្លាប់ តែឲ្យពួកខ្ញុំទៅនៅតំបន់ជ្រៃលាស់ ដែលអត់មានអីទាំងអស់ គឺមិនអាចទទួលយកបានទេ»។
លោកបានថ្លែងទៀតថា អាជ្ញាធរនឹងផ្ដល់ដីក្បាល ៦ម៉ែត្រ បណ្ដោយ ១២ម៉ែត្រ នៅតំបន់ដាច់ស្រយាលមួយក្នុងស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ និងទឹកប្រាក់ ២លានរៀលទៀត ដែលធ្វើឲ្យពួកគាត់នឹងប្រឈមមុខការលំបាកប្រកបរបរផ្សេងៗនោះ។
វិទ្យុអាស៊ីសេរី នៅមិនទាន់ទំនាក់ទំនងមន្ត្រីសាលាក្រុងភ្នំពេញ ដើម្បីបញ្ជាក់អំពីការទាមទាររបស់ប្រជាពលរដ្ឋទាំងនោះបាននៅឡើយទេនៅថ្ងៃទី១៣ ខែកក្កដានេះ។ ប៉ុន្តែសាលារាជធានីភ្នំពេញ បានជូនដំណឹងមួយកាលពីចុងខែមេសា ឆ្នាំ២០១០ ថា ជាគោលដៅអភិវឌ្ឍន៍ និងសម្រួលដល់ការធ្វើចរាចរណ៍កាន់តែប្រសើរនោះ គឺអាជ្ញាធរនឹងពង្រីកផ្លូវជាតិលេខ៦អា ចាប់ពីគល់ស្ពានជ្រោយចង្វារ ប៉ែកខាងកើត ដល់មុខក្រសួងសុខាភិបាលថ្មី មានប្រវែង ៤ពាន់ម៉ែត្រ និងស្ថាបនាក្នុងទំហំផ្លូវ ២៧ម៉ែត្រកន្លះ ក្នុងនោះ ផ្លូវអ៊ុតកៅស៊ូទទឹង ៩ម៉ែត្រកន្លះសងខាង សួនកណ្ដាលទទឹង ២ម៉ែត្រកន្លះ និងចិញ្ចើមផ្លូវ ៣ម៉ែត្រសងខាង។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ លោក ឆេង សុភ័ស្ត បានថ្លែងដោយសុំឲ្យអាជ្ញាធរដោះស្រាយឲ្យបានសមរម្យសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងនោះ ៖ «អ្នកដែលបានផ្លូវថ្នល់ជិះស្រួល ហើយអ្នកដែលបាត់បង់ដីធ្លីហ្នឹង ឲ្យគ្នារស់នៅសមរម្យ ចៀសវាងកុំឲ្យមនុស្សមួយចំនួនបានទទួលស្រួល ហើយអ្នកផ្សេងទៀតគ្នាបង្ហូរទឹកភ្នែក...»។
ការអភិវឌ្ឍន៍នៅតំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ ត្រូវមន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ថា អាជ្ញាធរមិនបានផ្ដល់សំណងឲ្យបានសមរម្យដល់អ្នកដែលរងគ្រោះពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលឡើយ៕
