ការព្រងើយកន្តើយពីក្រុមអាជ្ញាធរនោះ បានធ្វើឲ្យព្រៃឈើនៅតំបន់នោះជាច្រើនហិកតាត្រូវកាប់រានដើម្បីយកដីធ្វើជាកម្មសិទ្ធិបុគ្គលឯកជន។
ក្រុមអ្នកភូមិជនជាតិដើម ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី បានឲ្យដឹងថា ពួកគេបានរឹបអូសម៉ាស៊ីនកាត់ឈើស្វ័យប្រវត្តតូចៗ៩គ្រឿងពីក្រុមកម្មករប្រមាណ៣០នាក់កាលពីព្រឹកថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០០៩ ដែលពួកអ្នកកាប់ឈើទាំងនោះកំពុងតែអាររំលំដើមឈើនៅតំបន់ព្រៃក្រងសុទេសដែលអ្នកភូមិអភិរក្ស។
ពុំមានការប៉ះទង្គិចគ្នាក្នុងការបង្ក្រាបពីអ្នកភូមិដែលមានកាំបិតពូថៅក្នុងដៃដើម្បីបណ្តេញកម្មករសង្គ្រោះព្រៃឈើនោះទេ ដោយអ្នកភូមិអះអាងថា ក្រុមកម្មករបាននាំគ្នារត់គេចចេញពីហេតុការណ៍ចូលទៅក្នុងព្រៃ។
អ្នកភូមិឲ្យដឹងថា មន្ត្រីមូលដ្ឋានពុំបានចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនោះទេ។
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក ចាន់ សាវុធ មានប្រសាសន៍ថា លោកនឹងចាត់មន្ត្រីជំនាញព្រៃឈើឲ្យទៅពិនិត្យហេតុការណ៍នេះ។
សូមស្ដាប់សេចក្ដីរាយការណ៍លម្អិតទាក់ទងនឹងបញ្ហាខាងលើនេះ ៖ ស្ដាប់សំឡេង
