ស្ត្រីវ័យចំណាស់មួយរូបរស់នៅឃុំជ័យជោគ មានប្រសាសន៍មិនបញ្ចេញឈ្មោះឲ្យដឹងថា ការដែលរូបគាត់ទៅរារាំង ឬស្រែកជេរគណៈប្រតិភូគណបក្ស សម រង្ស៊ី ទៅពិនិត្យការបោះបង្គោលព្រំដែនលេខ ២៧០ គឺត្រូវអាជ្ញាធរមូលដ្ឋានបង្ខំ និងខ្លាចអាជ្ញាធរវៀតណាមមកធ្វើបាប។
ស្ត្រីរូបនេះមានប្រសាសន៍ដូច្នេះ ៖ «ខ្លាចងាប់ដែរហ្នឹង។ អ្នកល្ងង់អ៊ីចឹងហើយ គេប្រើតែអ្នកល្ងង់ទេ...»។
ស្ត្រីវ័យកណ្តាលម្នាក់ទៀតសុំមិនប្រាប់ឈ្មោះ ឲ្យដឹងថា រូបគាត់ត្រូវបានសមត្ថកិច្ចជួលក្នុងតម្លៃ៥ពាន់រៀល ជាថ្នូរឲ្យជួយរាំងខ្ទប់តំណាងរាស្ត្របក្ស សម រង្ស៊ី មិនឲ្យទៅពិនិត្យមើលការបោះបង្គោលព្រំដែនលេខ ២៧០ ដោយសមត្ថកិច្ចប្រាប់ថា តំណាងរាស្ត្រទាំងនោះទៅធ្វើបាតុកម្ម និងបង្កផលលំបាកដល់ពលរដ្ឋក្នុងមូលដ្ឋានទៅថ្ងៃអនាគត។
ក្រុមប្រជាពលរដ្ឋជាច្រើនទៀត បានបញ្ជាក់ឲ្យវិទ្យុអាស៊ីសេរី ដឹងកាលពីថ្ងៃទី១២ ខែមិថុនា ពីមូលហេតុនាំឲ្យពលរដ្ឋធ្វើការរារាំងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូតំណាងរាស្ត្របក្ស សម រង្ស៊ី ដូច្នេះ ៖ «ខ្លាចគេ មិនដឹងធ្វើម៉េច គេបង្ខំយើងឲ្យទៅធ្វើអ៊ីចឹង។ ខ្មែរគ្នាឯងគេបង្ខំ...»។
បុរសម្នាក់ផ្សេងទៀតស្នើមិនប្រាប់ឈ្មោះឲ្យដឹងថា ភាពល្ងឹតល្ងង់ និងការគំរាមកំហែង ជាមូលហេតុនាំឲ្យពលរដ្ឋទទួលសំណូក លើកគ្នាទៅរារាំងតំណាងរាស្ត្របក្ស សម រង្ស៊ី មិនឲ្យចុះពិនិត្យបង្គោលព្រំដែនលេខ ២៧០ កាលពីថ្ងៃទី៣ ខែមិថុនា។
បុរសរូបនេះបានឲ្យដឹងទាំងប្រុងប្រយ័ត្នមកកាន់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីថា ពលរដ្ឋនៅឃុំជ័យជោគ ជាប់ព្រំដែនវៀតណាម ក្រៅពីរងការគំរាមពីសមត្ថកិច្ចខ្លួនឯង ពលរដ្ឋក៏ទទួលរងការគំរាមពីអាជ្ញាធរវៀតណាម ថែមទៀត ទើបពលរដ្ឋមិនហ៊ានប្រឆាំងសមត្ថកិច្ច និងយល់ព្រមធ្វើទៅតាមការចង់បានរបស់អាជ្ញាធរ។
ទោះយ៉ាងនេះក្តី សម្រាប់អាជ្ញាធរឃុំជ័យជោគ បានបដិសេធថា សមត្ថកិច្ចមិនបានជួល ឬគំរាមដល់ពលរដ្ឋរស់នៅឃុំជ័យជោគ ឲ្យបិទផ្លូវតំណាងរាស្ត្របក្ស សម រង្ស៊ី ទៅពិនិត្យមើលបង្គោលព្រំដែនលេខ ២៧០ កាលពីថ្ងៃទី៣ ខែមិថុនា នោះទេ។
សមត្ថកិច្ចឃុំជ័យជោគម្នាក់ បានឲ្យវិទ្យុអាស៊ីសេរី ដឹងក្នុងលក្ខខណ្ឌមិនប្រាប់ឈ្មោះ ពីមូលហេតុដែលពលរដ្ឋហាមឃាត់គណៈប្រតិភូបក្ស សម រង្ស៊ី កាលពីថ្ងៃទី៣ ខែមិថុនា គឺពលរដ្ឋស្ម័គ្រចិត្តដោយខ្លួនឯង មិនមានការបង្ខិតបង្ខំ ឬជួលពីសមត្ថកិច្ចឡើយ ព្រោះពលរដ្ឋបារម្ភខ្លាចផលស្រូវកំពុងប្រមូលមិនមានឈ្មួញវៀតណាម ចូលមកទិញ នាំឲ្យពួកគាត់ខាតប្រយោជន៍។
ទោះជាបែបនេះក្តី ពលរដ្ឋនៅឃុំជ័យជោគ បានអះអាងថា ពួកគាត់ត្រូវបានសមត្ថកិច្ចជួលក្នុងម្នាក់ៗចំនួន ៥ពាន់ ទៅ ១ម៉ឺនរៀល ដើម្បីផ្អាកដំណើរមកដល់របស់តំណាងរាស្ត្របក្ស សម រង្ស៊ី មិនឲ្យទៅពិនិត្យការបោះបង្គោលព្រំដែនលេខ ២៧០ យ៉ាងពិតប្រាកដ។
កាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅនេះ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចំនួន ១៦រូប បានធ្វើដំណើរទៅពិនិត្យមើលការបោះតម្រុយបង្គោលព្រំដែនលេខ ២៧០ នៅភូមិអញ្ចាញ ឃុំជ័យជោគ ស្ថិតនៅស្រុកបុរីជលសា ខេត្តតាកែវ ប៉ុន្តែត្រូវបានរារាំងដោយអាជ្ញាធរ និងពលរដ្ឋ។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យ និងជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដែលបានដឹកនាំក្រុមតំណាងរាស្ត្រចុះពិនិត្យមើលការបោះតម្រុយបង្គោលព្រំដែនលេខ ២៧០ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី១៣ ខែមិថុនា ដោយចាត់ទុកការបោះបង្គោលព្រំដែន ២៧០ ថា បានរំលោភដល់បូរណភាពទឹកដីកម្ពុជា និងធ្វើឲ្យបាត់ដីស្រែពលរដ្ឋច្រើនហិកតា។
លោក យឹម សុវណ្ណ បន្តថា តំណាងរាស្ត្របក្ស សម រង្ស៊ី មិនបានចាប់ទោសចំពោះពលរដ្ឋមករារាំងតំណាងរាស្ត្រនោះទេ ព្រោះដឹងច្បាស់ថា ពលរដ្ឋត្រូវបានអាជ្ញាធរបង្ខំ និងមានការគំរាមកំហែង ទើបពួកគាត់ធ្វើដូច្នេះ។
លោក យឹម សុវណ្ណ មានប្រសាសន៍ដូច្នេះ ៖ «ប្រជាពលរដ្ឋត្រូវបានគេបង្ខំ ត្រូវបានគេទិញទឹកចិត្ត ហើយខ្ញុំជឿថា គាត់នឹងមានវិប្បដិសារី ពីព្រោះមិនដែលមានខ្មែរឯណាដែលមិនស្រលាញ់ទឹកដីរបស់ខ្លួនទេ ហើយអ្វីដែលគាត់ធ្វើហ្នឹង គាត់មានការស្ដាយក្រោយហើយ។ គាត់ធ្វើទាំងបង្ខំ ទាំងផ្លូវកាយ ផ្លូវចិត្ត ពីព្រោះមានករណីខ្លះ គាត់ត្រូវបានគេគំរាមកំហែង»។
នៅថ្ងៃទី១៣ ខែមិថុនានេះ លោក រ៉ុង ឈុន តំណាងឃ្លាំមើលព្រំដែនកម្ពុជា បានចុះទៅពិនិត្យបង្គោលព្រំដែនលេខ ២៧០ នៅឃុំជ័យជោគ ហើយត្រូវបានសមត្ថកិច្ចរារាំង។ លោកបានចាត់ទុកការបោះបង្គោលព្រំដែនថា បានបង្កប់អាថ៌កំបាំងគួរឲ្យសង្ស័យ ព្រោះអាជ្ញាធរគ្រប់ជាន់ថ្នាក់បានព្យាយាមលាក់លៀមរឿងនេះ។
លោក រ៉ុង ឈុន មានប្រសាសន៍ដូច្នេះ ៖ «ប្រធានគណៈកម្មការថា ការបោះបង្គោលព្រំដែនមិនបានចូលទឹកដីកម្ពុជាទេ។ បើប្រាកដថា មិនបានចូលទឹកដីកម្ពុជា ត្រូវតែបើកចំហឲ្យប្រជាពលរដ្ឋ អ្នកតំណាងរាស្រ្ដ សង្គមស៊ីវិលអីបានទៅមើលដោយសេរីទៅ មិនចាំបាច់ប្រើប្រាស់កម្លាំងមករារាំងបែបហ្នឹងទេ។ ការដែលរារាំងវាមានមន្ទិលសង្ស័យ ហើយប្រាកដជាការបោះបង្គោលហ្នឹងមិនមានភាពប្រក្រតីហើយ»។
ពលរដ្ឋរស់នៅឃុំជ័យជោគ បានអះអាងដូចៗគ្នាថា ពួកគាត់ព្រួយបារម្ភខ្លាចបាត់បង់ដីធ្វើស្រែធ្លាប់បង្កបង្កើនផល កើតពីការបោះបង្គោលកំណត់ព្រំដែនកម្ពុជា-វៀតណាម នៅខេត្តតាកែវ អាចបណ្តាលឲ្យដីស្រែច្រើនហិកតារបស់ពួកគាត់ត្រូវបាត់បង់។ អ្នកស្រុកបានអះអាងថា ការបោះបង្គោលលេខ ២៧០ នៅភូមិអញ្ចាញ កន្លងមក បានបោះចូលក្នុងដីខ្មែរជាង ១៥០ម៉ែត្រទៅហើយនោះ។
យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានអះអាងឲ្យវិទ្យុអាស៊ីសេរី ដឹងថា ការបោះតម្រុយបង្គោលព្រំដែនលេខ ២៧០ កម្ពុជា-វៀតណាម នៅខេត្តតាកែវ មិនបានធ្វើឲ្យប៉ះពាល់ដល់ដីស្រែពលរដ្ឋ ឬបាត់បង់ទឹកដីកម្ពុជាឡើយ។ លោកចាត់ទុកសកម្មភាពរបស់មន្ត្រីបក្សប្រឆាំងទិតៀនទៅលើការងាររបស់មន្ត្រីជំនាញព្រំដែនថា គឺជារនាំងក្នុងការពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសជិតខាងកម្ពុជា៕