អ្នកភូមិ​នៅ​កំពង់ចាម​មក​តវ៉ា​បញ្ហា​ដីធ្លី​ដល់​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី

ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២០០​នាក់ រស់នៅ​ជា​ច្រើន​ភូមិ​ក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា​នេះ ដើម្បី​សុំ​សិទ្ធិ​កាន់កាប់ និង​ធ្វើការ​ដាំ​ដុះ​លើ​ដី​របស់​ខ្លួន​ដែល​កំពុង​គ្រប់គ្រង ។

0:00 / 0:00

លោក អាន ណារិទ្ធ អាយុ​៣៩​ឆ្នាំ​តំណាង​ប្រជាពលរដ្ឋ​ទាំង​៧១៩​គ្រួសារ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​ទាមទាម​ឲ្យ​មាន​ការ​ដោះស្រាយ​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ចំនួន ៣​ឃុំ គឺ​ឃុំ​ព្រែកកក់ ឃុំ​អូរម្លូ ឃុំ​អារក្សត្នោត ក្នុង​ស្រុក​ស្ទឹងត្រង់ ជាមួយ​ក្រុមហ៊ុន​ក្នុង​ទំហំ​ដី​ជិត ៨៤៨​ហិកតា ដែល​បាន​អូស​បន្លាយ​តាំងពី​ដើម​ឆ្នាំ២០០៨​មក​នោះ ។

លោក អាន ណារិទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «មាន​ខ្លះ​គេ​ឈូស​ចោល ខ្លះ​កាប់​បំផ្លាញ​ចោល​ខ្លះ ហើយនិង​ដី​មួយ​ចំនួន​គេ​អត់​ឲ្យ​ចូល​ទៅ​យើង​សម្អាត​ទេ នៅ​ព្រៃ​ញ៉ុក ហើយ​ចង់​ដាំ​ដំឡូង​ក៏​គេ​មិន​ឲ្យ​ដាំ​ដែរ ចង់​ដាំ​អី​គេ​មិន​​ឲ្យ​ដាំ និយាយ​រួម​គេ​មិន​ឲ្យ​ចូល​តែម្ដង ។ សំណូមពរ​សូម​ឲ្យ​សម្ដេច​ជួយ​ដោះស្រាយ​ផ្ទៃ​ដី ទី១​ផ្ដល់​កម្មសិទ្ធិ​ស្រប​ច្បាប់ ទី​២ ឲ្យ​បង​ប្អូន​យើង​ចូល​បង្កបង្កើន​ផល​ឲ្យ​បាន​គ្រប់ៗ​គ្នា ព្រោះ​ឥឡូវ​ដល់​រដូវ​វស្សា​បង្កបង្កើន​ផល​ហើយ»

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ប្រជាពលរដ្ឋ​បាន​ធ្វើការ​តវ៉ា​ជា​ច្រើន​លើក​មកហើយ ក៏ប៉ុន្តែ​ពុំ​មាន​ការ​ដោះស្រាយ​នោះ​ទេ ។ លោក អាន ណារិទ្ធ បាន​បញ្ជាក់​ទៀត​ថា បើទោះបីជា​ប្រជាពលរដ្ឋ​មួយចំនួន​មាន​លិខិត​កាន់កាប់​កម្មសិទ្ធិ​ដី​ទាំង​នោះ​ពី​អាជ្ញាធរ​ដែន​ដី​រួច​ហើយ​ក៏ដោយ ក៏​ត្រូវ​ក្រុមហ៊ុន ឡុង ស្រេង រំលោភ​យក​ដែរ ។

ឆ្លើយតប​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​នេះ លោក ហេង ឡុង អគ្គនាយក​ក្រុមហ៊ុន ឡុង ស្រេង ដែល​អភិវឌ្ឍ​ចម្ការ​កៅស៊ូ​បឹងកេត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក អភិវឌ្ឍ​តែ​លើ​ប្លង់​ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​តែ​ប៉ុណ្ណោះ ។

លោក ហេង ឡុង បាន​មាន​ប្រសាសន៍​ថា ៖ «ពេល​ដែល​ខ្ញុំ​ចូល​ទៅ​កាន់កាប់ ឧកញ៉ា ស៊ុម វណ្ណា ហើយ​ជាមួយ​រដ្ឋាភិបាល និង​ក្រសួង​កសិកម្ម​ផ្ទេរ​ឲ្យ​ខ្ញុំ​ចំនួន ៧៣៧៨​ហិកតា ។ ឥឡូវ​ដល់​ពេល​ខ្ញុំ​ចូល​មក​កាន់​កាប់​ហ្នុង វា​ស្រាប់​តែ​មាន ភាគច្រើន​បុគ្គលិក​ក្រុមហ៊ុន​ចាស់​ហ្នឹង គេ​ថា​ដី​គេ​រំលោភ ។ ដល់​អ៊ីចឹង​ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា បើ​ខ្ញុំ​ចប់​អាណត្តិ​ដែល​ខ្ញុំ​ជួល​រដ្ឋាភិបាល បើ​ចេះ​តែ​រំលោភ​អ៊ីចឹង ហើយ​ដល់​ពេល​ចប់​អាណត្តិ​ទៅ តើ​ខ្ញុំ​មាន​ដី​ឯណា​ទៅ​សង​រដ្ឋាភិបាល​បើ​ខ្ញុំ​ទើប​មក​ថ្មី​នេះ ខ្ញុំ​មិន​មែន​អ្នក​រំលោភ​ឯណា...»

លោក ហេង ឡុង បាន​បញ្ចាក់​ទៀត​ថា ក្រុមហ៊ុន​របស់​លោក​មិន​ទាន់​បាន​ឈូស​ឆាយ​នៅឡើយ​ទេ ដោយ​ទុក​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ដោះស្រាយ​សិន ។

ចំណែកឯ​លោក លឹម លៀងសែ នាយក​រង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ពាក្យបណ្តឹង​ប្រជាពលរដ្ឋ​នេះ​ហើយ ហើយ​នឹង​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​នេះ ។

លោក លឹម លៀងសែ បាន​មាន​ប្រសាសន៍​ថា ៖ «បាន​ទទួល​បណ្ដឹង​របស់​គាត់​ហើយ ប៉ុន្តែ​ខាង​អាជ្ញាធរ​បន្តិច​ទៀត​គេ​នឹង​ចុះ​ពិនិត្យ​មើល​ដល់​កន្លែង​ហើយ​នៅ​ដើម​សប្តាហ៍​ក្រោយ​ហ្នឹង យ៉ាង​ម៉េចៗ​ទៅ​ពិនិត្យ​មើល​ទី​តាំង​សិន...»

រីឯ​លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​នានា មក​តវ៉ា​រឿង​ទំនាស់​ដីធ្លី នៅ​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ការ​កើន​ឡើង​ដោយសា​តែ​រដូវ​ដាំដុះ​កាន់តែ​ខិត​ជិត​មកដល់ ហើយ​បើ​ការ​តវ៉ា​នោះ​មិន​មាន​ដំណោះស្រាយ ប្រជាពលរដ្ឋ​នឹង​ប្រឈមមុខ​នឹង​ការ​ខ្វះ​ស្បៀង​អាហារ​នៅ​ឆ្នាំ​ក្រោយ ៕