ប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ រស់នៅជាច្រើនភូមិក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននាំគ្នាមកតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ ដើម្បីសុំសិទ្ធិកាន់កាប់ និងធ្វើការដាំដុះលើដីរបស់ខ្លួនដែលកំពុងគ្រប់គ្រង ។
លោក អាន ណារិទ្ធ អាយុ៣៩ឆ្នាំតំណាងប្រជាពលរដ្ឋទាំង៧១៩គ្រួសារ បានមានប្រសាសន៍ឲ្យដឹងថា លោកទាមទាមឲ្យមានការដោះស្រាយទំនាស់រវាងប្រជាពលរដ្ឋចំនួន ៣ឃុំ គឺឃុំព្រែកកក់ ឃុំអូរម្លូ ឃុំអារក្សត្នោត ក្នុងស្រុកស្ទឹងត្រង់ ជាមួយក្រុមហ៊ុនក្នុងទំហំដីជិត ៨៤៨ហិកតា ដែលបានអូសបន្លាយតាំងពីដើមឆ្នាំ២០០៨មកនោះ ។
លោក អាន ណារិទ្ធ បានឲ្យដឹងថា ៖ «មានខ្លះគេឈូសចោល ខ្លះកាប់បំផ្លាញចោលខ្លះ ហើយនិងដីមួយចំនួនគេអត់ឲ្យចូលទៅយើងសម្អាតទេ នៅព្រៃញ៉ុក ហើយចង់ដាំដំឡូងក៏គេមិនឲ្យដាំដែរ ចង់ដាំអីគេមិនឲ្យដាំ និយាយរួមគេមិនឲ្យចូលតែម្ដង ។ សំណូមពរសូមឲ្យសម្ដេចជួយដោះស្រាយផ្ទៃដី ទី១ផ្ដល់កម្មសិទ្ធិស្របច្បាប់ ទី២ ឲ្យបងប្អូនយើងចូលបង្កបង្កើនផលឲ្យបានគ្រប់ៗគ្នា ព្រោះឥឡូវដល់រដូវវស្សាបង្កបង្កើនផលហើយ» ។
លោកបានឲ្យដឹងទៀតថា ក្រុមប្រជាពលរដ្ឋបានធ្វើការតវ៉ាជាច្រើនលើកមកហើយ ក៏ប៉ុន្តែពុំមានការដោះស្រាយនោះទេ ។ លោក អាន ណារិទ្ធ បានបញ្ជាក់ទៀតថា បើទោះបីជាប្រជាពលរដ្ឋមួយចំនួនមានលិខិតកាន់កាប់កម្មសិទ្ធិដីទាំងនោះពីអាជ្ញាធរដែនដីរួចហើយក៏ដោយ ក៏ត្រូវក្រុមហ៊ុន ឡុង ស្រេង រំលោភយកដែរ ។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះ លោក ហេង ឡុង អគ្គនាយកក្រុមហ៊ុន ឡុង ស្រេង ដែលអភិវឌ្ឍចម្ការកៅស៊ូបឹងកេត បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនរបស់លោក អភិវឌ្ឍតែលើប្លង់ដែលរដ្ឋាភិបាលប្រគល់ឲ្យតែប៉ុណ្ណោះ ។
លោក ហេង ឡុង បានមានប្រសាសន៍ថា ៖ «ពេលដែលខ្ញុំចូលទៅកាន់កាប់ ឧកញ៉ា ស៊ុម វណ្ណា ហើយជាមួយរដ្ឋាភិបាល និងក្រសួងកសិកម្មផ្ទេរឲ្យខ្ញុំចំនួន ៧៣៧៨ហិកតា ។ ឥឡូវដល់ពេលខ្ញុំចូលមកកាន់កាប់ហ្នុង វាស្រាប់តែមាន ភាគច្រើនបុគ្គលិកក្រុមហ៊ុនចាស់ហ្នឹង គេថាដីគេរំលោភ ។ ដល់អ៊ីចឹងខ្ញុំចេះតែឆ្ងល់ថា បើខ្ញុំចប់អាណត្តិដែលខ្ញុំជួលរដ្ឋាភិបាល បើចេះតែរំលោភអ៊ីចឹង ហើយដល់ពេលចប់អាណត្តិទៅ តើខ្ញុំមានដីឯណាទៅសងរដ្ឋាភិបាលបើខ្ញុំទើបមកថ្មីនេះ ខ្ញុំមិនមែនអ្នករំលោភឯណា...» ។
លោក ហេង ឡុង បានបញ្ចាក់ទៀតថា ក្រុមហ៊ុនរបស់លោកមិនទាន់បានឈូសឆាយនៅឡើយទេ ដោយទុកឲ្យរដ្ឋាភិបាលធ្វើការដោះស្រាយសិន ។
ចំណែកឯលោក លឹម លៀងសែ នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា លោកបានទទួលពាក្យបណ្តឹងប្រជាពលរដ្ឋនេះហើយ ហើយនឹងដោះស្រាយក្នុងពេលឆាប់ៗនេះ ។
លោក លឹម លៀងសែ បានមានប្រសាសន៍ថា ៖ «បានទទួលបណ្ដឹងរបស់គាត់ហើយ ប៉ុន្តែខាងអាជ្ញាធរបន្តិចទៀតគេនឹងចុះពិនិត្យមើលដល់កន្លែងហើយនៅដើមសប្តាហ៍ក្រោយហ្នឹង យ៉ាងម៉េចៗទៅពិនិត្យមើលទីតាំងសិន...» ។
រីឯលោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា មកតវ៉ារឿងទំនាស់ដីធ្លី នៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការកើនឡើងដោយសាតែរដូវដាំដុះកាន់តែខិតជិតមកដល់ ហើយបើការតវ៉ានោះមិនមានដំណោះស្រាយ ប្រជាពលរដ្ឋនឹងប្រឈមមុខនឹងការខ្វះស្បៀងអាហារនៅឆ្នាំក្រោយ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ពលរដ្ឋ២៣គ្រួសារនៅកំពង់ឆ្នាំងចោទថាក្រុមទាហានរំលោភយកដី
អ្នកភូមិជ័យសេនាដែលត្រូវបណ្ដេញចេញទីដី បារម្ភខ្លាចមិនបានបោះឆ្នោត
ពលរដ្ឋនៅកំពង់ចាមមកតវ៉ារឿងដីធ្លីដល់ផ្ទះនាយករដ្ឋមន្ត្រី
មន្ត្រីតុលាការខេត្តពោធិ៍សាត់រងការចោទថារំលោភយកដីពលរដ្ឋ
អាជ្ញាធរខេត្តកំពង់ស្ពឺបញ្ជាឲ្យក្រុមយោធាបញ្ឈប់ការបំពានយកដីអ្នកស្រុក
អ្នកភូមិខ្លះនៅភូមិតាកែនខេត្តកំពតចាកចេញពីដីដោយខ្លាចទាហាន
ជម្លោះដីធ្លីរវាងអ្នកភូមិនិងក្រុមយោធានៅស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ
អ្នកភូមិនៅឃុំតាកែនស្រុកឈូកដែលប្រឈមនឹងការរុះរើផ្ទះសម្ដែងការអស់សង្ឃឹម
អាជ្ញាធរខែត្រកំពតបង្កើនសកម្មភាពរុះរើផ្ទះពលរដ្ឋនៅឃុំតាកែន