ប្រជាសហគមន៍​រង​ការ​គំរាម​ពី​ម្ចាស់​ឈើ​ប្រណីត​ខុស​ច្បាប់​នៅ​រតនគិរី

ប្រជាសហគមន៍​ភូមិ​មួង ឃុំ​ប៉ុង ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ពួកគាត់​រង​ការ​គំរាម​កំហែង​ដោយ​ពាក្យ​សម្ដី​ប្រមាថ​ពី​អ្នក​ស្រុក​ជា​ម្ចាស់​លាក់​ឈើ​ប្រណីត​ខុស​ច្បាប់​ក្នុង​ព្រៃ ហើយ​ត្រូវ​ប្រជា​សហគមន៍​រក​ឃើញ​និង​រាយ​ការណ៍​ជូន​មន្ត្រី​ព្រៃឈើ​ទៅ​រឹប​អូស​យក។

0:00 / 0:00

តំណាង​សហគមន៍ លោក ខៃ ខាវ មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​សុក្រ ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១០​ថា បុរស​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ឈ្មោះ ជាង ថៃ ជា​អ្នក​លាក់​ឈើ​ខុស​ច្បាប់​បាន​មក​ដល់​ផ្ទះ​លោក ហើយ​បោះ​ពាក្យ​សម្ដី​ប្រមាថ​ក្នុង​ន័យ​គំរាម​មក​លើ​អ្នក​ភូមិ ៖ «គេ​មក​គំរាម គេ​ថា បើ​ខ្លាំង​ធ្វើ​ទៀត​មើល៍!»

តំណាង​សហគមន៍​ម្នាក់​ទៀត លោក ឡា ប៊ុនប៉េង មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​សកម្មភាព​អាង​អំណាច ៖ «នេះ​ជា​ការ​គំរាម​ពិត​ប្រាកដ ធ្វើ​ខុស​ហើយ​មក​គំរាម​ទៀត»

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​(១១ កុម្ភៈ)​កន្លង​ទៅ​នេះ ក្រុម​សហគមន៍​មាន​គ្នា​ជាង​១០​នាក់​រួម​ជាមួយ​សកម្មជន​សមាគម​អាដហុក និង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​បាន​ទៅ​ដល់​ទីតាំង​លាក់​ឈើ​ប្រណីត​នាងនួន​ជា​ច្រើន​គំនរ​ដែល​គេ​អារ​ជា​បួន​ជ្រុង មាន​មុខ​កាត់​ពី​២០​ទៅ​៣០​សង់ទីម៉ែត្រ បណ្តោយ​២,២០​ម៉ែត្រ មាន​ចំនួន​១៥៧​ដើម លាក់​ក្រោម​មែក​ឈើ​ក្នុង​ព្រៃ​មួយ​ចម្ងាយ​២៥០​ម៉ែត្រ ខាង​កើត​ក្រៅ​ផ្លូវ​ចូល​បរិវេណ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​គិរីអភិវឌ្ឍន៍​ចម្ងាយ​ពី​ផ្ឡូវ​ចូល​ក្រុមហ៊ុន​ប្រមាណ​មួយ​គីឡូម៉ែត្រ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លោក ជាង ថៃ ដែល​សហគន៍​ចោទ​ប្រកាន់​ដើម្បី​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​អ្នក​ទទួល​ទូរស័ព្ទ​លោក​ប្រាប់​ថា​លោក​មិន​នៅ​ផ្ទះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ (១១ កុម្ភៈ) ខណៈ​ក្រុម​មន្ត្រី​ព្រៃឈើ​កំពុង​រឹប​អូស​ឈើ​ដែល​អ្នក​ភូមិ​រក​ឃើញ​លាក់​ក្នុង​ព្រៃ លោក ឡុង ថៃ និង​បក្ខពួក​មាន​គ្នា​សរុប​៤​នាក់ បាន​មក​កាន់​ទី​កើត​ហេតុ​ហើយ​អះអាង​ថា ឈើ​នោះ​ជា​របស់​ពួកគេ​លាក់​ទុក​បន្ទាប់​ពី​ពួកគេ​បាន​ចំណាយ​ប្រាក់​១.៨០០​ដុល្លារ​សូក​ប៉ាន់​ឲ្យ​ទៅ​ក្រុម​សមត្ថកិច្ច​នៅ​មូលដ្ឋាន​និង​ក្រុម​សមត្ថកិច្ច​មក​ពី​ថ្នាក់​ជាតិ ដែល​បាន​ចាប់​ឈើ​នោះ​ម្តង​រួច​ហើយ​កាល​ពី​សប្តាហ៍​មុន ៖ «ឈើ​ហ្នឹង​គេ​ចាប់​ម្ដង​ហើយ​កាល​ពី​ថ្ងៃ​មុន​អស់​១.៨០០​(ដុល្លារ)​ហើយ ហើយ​គេ​យក​មក​លាក់​នៅ​ហ្នឹង​កុំ​ឲ្យ​ឃើញ។ មិន​មែន​ថា​មិន​បង់​មិន​អី​ទេ បង់​ដូច​តែ​គ្នា​ហ្នឹង»

អភិបាល​ស្រុក​វ៉ឺនសៃ លោក ជុំ ងិល មាន​ប្រសាសន៍​ថា ក្រុម​សហគមន៍​បាន​ផ្តល់​របាយការណ៍​ពី​ការ​គំរាម​ប្រមាថ​ពី​ម្ចាស់​ឈើ​នោះ​ហើយ ៖ «មាន​ភស្តុតាង​គ្រប់គ្រាន់​អាហ្នឹង​ចោទ​ប្ដឹង​តាម​ផ្លូវ​ច្បាប់​ទៅ ព្រោះ​វា​ល្មើស​ច្បាប់​ហើយ​មក​គំរាម​យ៉ាង​ម៉េច»

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ (១១ កុម្ភៈ) មន្ត្រី​ព្រៃឈើ​បាន​ធ្វើការ​ដឹក​ជញ្ជូន​ឈើ​ដែល​រឹប​អូស​បាន​នោះ​ជិត​៨០​ដើម​មក​រក្សា​ទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​ស្រុក​វ៉ឺនសៃ ហើយ​ឈើ​នៅ​សល់​ក្នុង​ព្រៃ​ប្រមាណ​៨០​ដើម​ទៀត​ត្រូវ​គេ​លួច​ដឹក​ជញ្ជូន​យក​ចេញ​ទៅ​បាត់​ដោយសារ​តែ​មន្ត្រី​ព្រៃឈើ​មិន​អាច​ទទួល​ខុស​ត្រូវ​រក​អ្នក​យាម​ការពារ​ឈើ​នោះ​បាន។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​ឈើ​អស់​ហើយ ដូច្នេះ​វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​មន្ត្រី​ពាក់ព័ន្ធ​ដែល​ត្រូវ​សើប​អង្កេត​ទៅ​លើ​ម្ចាស់​ឈើ​ដែល​ប្រើ​អំណាច​គំរាម​សហគមន៍​និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ហើយ​ចាត់​វិធានការ​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នក​ប្រព្រឹត្ត​ខុស៕